ក្នុងនាមជាប្រធានសិល្បករខ្មែរ លោកសុះ ម៉ាច បានធ្វើការអំពាវនាវជាថ្មីម្តងទៀតទៅកាន់ សិល្បករខ្មែរទាំងចាស់ទាំងថ្មីឲ្យមានការរួបរួមគ្នាតែមួយ នៅក្នុងសមាគមដើម្បីជាប្រយោជន៍ក្នុងការទ្រទ្រង់ វិស័យសិល្បៈឲ្យកាន់តែមានការរីកចំរើន និងចូលរួមជាសមាគមតែមួយក្នុងការ ជួយដល់សិល្បករដែលចាស់ជរា មានជំងឺ និងបាត់បង់សមត្ថភាព។

ថ្លែងប្រាប់កោះសន្តិភាពនៅថ្ងៃទី១៥ សីហា ឆ្នាំ២០១២នេះ លោកសុះ ម៉ាច បានក្រើនរំលឹកជាថ្មីដល់អ្នកសិល្បៈទាំងអស់មេត្តាធ្វើការរួបរួមគ្នា ដើម្បីជួយទ្រទ្រង់ដល់វិស័យសិល្បៈខ្មែរ ហើយបានអំពាវនាវដល់សិល្បករទាំងចាស់ទាំងថ្មីទាំងអស់ ដែលមិនទាន់មកចូលរួមនៅក្នុងសមាគមសិល្បករខ្មែរឲ្យរួសរា ន់ចូលរួមក្នុងសមាគមតែមួយ ដើម្បីជាប្រយោជន៍លើកស្ទួយសិល្បៈផង និងបានដើរតួជាសប្បុរសធម៌ផងក្នុងការ ជួយឧបត្ថម្ភដល់សិល្បករចាស់ៗ ដែលគាត់បាត់បង់សមត្ថភាពក្នុងការសម្តែង។

លោកបញ្ជាក់ថា កន្លងមកសមាគមសិល្បករខ្មែរបានដើរតួនាទី យ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យសិល្បៈ ជាពិសេសនោះសមាគមក៏មានតួនាទីក្នុងការ ជួយរកថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់សិល្បករចាស់ៗដែលគាត់មានជំងឺ។ លោកបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក បាននាំយកថវិការបស់សប្បុរសជនទៅប្រគល់ជូនលោកតាប្រាជ្ញ ឈួន ដែលជាអ្នកដេញចាប៉ី ជើងចាស់ដែលកំពុងសម្រាកព្យាបាលជំងឺ នៅឯស្រុកកំណើតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ថវិកាដែលនាំយកទៅប្រគល់ជូននោះមានចំនួន ១លានរៀលដែលបានមកពីលោកតាន់ បញ្ញាវុធ នាយរងខុទ្ទកាល័យកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន និងថវិកាមួយចំនួនទៀតពីខាងសមាគមសិល្បករខ្មែរជូនដល់លោកជីវ៉ាន់ ស៊ុយ ដែលកំពុងតែមានជំងឺផងដែរ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]