រាជធានី​ភ្នំពេញ ៖  មិន​ខុស​ពី​ការ​លេចឮ​កន្លង​មក​ទេ គឺ​នាង​អីុត និង​ស្វាមី​ពិតជា​បែកបាក់​គ្នា​មែន ដោយ​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​និង​រូប​នាង​ផ្ទាល់​បញ្ជាក់​រឿង​នេះ ។


តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ក្រុម​នាយ​ពែ​ក​មី នាង​សេន ចិន្តា ហៅ​អីុ​ត កាន់តែ​បោះ​ជំហាន​ខ្លាំង​ឡើង​ក្នុង​ពិភព​សិល្បៈ រហូត​ចុង​ក្រោយ​នេះ​នាង​ប្រកាស​ឡើង​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ជាង​មុន ។ ទោះបីជា​ការងារ​សិល្បៈ​របស់​នាង​អីុ​ត​ជោគជ័យ​មែន ប៉ុន្តែ​ដំណឹង​ពី​ស្រុក​កំណើត​របស់​នាង​ថា នាង​បាន​សម្រេចចិត្ត​លែងលះ​ជាមួយ​ប្តី​និង​រូប​នាង​ផ្ទាល់​កម្សត់កម្រ​ជា​គ្រូបង្រៀន​នោះ​ហើយ ។

កន្លង​ទៅ​គេ​នៅ​ចាំ​ថា​ប្អូនស្រី​របស់​នាយ​ក្រូច​គឺ​នាង​អីុត​តែងតែ​ពោល​ជាប់មាត់​ថា នាង​នឹង​មិន​ភ្លេច​ប្តី ភ្លេច​កូន​ទេ ទោះបី​នាង​ល្បីឈ្មោះ និង​មាន​លុយកាក់​ហូរហៀរ​ក្តី ។ ប៉ុន្តែ​ដំណឹង ថ្មី​ៗ​កន្លង​មក​ពី​អ្នក​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឫស្សីស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ថា តារា​ស្រី​រូប​នេះ​បាន​សម្រេចចិត្ត​លែងលះ​ប្តី​ដែល​ជា​គ្រូបង្រៀន​ហើយ ក្រោយ​ពី​លេច​ចេញ​រឿងរ៉ាវ ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​គ្រួសារ ។ រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ឈាន​ដល់​ផ្លូវបំបែក គឺ​ក្រោយ​ពី​នាង​អីុ​ត​ទទួល​ដំណឹង​ថា​ប្តី​តែងតែ​ដើរ​បាត់​ពី​ផ្ទះ​ញឹកញាប់​គ្រា​នាង​ចេញ​ទៅ​សម្តែង​។ ដូច្នេះ​ហើយ​នាង​អីុ​ត​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្តី​ឈប់​ដើរហើរ​យប់​ព្រលប់​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្វាមី​មិន​សប្បាយចិត្ត​។ រឿងរ៉ាវ​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា ។

ក្នុង​ជំនួប​ផ្ទាល់​ក្នុង​ថ្ងៃ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ នាង​អីុ​ត​មិន​បាន​បដិសេធ​អំពី​ដំណឹង​បែកបាក់​ជាមួយ​ស្វា​មីនោះ  ប៉ុន្តែ​នាង​មិន​បកស្រាយ​ច្រើន​ទេ ។ នាង​អីុត​បញ្ជាក់​ថា «​ខ្ញុំ​សុំ​មិន​បញ្ជាក់​អំពី​រឿង​នេះ គឺ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​បញ្ជាក់​ចុះ ។ បើ​មានឱកាស​ណា​ល្អ​នាង​ខ្ញុំ​នឹង​លើក​ឡើង​អំពី​បញ្ហា​គ្រួសារ ។ អ្វី​ដែល​នាង​ខ្ញុំ​ចង់​គិត​ពេល​នេះ​គឺ​ពេលវេលា​រក​ប្រាក់ និង​ការងារ​សិល្បៈ ផ្សេង​ៗ ។ មិន​ចង់​រំលឹក​អំពី​រឿង​គ្រួសារ​ទេ » ។ ពី​មុន​នាង​អីុ​ត​តែងតែ​បដិសេធ​រឿង​បែកបាក់​គូ​អាពាហ៍ពិពាហ៍ តែ​ពេល​​នេះ​នាង​មិន​បដិសេធ​ទៀត​ទេ ។

ប្រភព​ពី​ស្រុក​កំណើត​របស់​នាង​អីុ​ត​លើក​ឡើង​ថា ពេល​នេះ​កូនស្រី​តែ​មួយ​វ័យ​១៣​ឆ្នាំ​របស់​នាង​អីុ​ត កំពុង​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​របស់​នាង ហើយ យូរ​ៗ​គេ​ឃើញ​នាង​ទៅ​ជួប មុខ​កូន​ម្តង​ព្រោះតែ​នាង​ជាប់​ការងារ​សិល្បៈ​ច្រើន​នៅ​ភ្នំពេញ ។ ចំណងអាពាហ៍ពិពាហ៍​នាង​អីុត​ទំនងជា​មិន​អាច​វិល​រក​សភាព​ដើម​វិញ​ទេ ខណៈ​ដែល​រឿង​ក្តី​លែងលះ​បាន​ចេញ​សាលក្រម​ពី​តុលាការខេត្ត​កំពង់ស្ពឺ​រួច​ហើយ ។

នាង​អីុត​ក្លាយជា​នារី​មេម៉ាយ​កូន​មួយ​ដូច​គ្នា​ទៅ​នឹង​តារា​កំប្លែង​រួម​ក្រុម​របស់​នាង​ដែរ គឺ​នាង​ខ្ញុង ។  បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​នាង​អីុត​កាន់តែ​ស្រស់​ស្អាត​ជាង​មុន ដោយ​គេ​ដឹង​ថា​នាង​បាន​ទៅ​កែ​សម្រស់ ខ្លះ​ៗ​ដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង