បន្ទាយមានជ័យ៖ យុវជនម្នាក់ បានខ្ចីម៉ូតូអ្នកជិតខាង នៅស្រុកថ្មគោល ខេត្តបាត់ដំបង ជិះទៅ ដាក់ជី និងថ្នាំសម្លាប់ក្តាមនៅស្រែ ហើយមានគំនិតអាក្រក់ បានលួចយកលក់នៅជាយដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវនគរបាលចាប់ញាត់ទ្រុង កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅម្តុំចំណុចផ្លូវដើមពុទ្រ្ទា ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ថា ការ ឃាត់ជនសង្ស័យធ្វើឡើង តាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាប់ពីបានទទួលការផ្តល់ពត៌មាន និងការសុំសហការពីសំណាក់ នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង ថាមានជនសង្ស័យម្នាក់ បានឆបោកយកម៉ូតូរបស់ជនរងគ្រោះម្នាក់ឈ្មោះ ប្រាក់ ណៃ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប្រគាប ឃុំរ៉ូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានមុខរបរជាអ្នកធ្វើស្រែ លោកក៏បានដឹកនាំកម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវទើបឈានដល់ ការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។

លោក អ៊ុំ សុផល បានបន្តថា ជនសង្ស័យ ដែលកម្លាំងរបស់លោកឃាត់ខ្លួន មានឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយជនរងគ្រោះ និងដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1L-7897 ផងដែរ។

លោកអធិការ អ៊ុំ សុផល បានបញ្ជាក់ថា មុនធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ខែសីហា ឆ្នាំ២ឥ១២ វេលា ម៉ោង៨ និង៣០នាទីព្រឹក ជនសង្ស័យ សុខ វុទ្ធី បានខ្ចីម៉ូតូរបស់ជនរងគ្រោះ រស់នៅក្បែរផ្ទះគ្នាម្នាក់ឈ្មោះ ប្រាក់ ណៃ ដើម្បីយកជីនិងថ្នាំសម្លាប់ក្តាម ទៅដាក់ស្រែរបស់ខ្លួននៅចុងភូមិដែលមានចម្ងាយពីផ្ទះប្រមាណ១៥០០ម៉ែត្រ ហើយចាប់តាំងពីពេលនោះ មកមិនបានយកម៉ូតូទៅឲ្យម្ចាស់ដើមវិញទេ បែជាជិះយកមកលក់នៅ ជាយដែន ប៉ោយប៉ែត ទើបកម្លាំងនគរបាលទីនេះ ចាប់ខ្លួនបាននិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់តែម្តង៕

ដោយ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ កោះសន្តិភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]