ភ្នំពេញ៖ ស្របពេលសារព័ត៌មានក្នុងស្រុក កំពុងផ្ទុះព័ត៌មាន តារាចម្រៀងស្រី នាង ខេមរៈ ស្រីពៅ មានជំងឺធ្ងន់ធ្ងររហូតដល់រឡេះរលួយស្បែករួចមក មហាជនហាក់នៅមានមន្ទិលសង្ស័យ និងចង់ដឹងចង់លឺពីស្ថានភាពជំងឺរបស់នាង បើទោះបីជាបងប្រុស របស់នាង លោក ខេមរៈ សិរីមន្ត បានចេញវីដេអូបកស្រាយ ថានាងមិនមានបញ្ហាអ្វីក៏ដោយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ដែលបានអះអាងថា ខ្លួនជាព្រះសង្ឃហើយធ្លាប់ត្រូវបានអញ្ជើញទៅសូត្រមន្តឲ្យកញ្ញា ខេមរៈ ស្រីពៅ បានដាក់មតិថា «ព្រះអង្គពិតជាបានឃើញនាង មានជំងឺដូចគេនិយាយតៗគ្នាពិតមែន តែព្រះអង្គត្រូវបានគេ​ហាមប្រាមមិនឲ្យថតរូបនាងនោះទេ»។

ឃើញដូចនេះ តារាសម្តែងជើងចាស់ អ្នកនាង ចន ចន្ទលក្ខិណា ដែលកន្លងមក ជាតារាមួយរូប ចូលចិត្តឈឺឆ្អាលនឹងសង្គម បានបញ្ចេញប្រត្តិកម្មតាមរយៈការចែករំលែក និងសរសេរសារ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ព្រះសង្ឃមួយអង្គខាងលើ មិនសក្តិសម នឹងហែកកេរ្តិ៍រឿង ខេមរៈ ស្រីពៅ ប្រាប់គេឯងដូច្នេះទេ បើទោះបីជានាងមាន ឬគ្មានជំងឺក៏ដោយ។ អ្នកនាងបានសរសេរថា៖ «ជាគណនីហ្វេសប៊ុក ពិត ឬក៏ក្លែងក្លាយ ? បើពិតមែន គឺមិនសមជាព្រះសង្ឃទេ គេនិមន្តទៅសូត្រមន្ត មិនមែននិមន្ត ទៅហែកកេរ្តិ៍រឿងគ្រួសារគេទេ! ជាព្រះសង្ឃម៉េចក៏ចូលចិត្ត និយាយដើមគេម៉្លេះ ? ហេតុអីក៏ចេះដឹងរឿងគ្រួសារគេ? គេមានទុក្ខ តែខ្លួនយករឿងអាថ៌កំបាំងគេ ទៅទំលាយជាសាធារណៈ រួមទាំងខ្លួនជាព្រះសង្ឃ តើសមទេ? សូមគណៈគ្រប់គ្រងវត្ត ដែលសង្ឃអង្គនេះគង់នៅ គួរតែពិចារណាចំពោះទង្វើរបស់សង្ឃអង្គនេះ»។

គួរបញ្ជាក់ផងដែរថា កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយថា នាងមានជំងឺស្បែកធ្ងន់ធ្ងរ រហូតដល់មានខ្លះទៀត អះអាងថានាងគេង នៅលើស្លឹកចេក និងត្រូវបានក្រុមគ្រួសារ និមន្តលោកទៅសូត្រមន្តឲ្យនាងទៅហើយ។ ហើយបើទោះបីជា បងប្រុសរបស់នាង តារាចម្រៀងដ៏ល្បី លោក ខេមរៈសិរីមន្ត បានចេញវីដេអូ បកស្រាយថា វាជារឿងមិនពិតក៏ដោយ ក៏មហាជនហាក់មិនអស់ចិត្ត និងរង់ចាំសមីខ្លួននាង បង្ហាញខ្លួនដើម្បីឲ្យអស់ចម្ងល់ផងដែរ។

ម្យ៉ាងវិញទៀត នៅថ្ងៃនេះ លោក តាំង សុខឃី បានទៅដល់ផ្ទះតែម្តង ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ ខេមរៈ ស្រីពៅ និងបញ្ជាក់ថា អត់ឈឺ និងមិនដេកលើកន្ទេលដណ្តប់ស្លឹកចេក ដូចពាក្យចចាមអារ៉ាមទេ។ លោក តាំង សុខឃី បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ នេះ ខ្ញុំបានមកដល់ផ្ទ: ខេមរ: ស្រីពៅ ជួបយាយបង្កើត ម្តាយមីង និងបងជីដូនមួយបង្កើតរបស់ ខេមរ: ស្រីពៅ ផ្ទាល់ ដើម្បីស្រាយចម្ងល់ បញ្ជាក់យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ជឿខ្ញុំចុះ»៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាទៅវិញដែរ?






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]