នារីម្នាក់ខឹងបងប្រុសស្ដីបន្ទោសបន្តិចបន្តួចដាច់ចិត្ត លេបថ្នាំប៉ារ៉ាសេតាម៉ុលអស់៤០គ្រាប់ ប៉ងធ្វើអត្តឃាតតែមិនបានសំរេច ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១២ នៅផ្ទះបងប្រុសរបស់នាងខាងក្រោយរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

នារីលេបថ្នាំឈ្មោះស្រី នាង អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយ បងប្រុសដោយសារនាងជាកូនកំព្រា ឪពុកម្តាយស្លាប់ចោលអស់ ។ បើតាមសម្តីសាច់ញាតិ សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា មុនពេលកើតហេតុ ស្រី នាង ត្រូវបងប្រុសស្តីបន្ទោសបន្តិចបន្តួច នាងក៏ខឹងបានចូលទៅសម្ងំនៅក្នុងបន្ទប់បាត់មួយសន្ទុះ ដោយមានការសង្ស័យបាត់យូរពេក ក៏ចូលទៅមើលឃើញមានបន្ទះថ្នាំប៉ារ៉ាសេតាមុ៉ល៤បន្ទះ ទើបដឹងថានាងលេបថ្នាំសម្លាប់ខ្លួន ក៏ប្រញាប់ប្រញាល់បញ្ជូននាងទៅកាន់ មន្ទីរពេទ្យព្រះកុសុមៈដើម្បីធ្វើការសង្គ្រោះទាន់ពេលវេលា ។

ជុំវិញរឿងដែលបងប្រុសស្តីបន្ទោសនោះ សាច់ញាតិដែលជូនទៅមន្ទីរពេទ្យព្យាយាមលាក់លៀមមិនបង្ហើបប្រាប់ទេ គ្រាន់តែប្រាប់ថាស្តីបន្ទោសតិចតួចប៉ុណ្ណោះ ។ ខណៈពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យ បានដោតទុយោសុងតាមច្រមុះបញ្ចូលទឹក ដើម្បីលាងក្រពះជម្រះជាតិពុលពីក្នុងខ្លួនចេញឲ្យអស់រួចផុតពីការស្លាប់ ។

តាមប្រសាសន៍របស់លោកគ្រូពេទ្យបានឲ្យដឹងថា ដោយសារតែសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្លាម បើសិនជាទុករយៈពេលយូរជាតិថ្នាំជ្រួតជ្រាបចូលដល់ក្នុងហើយ គ្រូពេទ្យមិនអាចជួយបានទេ ។ ទោះបីជាយ៉ាងណាវិធីសម្លាប់ខ្លួនដោយការលេបថ្នាំនេះ ជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពប៉ះពាល់សារពាង្គកាយនៅក្នុងខ្លួនដូចជាក្រពះ ពោះវៀន ជាដើម ។ ការសម្លាប់ខ្លួនមិនមែនជាវិធីសម្រាប់ដោះស្រាយពេលជួបបញ្ហាផ្សេងៗទេ ពេលដែលមានបញ្ហាគួរតែរកវិធីដោះស្រាយទើបជាការប្រសើរចៀសវាងការសម្លាប់ខ្លួន ៕

ញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]