រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីស្ត្រីវ័យក្មេង ជាកម្មការិនីម្នាក់ដែលបានអះអាងថា នាងត្រូវជនមិនស្គាល់មុខ៣នាក់ចាប់ច្រកបាវដាក់រថយន្ត តែត្រូវនាងរើបម្រះរួចក៏លោតចុះគេចខ្លួន និងបានទៅប្តឹងប៉ូលិសកាលពីរសៀលថ្ងៃទី១៤ សីហា ការពិតរឿងរ៉ាវនោះគឺជារឿងប្រឌិត ដែលនាងរៀបចំឡើងអូសទាញទឹកចិត្តម្តាយ និងបងថ្លៃស្រីរបស់នាងឱ្យអាណិតអាសូរតែប៉ុណ្ណោះ ។ ការប្រឌិតរឿងនេះបានបែកធ្លាយកាលពីព្រឹកថ្ងៃទី១៥ សីហា បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យក៏សាកសួរ និងស្រាវជ្រាវដល់ទីកន្លែងដែលនាងត្រូវគេចាប់ តែពុំមានសាក្សីណាម្នាក់បានឃើញក៏ជជីកសួរនាងម្តងទៀត ទើបនាងឆ្លើយប្រាប់ការពិតថា នាងប្រឌិតទេ ។

ស្ត្រីវ័យក្មេងដែលប្រឌិតរឿងជនមិនស្គាល់មុខ ចាប់ច្រកបាវបង្កឱ្យមានការភ្ញាក់ផ្អើលនោះឈ្មោះវណ្ណ ស៊ីណា អាយុ១៤ឆ្នាំ ជាកម្មការិនីរោងចក្រដឺហ៊្វេរ មេនូហ៊្វែកឈ័ររីង ដែលទើបចូលបានពីរថ្ងៃដោយដាក់ឈ្មោះខឹម ណែនី ដែលជាឈ្មោះខ្ចីសៀវភៅគ្រួសារគេបន្លំ និងមានទីលំនៅផ្ទះលេខ៨៦ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ មុននេះនាងបានអះអាងថា នាងត្រូវជន៣នាក់ជិះរថយន្តមួយគ្រឿងប្រភេទទួរីស ពណ៌ខៀវចាស់ចុះមកចាប់នាងច្រកបាវ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ សីហា នៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ចម្ងាយម្រាណ៥០ម៉ែត្រពីរោងចក្រដែលនាងធ្វើការ តែក្រោយមកនាងបានរើបម្រះរួច និងបានលោតចុះពីលើរថយន្តដើម្បីគេចខ្លួន ។ លុះដល់វេលាម៉ោង៣រសៀល រយៈពេល២ម៉ោងក្រោយមកទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដោយនាងត្រូវម្តាយនាំទៅប្តឹងប៉ូលិសប៉ុស្តិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ អ្វីដែលបង្កឱ្យមានមន្ទឹលសង្ស័យនោះ ប៉ូលិសខណ្ឌឫស្សីកែវ សហការជាមួយប៉ូលិសប៉ុស្តិ៍ស្រាវជ្រាវក៏បានបែកធ្លាយជារឿងប្រឌិត ។

នារីឈ្មោះវណ្ណ ស៊ីណា ដែលជាកម្មការិនីវ័យក្មេងនោះបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ សីហា ថា រឿងដែលត្រូវគេចាប់នោះមិនមែនជាការពិតទេ គឺជារឿងប្រឌិតដែលនាងបានរៀបចំឡើងដើម្បីឱ្យម្តាយ និងបងស្រីសាច់ថ្លៃរបស់នាងអាចមានការអាណិត ។ បានជានាងប្រឌិតរឿងបែបនេះ ត្រូវបាននាងរៀបរាប់ទាំងទឹកភ្នែកថា នាងមានគូដណ្តឹងឈ្មោះឃឹម សុភារិទ្ធ អាយុ១៨ឆ្នាំ ធ្វើជាកម្មកររោងចក្រកាត់ដេរ គឹម ឆយ មានទីលំនៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ។ កាលពីខែមិថុនា ឆ្នាំ២០១២ នាងបានទៅរស់នៅជាមួយគូដណ្តឹង ។ ការរស់នៅជាមួយគ្នាដោយមិនទាន់រៀបការនោះត្រូវបងស្រីខាងគូដណ្តឹងមិនពេញចិត្ត ហើយរករឿងជេរប្រមាថរាល់ថ្ងៃ ព្រោះមិនទាន់រៀបការផងរស់នៅជាមួយគ្នា ។ ចំណែកម្តាយនាងវិញ ក៏ពុំពេញចិត្តដែរ ព្រោះមិនទាន់រៀបការផងទៅរស់នៅខាងប្រុស ។ នៅពេលចេញពីធ្វើការនាងបានគិតថា បើទៅផ្ទះគូដណ្តឹងបងស្រីគូដណ្តឹងរករឿង ហើយបើទៅផ្ទះខ្លួនឯងត្រូវម្តាយរករឿង ដូច្នេះហើយធ្វើឱ្យនាងគិតខ្លីចង់លោតទឹកសម្លាប់ខ្លួននៅអូរវែង តែខ្លាចបុរសជាគូដណ្តឹងគិតខ្លីតាមនាងទើបមានការប្រឌិតរឿងបែបនេះតែ
ម្តង ។

ស្ត្រីរូបនោះបន្តទៀតថា នៅពេលធ្វើដំណើរចេញពីធ្វើការនាងក៏បានដើរទៅរោងចក្រគឹម ឆយ ដែលជារោងចក្រគូដណ្តឹង និងបងថ្លៃធ្វើការ ហើយបានប្រាប់សន្តិសុខថា មានជន៣នាក់ចាប់នាងច្រកបាវដាក់រថយន្ត និងប្រាប់គូដណ្តឹងដែរ ។ ពេលគេនាំនាងទៅផ្ទះ ក៏ត្រូវម្តាយនាំទៅប្តឹងប៉ូលិស ។ ពេលនោះនាងប្រុងនិយាយត្រង់ដែរ តែខ្លាចម្តាយក៏និយាយប្រឌិតតែម្តង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]