ខេត្តក្រចេះ ៖ លោកមេឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវ ជាតិលេខ៧ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ សីហា ខណៈពេលដើរឆ្លងផ្លូវទៅបត់ជើងតូចមិនប្រយ័ត្នត្រូវរថយន្តសាំង យ៉ុងបុកចំពីមុខពេញទំហឹងតែម្តង ។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះសេវ ពើង អាយុ៦០ឆ្នាំ មានមុខងារជាមេឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី និងបានស្លាប់ក្រោយពេលរថយន្តសង្គ្រោះរបស់នគរបាលដឹកយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត បាន២ម៉ោងបន្ទាប់ពីកើតហេតុរួច ។ មន្ត្រីនគរបាលចរាចរឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបាននាំប្រពន្ធទៅព្យាបាលជំងឺនៅរាជ ធានីភ្នំពេញ ដោយធ្វើដំណើរតាមរថយន្តតាក់ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តតាក់ស៊ីបានឈប់ដើម្បីឱ្យអ្នកដំណើរចុះបត់ដៃបត់ជើងនៅ ចំណុចព្រៃដាច់ស្រយាលពីទីប្រជុំជន ។

ប្រភពបន្តទៀតថា នៅពេលរថយន្តតាក់ស៊ីឈប់ជនរងគ្រោះបានដើរឆ្លងថ្នល់សំដៅទៅព្រៃ ម្ខាងទៀតដើម្បីបត់ជើងតូចក៏ត្រូវរថយន្តសាំងយ៉ុង ពណ៌ស បុកចំពីមុខពេញទំហឹង បណ្តាលឱ្យខ្ទាតផ្លោងរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ចំណែករថយន្តត្រូវបានប៉ូលិសនាំមករក្សាទុកនៅស្នងការដ្ឋានរង់ ចាំធ្វើការដោះស្រាយតាមនីតិវិធី ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]