គូសង្សារ ឬប្តី-ប្រពន្ធមិនហ៊ានទៅលេងវត្តភ្នំទេ ព្រោះខ្លាចព្រាត់ប្រាស់គ្នា ។ នេះគឺជាអបិយជំនឿមួយតាំងពីយូរណាស់មកហើយ។ តាមការឮតៗគ្នាថា រមណីយដ្ឋានវត្តភ្នំគេមិនឱ្យអ្នកមានគូស្នេហ៍ ទៅកម្សាន្តឡើយដោយសារលោកយាយពេញ ដែលជាអ្នកផ្តួចផ្តើមកសាងវត្តភ្នំនឹងពង្រាត់ពួកគេ។ 

តើមហាជនយល់បែបណាចំពោះអបិយជំនឿនោះ និងតើវាពិតជាត្រឹមត្រូវទេ ? 
លោកវុទ្ធី មានវ័យជាង៥០ឆ្នាំ ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និយាយកាលពីថ្ងៃទី៥ សីហាថា តាមពិតពាក្យនេះគាត់ធ្លាប់ឮយូរមកហើយ តែវាជាការពិតឬយ៉ាងណានោះលោកមិនអាចនិយាយបានទេ ។  លោកយល់ថាអបិយជំនឿនេះប្រហែល ជាគេនិយាយឡើងតាមការកត់សម្គាល់ឃើញ ជាក់ស្តែងរបស់ពួកគេ  ហេតុនេះមនុស្សមួយចំនួនជឿរឿងនេះតៗគ្នា មកដល់បច្ចុប្បន្ន។ 
សម្រាប់រូបលោកផ្ទាល់យល់ថា  ការនិយាយនេះគឺគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ ព្រោះទីនោះជាទីសក្ការបូជាដែលប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នករស់នៅតាមបណ្តាខេត្តតែងតែទៅបន់ស្រន់ វាមិនមែនជាទីកន្លែងផ្តល់ការភ័យខ្លាចទេ។

លោកវុទ្ធី សន្និដ្ឋានថា គេបង្កើតពាក្យនេះឡើងអាចមកពីគេចង់ដាស់តឿន និងបំភ័យដល់អ្នកដែលមានគូស្នេហ៍កុំឱ្យទៅវត្តភ្នំ ដើម្បីឱបរឹតគ្នាខុសច្បាប់ប្រពៃណី ហើយវាមិនសមភ្នែកសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលតែងតែទៅកម្សាន្តនៅទីនោះ ។
ចំណែកលោកពៅ  ដែលតែងតែទៅហាត់ប្រាណនៅ រមណីយដ្ឋានវត្តភ្នំនិយាយថា  អបិយជំនឿនេះ លោកក៏ធ្លាប់ឮគេនិយាយដែរ តែលោកមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ  ព្រោះលោកគិតថាវាគ្រាន់តែជាការនិយាយតៗគ្នាប៉ុណ្ណោះ ។ ចំណែកវាជាការពិត ឬយ៉ាងណានោះ គឺគ្មានអ្នកណាម្នាក់ចេញមកអះអាងឡើយ ។ ទោះបីជាយ៉ាងណាក្តី លោកមិនជឿថា អបិយជំនឿនេះជាការពិតឡើយ ព្រោះវាគ្រាន់តែជាការនិយាយពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ។

កញ្ញាសុខគា ជានិស្សិតនិយាយថា អបិយជំនឿនេះនាងបានឮចាស់ៗនិយាយ តែមិនដឹងថា វាជាការពិតឬយ៉ាងណាទេ ព្រោះនាងមិនដែលនាំមនុស្សដែលខ្លួនស្រឡាញ់ទៅលេងទីនោះឡើយ ។ ភាគច្រើនដែលនាងទៅលេងទីនោះគឺច្រើនទៅជាក្រុមមិត្តភក្តិដែលរៀនជាមួយគ្នា ។ កញ្ញានិស្សិតរូបនេះបញ្ជាក់ថា បើទោះបីជាការពិត ឬមិនមែនជាការពិតក៏ដោយ ក៏នាងនៅតែមានការខ្លាចរអាមិនហ៊ាន នាំគូស្នេហ៍ទៅកម្សាន្តនៅទីនោះឡើយ ព្រោះខ្លាចដូចពាក្យគេនិយាយមែន។ នាងលើកហេតុផលថា «អបិយជំនឿនេះអាចត្រូវទៅតាមដំណើររឿងលោកយាយពេញ ជាស្ត្រីមេម៉ាយព្រាត់បែកពីប្តី ដូច្នេះ បើមានអ្នកណាមានគូស្នេហ៍ទៅស្បថស្បែនៅ    ទីនោះគឺគាត់មិនពេញចិត្តឡើយ ព្រោះគាត់ច្រណែន គាត់អាចខឹង ហើយដាក់បណ្តាសាឱ្យព្រាត់ប្រាស់គ្នាដូចគាត់ដែរ» ។

លោកវ៉ាន់ លី អាយុជាង៤០ឆ្នាំបានមានប្រសាសន៍ថា ថ្វីដ្បិតគាត់ជាអ្នករស់នៅភ្នំពេញមែន តែគាត់មិនសូវបានទៅលេងនៅរមណីយដ្ឋានវត្តភ្នំឡើយ ។ ភាគច្រើនដែលគាត់ទៅទីនោះគឺដោយសារគាត់នាំកូនទៅលេងនៅសួនកុមារដែលនៅក្បែរវត្តភ្នំ ហើយពេលខ្លះគាត់ក៏បង្ហួសទៅអង្គុយលេងនៅបង់វត្តភ្នំដើម្បីស្រូបយកខ្យល់អាកាស ។លោកលីបញ្ជាក់ថា ចំពោះអបិយជំនឿដែលនិយាយតៗគ្នាលោកក៏ធ្លាប់បានឮដែរ តែលោកមិនហ៊ានអះអាងថាវាជាការពិត ឬយ៉ាងណាទេ។

តាមគំនិតរបស់លោកអបិយជំនឿនេះប្រហែលជា ចេញមកដោយការកត់សម្គាល់របស់មនុស្សមួយចំនួនដែលពេលខ្លះ វាបានកើតឡើងដូចពាក្យដែលគេនិយាយប្រាកដមែន ហេតុនេះគេមានជំនឿតៗគ្នាមកតែម្តង ។ សម្រាប់រូបលោកគឺគ្រាន់តែគិតថាទីនោះគឺជា រមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់ រាជធានីភ្នំពេញដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្ត ហើយសាលារាជធានីភ្នំពេញបានខិតខំកែ លំអសោភ័ណភាពឱ្យកាន់តែស្រស់ស្អាត ព្រោះទីនោះជានិមិត្តរូបនៃរាជធានីភ្នំពេញ ។ ចំពោះរឿងអបិយជំនឿផ្សេងៗនោះលោក មិនសូវជាយកចិត្តទុកដាក់ឡើយ តែសម្រាប់អ្នកដែលមានជំនឿគឺជារឿងផ្ទាល់ខ្លួនរបស់គេមិនអាចហាមឃាត់បានឡើយ ។

ទាក់ទិននឹងអបិយជំនឿថា គូស្នេហ៍ទៅលេងនៅវត្តភ្នំនឹងព្រាត់ប្រាស់គ្នានេះ ព្រះតេជគុណព្រះនាមបុណ្យ គង់នៅវត្តបទុមវតីនៃរាជធានីភ្នំពេញ មានសង្ឃដីកាថា បញ្ហាអបិយជំនឿនេះព្រះអង្គធ្លាប់បានឮគេនិយាយតៗគ្នាមកដែរ ហើយបើនិយាយថា វាជាការពិត ឬយ៉ាងណានោះគឺជាការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ  ។ព្រះសង្ឃដដែលមានសង្ឃដីកាថា «ចំពោះអាត្មាយល់ថា អបិយជំនឿនេះមិនមែនជាការពិតឡើយ ដោយហេតុថាបើយើងនិយាយតាម ផ្លូវព្រះពុទ្ធសាសនាគឺការព្រាត់ប្រាស់គ្នានេះជាឧបនិស្ស័យ ព្រោះផលបុណ្យកុសលដែលយើង បានសាងពីជាតិមុនគឺបានតែប៉ុណ្ណឹង ហេតុនេះការជួប ឬព្រាត់គឺជារឿងធម្មជាតិរបស់សត្វលោក ហើយបើនិយាយថា ព្រះមានចិត្តពង្រាត់សត្វលោកនោះ គឺមិនមែនជាការពិតឡើយ ព្រោះព្រះជាអ្នកប្រោសសត្វលោក ជាសភាវៈមួយដែលតាមថែរក្សាសត្វលោក ប្រសិនបើយើងសាងតែអំពើល្អនោះ» ។

ក្នុងគ្រឹស្តសករាជ១៣៧២ (ឯកសារ ខ្លះថា ១៣៧៨) ដូនពេញដែលជាស្ត្រីមេម៉ាយមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្នកស្រុកស្រុះស្រួលគ្នាសាងសង់ព្រះវិហារមួយខ្នងលើកូនភ្នំនៃវត្តភ្នំ សព្វថ្ងៃនេះដែលកើតដោយសារគាត់ឱ្យគេជញ្ជូនដីពូន ហើយដង្ហែព្រះពុទ្ធរូប៤អង្គ ដែលនៅក្នុងដើមគគីរ ស្រង់យកមកពីក្នុងទឹកទន្លេទៅតម្កល់នៅទីនោះ ។ ដោយហេតុនោះហើយទើបភ្នំនោះហៅថា «ភ្នំដូនពេញ» និងក្លាយនៅត្រឹមតែ«ភ្នំពេញ» ឯទីអារាមនៅទីនោះហៅត្រឹមវត្តភ្នំមកដល់សព្វថ្ងៃនេះ ។

អ្នកវប្បធម៌ជាច្រើនយល់ដូចគ្នាថា វត្តភ្នំជាកន្លែងសក្ការបូជានៃពុទ្ធសាសនា ដូច្នេះមិនមែនជាកន្លែងបំផ្លិចបំផ្លាញសុភមង្គល ឬស្នេហារបស់នរណាម្នាក់ឡើយ ។ ម្យ៉ាងយាយពេញជាអ្នកគោរព និងទ្រទ្រង់ព្រះពុទ្ធសាសនា ដូច្នេះគាត់ពិតជាគ្មានចិត្តអកុសលបំបែកគូស្នេហ៍នរណាទេ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]