បុរសចំណាស់ម្នាក់បានត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងទឹកស្រះក្រោយផ្ទះ ចម្ងាយប្រហែល២០០ម៉ែត្រ ខណៈបុរសរូបនេះ កំពុងតខ្សែភ្លើងពីផ្ទះរបស់ខ្លួនភ្ជាប់ទៅនឹងម៉ូទ័រនៅមាត់ស្រះ ពេលតំណខ្សែភ្លើងត្រូវទឹកសើមឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់តែម្តង ។ ហេតុការណ៍ចរន្តអគ្គិសនីឆក់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៤ សីហា ២០១២ ស្ថិតនៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ឈ្មោះម៉ៅ សៅ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ ។

ប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរស ចំណាស់រងគ្រោះបានដោតឌុយក្នុងព្រីភ្លើងអគ្គិសនីនៅក្រោមផ្ទះ បន្ទាប់មកគាត់ក៏ដើរទៅក្រោយផ្ទះ ដើម្បីដោតឌុយតភ្ជាប់ កន្ទុយខ្សែភ្លើងទៅនឹងម៉ូទ័រនៅ ក្បែរមាត់ស្រះចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះរបស់គាត់។ ប្រភពបន្តទៀតថា ពេលបុរសរងគ្រោះកំពុងតែកាន់កន្ទុយខ្សែភ្លើងទៅដោតចូលរន្ធម៉ូទ័របម្រុងនឹងបូមទឹកស្រះបាញ់ស្រោចដំណាំ និងបូមបាញ់លាងទ្រុងជ្រូករបស់គាត់ដូចសព្វមួយដង ស្រាប់តែតំណខ្សែភ្លើងនោះត្រូវទឹកសើមឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលចូលទៅក្នុងទឹកស្រះម្នាក់ឯងស្លាប់តែម្តង ។ លុះប្រពន្ធចាំបាត់ៗប្រហែល២ម៉ោងក៏ដើរទៅ មើលឃើញម៉ូទ័រកំពុងតែវិលបូមទឹកហូរចោលពេញវាល ចំណែកប្តីរបស់គាត់បានស្លាប់អណ្តែតនៅក្នុងទឹកស្រះបាត់ទៅហើយ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]