បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ខេត្តកណ្តាល ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារបើកម៉ូតូឌុបគ្នាទៅកៀរជាមួយម៉ូតូមួយ គ្រឿងដួលទៅលើ ថ្នល់ត្រូវរថយន្តដឹកខ្សាច់បើកមក ពីក្រោយជាន់ហ្វ្រាំងមិនទាន់ កិនអ្នកទាំង២តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៣ សីហា ២០១២ លើកំណាត់ផ្លូវលេខ១០៧កែងផ្លូវលេខ២០១ ត្រង់ចំណុចខាងមុខគ្លីនិកក្រុងតាខ្មៅ អតីតមន្ទីរពេទ្យកែវសាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីប៉ូលិសចរាចរក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ភ្លាមៗក្នុងហេតុការណ៍នេះឈ្មោះជា សាលី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ហើយបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យនោះមាន ឈ្មោះស្រ៊ន សុងហេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិអន្លុងតាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ចំណែកអ្នកបើករថយន្តកិនជនរងគ្រោះខាងលើ បណ្តាលឱ្យស្លាប់នោះមានឈ្មោះអឿន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ រថយន្តបែនដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ។ ក្រោយពេលកើតហេតុប៉ូលិសចរាចរក្រុងតាខ្មៅបានចុះទៅដល់កន្លែង កើតហេតុចាប់ឃាត់រថយន្ត និងអ្នកបើកបរយកទៅកាន់អធិការដ្ឋាន និងបានបញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យបានរាជធានី ភ្នំពេញ តែដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ពេលទៅដល់ មន្ទីរពេទ្យ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]