យុវជន២នាក់ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៣ សីហា ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងព្រលឹត សហការជាមួយផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ខ្សែ.កពីនារីម្នាក់ដែលអង្គុយលើម៉ូតូរង់ចាំបងដែលទៅរកទិញសំបុត្ររថយន្តក្រុង រួចជិះរត់ទៅបុកអ្នកដំណើរបណ្តាលឱ្យដួល ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចចំណតរថយន្តក្រុមហ៊ុនកាពីតូល ស្ថិតនៅផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះ ឡេង សុង អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ និងម្នាក់ទៀតឈ្មោះ ជឿន វ៉ាន់ថា  អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ រីឯម្ចាស់ខ្សែ.កឈ្មោះ សុខ វណ្ណដា ភេទស្រី អាយុ២៥ឆ្នាំ ជាអាជីវករ ស្នាក់នៅផ្ទះលេខ៦៦DEo ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៩ព្រឹក នារីម្ចាស់ខ្សែ.ក និងបងស្រីបានជិះម៉ូតូពីផ្ទះទៅទិញសំបុត្ររថយន្តក្រុមហ៊ុនកាពីតូល ទៅក្រុងព្រះសីហនុ ។ ពេលទៅដល់ចំណតរថយន្តដែលស្ថិតនៅខាងត្បូងផ្សារអូរឫស្សី បងស្រីនារីម្ចាស់ខ្សែ.កបានចុះពីលើម៉ូតូដើរទៅរកទិញសំបុត្ររថយន្ត ទុកឱ្យប្អូនស្រីអង្គុយលើម៉ូតូរង់ចាំដោយពាក់អាវចំហ.កបញ្ចេញខ្សែ.កប្លាទីន ទម្ងន់៣ជីនៅកណ្តាលវាល ។

ពេលនោះស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកស្តេបពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K-7898 មកឆក់ខ្សែ.កពីនាង រួចហើយពួកគេបានបន្ថែមល្បឿនយ៉ាងលឿនបម្រុងគេចខ្លួន ប៉ុន្តែសំណាងមិនល្អពេលជិះរត់ទៅមុខបានបន្តិច ក៏ប៉ះនឹងម៉ូូតូអ្នកដំណើរបណ្តាលឱ្យដួលគាប់ជួនម្ចាស់ខ្សែ.កស្រែកឆោឡោឡើង និងចំពេលកម្លាំងល្បាតក្នុងមូលដ្ឋានរបស់នគរបាលប៉ុស្តិ៍បឹងព្រលឹតមកទាន់ក៏ក្របួចបានទាំង២នាក់ភ្លាមៗតែម្តង ។

លោកអនុសេនីយ៍ទោ ប៉ាត សំណាត នាយនគរបាលប៉ុស្តិ៍បឹងព្រលឹតបានឱ្យដឹងដែរថា បន្ទាប់ពីមានសម្រែកថា ចោរៗឆក់ខ្សែ.ក កម្លាំងល្បាត២៤ម៉ោងរបស់លោកបានអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាបន្ទាន់ដែលពេលនោះពួកគេបាត់បង់ស្មារតីរត់ប្រាសអាយុចោលម៉ូតូរៀងខ្លួនបន្ទាប់ពីជិះម៉ូតូរត់ទៅបុកអ្នកដំណើរបណ្តាលឱ្យដួល ។ លោកប៉ាត សំណាត បន្តថា បន្ទាប់ពីកម្លាំងលោកចាប់បានជនសង្ស័យ និងម៉ូតូធ្វើសកម្មភាព១គ្រឿង ព្រមទាំងដកហូតនូវវត្ថុតាងមកវិញគឺខ្សែ.កប្លាទីនហើយនោះ សមត្ថកិច្ចរបស់លោកបាននាំខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីឱ្យផ្នែកជំនាញចាត់ការបន្ត ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេជាយុវជនញៀនថ្នាំ ហើយបោះបង់ការសិក្សា និងផ្ទះសំបែង ដោយបានចេញធ្វើសកម្មភាពឆក់ខ្សែ.កប្រជាពលរដ្ឋបាន២លើកទាំងលើកនេះ ។ ពួកគេសារភាពថា មុននេះមួយថ្ងៃគឺថ្ងៃទី ១២សីហា បានឆក់ខ្សែ.កពីអ្នកដំណើរម្នាក់នៅមុខធនាគារកាណាឌីយ៉ាច្រកចូលផ្សារអូឡាំពិក ស្ថិតក្នុងទឹកដីខណ្ឌចំការមន បានសម្រេច និងបានយកខ្សែ.កនោះទៅលក់នៅផ្សារសាមគ្គីបានប្រាក់៨៥ដុល្លារ ចែកគ្នាចាយវាយ និងទិញថ្នាំញៀនប្រើប្រាស់អស់ ។លើកនេះជាលើកទី២ ឆក់ខ្សែ.កបានសម្រេចតែសំណាងមិនល្អ ជិះទៅបុកអ្នកដំណើរដួលក៏អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ក្រោយពីសាកសួរចម្លើយ ជនជាប់សង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ដោយឡែកខ្សែ.កប្លាទីនទម្ងន់៣ជី ដែលបានដកហូតពីជនល្មើសត្រូវបានប្រគល់ឱ្យទៅម្ចាស់ដើមវិញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]