Y lan មានឈ្មោះពិតថា Tran Thi Hoang Lan គឺជាវិចិត្រករ ល្បីឈ្មោះជនជាតិវៀតណាម ដែលបានប្រើខ្សាច់ចំរុះ ពណ៍ក្នុងការបង្កើតអោយទៅជាគំនូរស្រស់ស្អាតជាច្រើន។ ស្នាដៃរបស់នាង គឺទទួលបានការទទួលស្គាល់ទូទាំង អាស៊ី និងរួមទាំងប្រទេសក្នុងតំបន់ អឺរ៉ុប និង អាមេរិកខាងជើងមួយចំនួនទៀតផងដែរ។

Y Lan មិនធ្លាប់ទទួលបានការហ្វឹកហាត់ផ្នែកសិល្បៈពីមុនមកទេ ហើយ បានរកឃើញនូវទេពកោសល្យគ្មានពីរ របស់នាងក្នុងការប្រើខ្សាច់ដើម្បីបង្កើតជា គំនូរនេះ ដោយអចេតនាតែប៉ុណ្ណោះ។

កាលពីឆ្នាំ ២០០១ កំឡុងពេលដែលនាងកំពុងតែទៅលេងផ្ទះគ្រួសារខាងប្តីរបស់នាង នៅឯទីក្រុង Phan Thiet នាងបានឃើញ ខ្សាច់នៅលើឆ្នេរជាច្រើននៅក្នុងតំបន់នោះ ហើយនាងបានចាប់ចិត្តនិងសម្រស់របស់ពួកវា និង បានយក ខ្សាច់៣ពណ៍ខុសៗគ្នា មកដាក់ក្នុងថូផ្ការបស់នាង។ បន្ទាប់ពីនាងត្រឡប់មកដល់ផ្ទះវិញនាងចាប់ផ្តើម មានអារម្មណ៍ដក់ជាប់នឹងខ្សាច់ទាំងអស់នោះ ដូច្នេះ នងបានត្រឡប់ទៅយកខ្សាច់បន្ថែមទៀតជាមួយនឹងពណ៍ ផ្សេងៗគ្នា។

បន្ទាប់មកនាងចាប់ផ្តើមគិតថា តើគួរធ្វើអ្វីល្អជាមួយនឹងខ្សាច់ទាំងអស់នេះ ដែលនាងបានយកមក ហើយគំនិត ដែលយកខ្សាច់បង្កើតជាគំនូរក៏បានកើតឡើង។

បច្ចុប្បន្ននេះ Y Lan គឺត្រូវបានទទួលស្គាល់ថាជាអ្នកដែលបានរកឃើញការគូររូបដោយប្រើខ្សាច់ ហើយនាងចាប់ ផ្តើមបើក ក្រុមហ៊ុនមួយសំរាប់លក់រូបគំនូររបស់នាងជុំវិញពិភពលោក។

បើទោះជានាងចាប់ផ្តើមដំបូង ជាមួយខ្សាច់តែ ៣ពណ៍ក៏ដោយ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់នាងអស់ រយៈពេលរាប់ឆ្នាំ បច្ចុប្បន្ននាងអាចប្រមូលខ្សាច់ដែលមានពណ៍ផ្សេងៗ គ្នាចំនួន ៨០ពណ៍ មកពីគ្រប់ប្រទេស។

នាងជឿថាសមត្ថភាពរបស់នាង គឺវាមានពីកំនើត ហើយនាងចាប់ផ្តើមប្រើប្រាស់សមត្ថភាពមួយនេះ បង្កើតបានជាគំនូរជាច្រើន ដូចជា រូបអ្នកដឹកនាំប្រទេសវៀតណាមដ៏ល្បីល្បាញ Ho Chi Min ជាដើម។ 

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]