ខេត្តបាត់ដំបង ៖ បុរសម្នាក់ ដែលមានប្រពន្ធ និងកូន២នាក់រួចទៅហើយបានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន កាលពីថ្ងៃទី១៤ សីហា ក្រោយពីដឹងថា ឪពុកក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលខ្លួនចាប់រំលោភកាលពីសប្តាហ៍មុននៅឃុំត្រែង ស្រុករតនមណ្ឌល បានដាក់ពាក្យបណ្តឹងហើយខ្លួនច្បាស់ជាត្រូវចាប់ខ្លួន ។

អធិការរងនគរបាលស្រុករតនមណ្ឌល លោករស់ លឹមសឺន បានប្រាប់ថា បុរសរូបនេះឈ្មោះ វឿន សាវី អាយុ២០ឆ្នាំ មានប្រពន្ធនិងកូន២នាក់ រស់នៅភូមិក្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ។ ជននេះបានទៅស្នាក់នៅបណ្តោះអាសន្ន ជាមួយសាច់ញាតិនៅក្នុងឃុំត្រែង ដើម្បីស៊ីឈ្នួលភ្ជួរចម្ការឱ្យគេ ។ ប៉ុន្តែជននេះត្រូវជាប់សង្ស័យថា បានចាប់រំលោភក្មេងស្រីម្នាក់ អាយុ១៤ឆ្នាំ រហូតបានសម្រេចកាលពីវេលាទៀបភ្លឺថ្ងៃទី៨ សីហា នៅក្បែរផ្ទះរបស់នាង ក្នុងគ្រាដែលនាងចុះមកបត់ជើងតូចនៅខាងក្រោមផ្ទះ ។ លោកអធិការរងបានបន្តថា នៅថ្ងៃទី១២ សីហា ឪពុករបស់នាងបានដាក់ពាក្យបណ្តឹ ងនៅប៉ុស្តិ៍នគរបាលក្រោយពីដឹងរឿងអាស្រូវនេះ លុះនៅថ្ងៃទី១៤ សីហា ឈ្មោះវឿន សាវី បានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ព្រោះខ្លាចជាប់គុកខ្មាសគេ ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៧ សីហា ផ្ទះក្មេងស្រីរងគ្រោះមានធ្វើម្ហូបពិសេស(កាប់ឆ្កែ)ដែលរៀបចំដោយឪពុករបស់នាង រីឯជនសង្ស័យក៏បានចូលរួមដែរ ជាមួយអ្នកភូមិជាច្រើននាក់ទៀត ។ មន្ត្រីមូលដ្ឋានប្រាប់ថា កម្មវិធីបានបញ្ចប់នាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៨ សីហា លុះនៅម៉ោងប្រហែល៣ទៀបភ្លឺ ក្មេងស្រីរងគ្រោះចុះពីលើផ្ទះទៅបត់ជើងតូច ក៏ត្រូវជនសង្ស័យដែលស្រវឹងធ្លាក់ភ្នែកចាប់នាងអូសទៅក្រោយផ្ទះរួចចាប់រំលោភតែម្តង ។ សមត្ថកិច្ចប្រាប់ថា ពេលនោះនាងមិនហ៊ានស្រែកទេ តែក្រោយពីត្រូវបុរសនោះចាប់រំលោភរួច នាងបានល្បួងជននេះទៅសាលាឃុំទាំងយប់ ដើម្បីប្រាប់មេឃុំឱ្យដឹង ហើយបុរសនេះក៏ព្រមទៅតាម លុះដល់ពាក់កណ្តាលផ្លូវជននេះធ្វើជាឈឺបត់ជើងតូច ក៏ឆក់ឱកាសដាក់មេប្រូចបាត់ ។ ប្រភពដដែលបន្តថា ក្រោយពីបែកការណ៍ឪពុកនាងបានដាក់ពាក្យប្តឹង ខណៈដែលជនសង្ស័យរត់ទៅសម្ងំនៅផ្ទះឯភូមិក្រួស ស្រុកថ្មគោល ប៉ុន្តែក្រោយពីដឹងថា ឪពុកនាងប្តឹងជននេះក៏ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនចោលប្រពន្ធកូនតែម្តងទៅ ព្រោះខ្លាចជាប់គុកខ្មាសគេ ។

លោកអធិការរងនគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា ជនសង្ស័យបានសម្លាប់ខ្លួន ខណៈដែលសមត្ថកិច្ចរបស់លោកចុះទៅស្រាវជ្រាវដល់មូលដ្ឋានក្នុងបំណងឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគ្រួសារក្មេងស្រី។ លោកបន្តថា សំណុំរឿងបានបញ្ចប់ត្រឹមតួប្រុសសម្លាប់ខ្លួន ដើម្បីគេចពីការទទួលទោស ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]