បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

នៅអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ  សហព័ន្ធកីឡា កាយវប្បកម្មកម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនីចំនួន៣រូបទៅប្រកួតកីឡា កាយវប្បកម្មជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគ័ងចូវ ប្រទេសចិន ។ នេះជាការអះអាងពីមន្ត្រីថ្នាក់កំពូលប្រចាំ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាកាលពីរសៀលថ្ងៃទី១៣ សីហា ក្នុងជំនួបជាមួយភ្នាក់ងារសារព័ត៌មានកោះសន្តិភាព ។

លោកសុខ មង្គលរស្មី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម កម្ពុជាបានបញ្ជាក់នៅចំពោះមុខអ្នកយកព័ត៌មានកោះសន្តិភាពថា ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជានឹងធ្វើការបញ្ជូនកីឡាករ កីឡាការិនីឆ្នើម៣រូបទៅកាន់ទីក្រុងគ័ងចូវ ប្រទេសចិន ដើម្បីប្រកួតកីឡាAsia Champion ដោយមាន៣៥ប្រទេសចូលរួមប្រកួតប្រជែង ។ លោកបន្តថា គម្រោងនេះលោកបានទទួលពីថ្នាក់ដឹកនាំរៀបចំការប្រកួតនៅប្រទេសចិន ដែលបានដាក់ថ្ងៃប្រកួតខាងលើមកឱ្យ តែត្រង់ថាមានការប្រែប្រួលយ៉ាងម៉េចទៀតនោះគេនឹងផ្តល់ដំណឹងតាមក្រោយបន្តទៀត ។ អ្វីដែលជាចម្បងគឺខាងសហព័ន្ធបានបញ្ជូនព័ត៌មានមួយនេះទៅឱ្យកីឡាករ-កីឡាការិនីឆ្នើមទាំងនោះខិតខំប្រឹងប្រែងហ្វឹកហ្វាត់បំប៉នសមត្ថភាពបណ្តើរៗ ដើម្បីកុំឱ្យខូចការណ៍ ។ លោកសុខ មង្គលរស្មី បានបញ្ជាក់ថា «កីឡាករ-កីឡាការិនីឆ្នើមទាំង៣រូបនោះរួមមានកញ្ញាអង់ សុខគន្ធា លោកសំបូរ ណាង និងលោកសំបូរ នួន ។

ទោះបីពេលវេលាប្រកួតហាក់នៅសល់ច្រើនថ្ងៃទៀតមែន ប៉ុន្តែសម្រាប់ខ្ញុំដែលមានភារៈកាន់កាប់ភារកិច្ចនេះមានការបារម្ភណាស់ ហើយតែងតែដាស់តឿនដល់កីឡាករ-កីឡាការិនីទាំង៣រូបនោះឱ្យព្យាយាមហ្វឹកហាត់ឱ្យបានទៀងទាត់ ព្រោះពេលវេលាដើរទៅលឿនណាស់មិនអាចប្រហែសបានទេ ម៉្យាងវាជាមុខមាត់ប្រទេសយើងផងដែរ» ។

ទោះជាយ៉ាងណា ប្រធានសហព័ន្ធរូបនេះបានបង្ហាញនូវភាពជឿជាក់នេះថា លោកពិតជាមានជំនឿលើកីឡាករ-កីឡាការិនីទាំង៣រូបនេះប្រាកដណាស់ ។ ករណីដូចជាកីឡាករសំបូរ ណាង និងសំបូរ នួន ពួកគេសុទ្ធតែជាជើងខ្លាំងធ្លាប់ទទួលបានជើងឯកចំណាត់ថ្នាក់លេខ១ជាហូរហែពីរបៀបបញ្ចេញសាច់ដុំដ៏មាំមួនប្រកបដោយរាងសង្ហារបស់ពួកគេ និងធ្លាប់ឈ្នះដាច់គេគ្មានគូប្រៀប កាលពីប្រកួតនៅប្រទេសថៃកន្លងមក ។ អីុចឹងហើយទើបនៅស្រុកថៃអ្នកស្នេហាកីឡាកាយវប្បកម្មគ្មានអ្នកណាមិនស្គាល់រូបលោកសំបូរ ណាង និងសំបូរ នួន នោះទេ រហូតខាងសហព័ន្ធកីឡាកាយវប្បកម្មប្រចាំនៅទីក្រុងបាងកកចង់ទិញពួកគេទាំង២នាក់ធ្វើជាសមាជិកនៅទីនោះទៀតផង ដែលទាំងអស់នេះហើយជាធនធានមួយសម្រាប់ខាងសហព័ន្ធកាយវប្បកម្មដែលមានជំនឿចិត្តថា នឹងឈ្នះមុនបែបនេះ ។

ចំណែកឯកីឡាការិនី អង់សុខគន្ធា វិញនាងទើបតែចូលជាកីឡាការិនីជម្រើសជាតិក្នុងអំឡុងឆ្នាំ២០១១កន្លងទៅថ្មីនេះប៉ុណ្ណោះ ប៉ុន្តែនាងមានដងខ្លួនខ្ពស់ល្អ ដៃជើងស្រឡូន តែរឹងមាំដែលខុសពីកីឡាការិនីសាសន៍គេដែលលោកធ្លាប់សង្កេតនោះ គឺគ្មានចំណុចត្រង់ណាល្អជាងសុខគន្ធា ឡើយ ។ ម្យ៉ាងវិញទៀត ពេលលោកនាំនាងទៅមើលការប្រកួតនៅស្រុកគេម្តងៗ ច្រើនតែខាងអ្នកជំនាញផ្នែកនេះគេសរសើរនាងជាហូរហែ ទើបគិតថាយកមកហ្វឹកហាត់ម្តងទៅ ដោយមានគ្រូបង្ហាត់ជាជនជាតិស្វ៊ីសជាជំនួយសម្រាប់ផ្តល់ទុនដល់នាង ។ យោងតាមលក្ខខណ្ឌដែលអាចឈ្នះការប្រកួត លោកសុខ មង្គលរស្មី ពន្យល់ថា តាមបទពិសោធន៍កន្លងមក ការបង្ហាញកីឡាកាយវប្បកម្ម ឬអាចហៅថាការបង្ហាញរាងមានសាច់ដុំមាំមួនគេច្រើនឱ្យពិន្ទុទៅលើស្បែក ឬសាច់ខ្លួនស្ងួតល្អ ដោយឱ្យគណៈកម្មការបច្ចេកទេសមើលចំពីចំហៀងខាងឆ្វេងខាងស្តាំមុខក្រោយ បើកីឡាករណាមានគុណសម្បត្តិល្អនោះប្រាកដជាឈ្នះគេមិនខាន ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានបង្កើតឡើងជាយូរមកហើយ ប៉ុន្តែកីឡាប្រភេទនេះទើបតែមានសន្ទុះឡើងវិញ កាលពីឆ្នាំ២០១០ ដែលមានការបង្កើតជាកម្មវិធីប្រកួតថ្នាក់ជាតិលើកដំបូង ។ ដោយឡែកឆ្លងកាត់ការប្រកួតនៅក្រៅស្រុកវិញ ខាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាហាក់មានសកម្មភាពជាហូរហែ និងមានភាពលេចធ្លោគួរសមដូចជាឆ្នាំ២០១១កន្លងទៅ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបាននាំកីឡាករទៅប្រកួតនៅប្រទេសថៃ និងម៉ាឡេស៊ី ។ ចំណែកនៅក្នុងឆ្នាំ២០១២នេះ ក្រៅពីមានផែនការបញ្ជូនកីឡាករ-កីឡាការិនីទៅប្រកួតនៅប្រទេសចិន ខាងសហព័ន្ធមានគម្រោងបញ្ជូនកីឡាករឆ្នើមជាច្រើនរូបចេញទៅប្រកួតតាមបណ្តាប្រទេសជាសមាជិកអាស៊ានជាថ្មីម្តងទៀត ។ យ៉ាងណាក៏ដោយប្រិយមិត្តអ្នកស្នេហាវិស័យកីឡានៅតែផ្តល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនីទាំង៣រូបដែលត្រូវចេញទៅប្រកួតនៅប្រទេសចិន ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះយកមេដាយមកជូនជាតិមិនខាន ៕       

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]