រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូគុប ពណ៌ទឹកប្រាក់ ធ្វើដំណើរត្រឡប់មកពីមន្ទីរពេទ្យមើលឪពុកឈឺ បានត្រូវក្រុមចោរឆក់មានគ្នា២នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌សមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែកប្លាទីនផ្តាច់យកបាន បន្តោងពេជ្រទៅបាត់ ឯនារីរងគ្រោះបានខំដើររកអស់រយៈពេលជាងកន្លះម៉ោងដោយគិតថា អាចដាច់ធ្លាក់ជ្រុះលើដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ សីហា នៅតាមវិថីឧកញ៉ាទេពផន ខាងកើតទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោល ប្រមាណជាង១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោល ។

តាមស្ត្រីជាម្ចាស់ខ្សែកឱ្យដឹងថា បន្តោងពេជ្រដែលចោរឆក់យកទៅបាត់នោះមានតម្លៃប្រមាណ១ពាន់ ដុល្លារ ។ នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូគុប ពណ៌ទឹកប្រាក់មួយគ្រឿង២នាក់កូនប្រុសធ្វើដំណើរមកពីមើល ឪពុកឈឺនៅមន្ទីរពេទ្យឯកជនមួយ ក្នុងបំណងត្រឡប់មកផ្ទះវិញ នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ នៅពេលធ្វើដំណើរតាមផ្លូវឧកញ៉ាទេពផន ក្នុងទិសដៅពីកើតទៅលិចជិតដល់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌទួលគោក ស្រាប់តែមានជន២នាក់ជិះម៉ូតូមួយគ្រឿងក្នុងទិសដៅស្រប គ្នា បានធ្វើសកម្មភាពឆក់យកខ្សែកប្លាទីនបន្តោងពេជ្ររបស់គាត់ តែឆក់បានតែបន្តោង ឯខ្សែ.កត្រូវគាត់ចាប់ជាប់រួចជននោះគេចខ្លួនបាត់។

តាមព័ត៌មានឱ្យដឹងថា បន្ទាប់ពីត្រូវចោរឆក់ខ្សែ.កស្ត្រីរូបនេះបានទូរស័ព្ទហៅប្តី រួមទាំងបងប្អូននាំគ្នាដើររកបន្តោងដែលសង្ស័យដាច់ធ្លាក់ លើដងផ្លូវអស់រយៈពេលប្រមាណជាងកន្លះម៉ោងតែរកពុំឃើញ ទើបសន្និដ្ឋានថា បន្តោងនោះចោរឆក់បានយកទៅបាត់ហើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]