កូរ៉េខាងត្បូង៖ តារាច្រៀង Rain ឬលី យ៉ុងជេរ ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៏” ដែលធ្វើឲ្យលោកមានកេរ្តិ៏ឈ្មោះបោះសំឡេងល្បីល្បាញខ្លាំង ទាំងនៅស្រុកខ្មែរ និងជុំវិញពិភពលោកនោះ ក៏ជាកំពូលតារាចម្រៀង ប្រុសទោលលេខ១ ប្រចាំប្រទេសកូរ៉េខាងត្បូង និងជាបុរសសង្ហាក្នុងក្តីស្រមៃនារីៗភាគច្រើនផងដែរ។

ថ្វីត្បិតតែបច្ចុប្បន្ននេះ លោកមានវ័យរៀងជ្រេរបន្តិចយ៉ាងណា ប៉ុន្តែរូបរាងរបស់លោក នៅតែសង្ហាដូចដើមគ្មានផ្លាស់ប្តូរអ្វីបន្តិចទេ។ បើយោងតាមប្រភពមួយ បានឲ្យដឹងថា កាលពីថ្មីៗនេះ Rain បានចូលរួមកម្មវិធីរបស់ទូរទស្សន៍កូរ៉េមួយ ដែលមានឈ្មោះថា “One Night Of TV Entertainment” ដែលលោកចូលរួមក្នុងបំណងផ្សព្វផ្សាយនូវរឿងភាគថ្មីរបស់លោកចំណងជើងថា “Please Come Back, Mister” ហើយក៏មានតារាស្រីរួមសម្តែងជាមួយលោក ចូលរួមក្នុងកម្មវិធីនោះផងដែរ។

ពេលនោះ ពិធីករ និងតារាកិត្តិយសទាំងអស់ កំពុងតែពិភាក្សាគ្នា អំពីប្រធានបទសាច់ដុំក្បាលពោះ៦កង់ របស់ Rain ស្រាប់តែមានតួស្រីម្នាក់ គឺកញ្ញា Oh Yeon Seo លាន់មាត់​សួរ Rain ថា៖ «បងតើក្នុងមួយសប្តាហ៍ បងហាត់ប្រាណប៉ុន្មានដងដែរ?» បន្ទាប់មក Rain បានតបទៅវិញថា៖ «ខ្ញុំបានធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើខ្ញុំមិនបានធ្វើវាទេ សាច់ដុំទ្រូងរបស់ខ្ញុំ វានឹងចាប់ផ្តើមយារធ្លាក់ ដូច្នេះដើម្បីបង្ការការយារធ្លាក់ ខ្ញុំអាវ៉ង់ ចំនួន​ ២០០ដង និងអង្គុយងើបៗ ចំនួនពី ៣០០ ទៅ៤០០ដង ផងដែរ»។

បន្ទាប់ពី លឺដូចនេះហើយ អ្នកទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរ អំពីការហាត់ប្រាណរបស់ Rain ដែលធ្វើឲ្យរាងកាយរបស់លោក ល្អឥតខ្ចោះបែបនេះ៕



ប្រភព៖  Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]