ថៃ៖ យោងតាមប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយល្ងាចថ្ងៃទី២៨ កុម្ភៈ ម្សិលមិញ ឲ្យដឹងថា កម្មករនេសាទ មានសញ្ជាតិខ្មែរ៥នាក់ ត្រូវបានប៉ូលិសថៃ ធ្វើការចាប់ខ្លួននៅក្នុងទឹកដីខេត្តត្រាត ដោយខាងប៉ូលិសបានថ្លែងថា ពួកគេមានជាប់ពាក់ព័ន្ធករណីរំលោភ និងប្រើអំពើហិង្សាទៅលើភ្ញៀវទេសចរបរទេស កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្នុងភូមិសាស្ត្រដែនកោះបែបរីសតមួយកន្លែង ឈ្មោះថា កោះគុត (Koh Kut) ។

ជនសង្ស័យទាំង ៥នាក់ មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈលើភ្ញៀវទេសចរស្រី ២នាក់ និងប្រើហិង្សាលើភ្ញៀវទេសចរប្រុស ២នាក់ផ្សេងទៀតដែលបានព្យាយាម ចូលទៅឃាត់សកម្មភាពរបស់ពួកខ្លួន។ ក្នុងចំណោមពួកគេទាំងនោះ មាន២នាក់ ត្រូវបានឃាត់ខ្លួននៅព្រំដែន Hat Lek ខណៈពេលពួកគេបំរុងនឹងគេចខ្លួនឆ្លងចូលមកទឹកដីកម្ពុជាវិញ។ ចំណែក ៣នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងតំបន់កើតហេតុ។

បើយោងតាមសេចក្តីរាយការណ៍ នៃការស៊ើបអង្កេតរបស់ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ប្រុស២ ស្រី២ សញ្ជាតិបារាំង បានកំពុងតែដើរឆ្ពោះទៅកាន់កន្លែងហូបអាហារ ស្រាប់តែជួបជនសង្ស័យ ២នាក់ ដើរមកនិយាយជាមួយខ្លួន។ មិនយូរប៉ុន្មាន ពេលក្រុមជនរងគ្រោះបម្រុងនឹងចាកចេញពីទីនោះ ស្រាប់តែគ្នីគ្នារបស់ជនសង្ស័យ ៣នាក់ទៀត ចេញពីគម្ពោធព្រៃដោយមានទាំងកាំបិត និងដំបងផង បានវាយប្រហារទៅលើបុរសរងគ្រោះ ជាអ្នកទេសចរបរទេស ដែលបានព្យាយាមការពារមិត្តរបស់ខ្លួន បណ្តាលឲ្យរបួសជាទម្ងន់ និងចាប់ស្ត្រីរងគ្រោះដែលមានអាយុ ៥៧ឆ្នាំម្នាក់ និង២៨ឆ្នាំម្នាក់ យកទៅរំលោភរហូតបានសំរេច មុនពេលមានឡានអ្នកដំណើរបើកឆ្លងកាត់ទីនោះ ទើបពួកជនសង្ស័យ នាំគ្នារត់គេចខ្លួនបាត់អស់តែម្តង។

នាយប៉ូលិសប្រចាំខេត្តត្រាត ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ សញ្ជាតិខ្មែរ ធ្វើការឲ្យទូកនេសាទ Chok Kamolwan។ នាយប៉ូលិសដដែលបន្ថែមថា ពួកជនសង្ស័យបានផឹកស្រាស្រវឹង ក្រោយមកពាក់អាវពោង ហែលចេញពីទូកនេសាទ មកកាន់ឆ្នេរ (ចម្ងាយ ៣០០ម៉ែត្រ) ដើម្បីរកទិញគ្រឿងស្រវឹងថែមទៀត មុនពេលកើតហេតុ។

ប៉ូលិសថៃឲ្យដឹងថា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់ ក្រោយពេលទទួលបាន ការសង្គ្រោះបឋមលើកោះគុតរួចមក។

ប្រភពបានបញ្ជាក់ថា នាយប៉ូលិសជាន់ខ្ពស់ថ្នាក់ជាតិរបស់ថៃ លោក ប៉ុល ជេន ឆាក់ធីប ឆៃចិន្តា នឹងធ្វើដំណើរទៅកាន់កោះគុត នៅថ្ងៃចន្ទនេះ ដើម្បីសួរចម្លើយជនសង្ស័យទាំង៥នាក់នោះ ដោយខ្លួនលោកផ្ទាល់តែម្តង។

ចំពោះស្ថានភាពជនរងគ្រោះ នៅមិនទាន់ត្រូវបានប្រភពពីមន្ទីរពេទ្យ ឲ្យដឹងបន្ថែមនៅឡើយទេ៕

 

ប្រភព៖ BangkokPost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]