​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ ពីប្រភពសារព័ត៌មានមួយចំនួន អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​



បក្ស​នយោ​បាយ​​ទាំង​ពីរ​ ជួបគ្នា​​បន្ទាប់​ពី​ទស្សន​​កិច្ច ​របស់​លោក ហ៊ុន សែន នៅ​អាមេរិក​

អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ស ខេង និង​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា​ នឹង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែកនេះ ​នៅ​វិមាន​រដ្ឋ​សភា​ដែល​មន្រ្តី​គណ​បក្ស​ទាំង​ពីរ​អះ​អាង​ថា​ដើម្បី​បន្ត​ការ​ចរចា​បញ្ហា​សេស​សល់​និង​លើក​កម្ពស់​វប្ប​ធម៌​សន្ទនា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ពិត​ជា​មានជំនួបនៅថ្ងៃ​ស្អែកមែន តែ​លោក​មិនអាច​បញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោក​ក៏មិនទាន់អាច​បញ្ជាក់​ពី​មូលហេតុអ្វីបានជាមានជំនួបនេះ ហើយ​មានរបៀបវារៈអ្វីខ្លះនោះទេ។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ដឹង​​កម្ម​វត្ថុ​នៃ​ការ​ជួប​គ្នា​ហ្នឹង​ទេ គ្រាន់​តែ​ដឹង​ថា​​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​វប្ប​ធម៌​សន្ទនា”។​ គួរ​បញ្ជា​ក់​គម្រោង​ជំនួប​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពីលោក ហ៊ុន សែន បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូលអាមេរិក-អាស៊ាន​​នៅ​​អាមេរិ​ក​ហើយ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍នេះ។ កាលពីក្នុង​ជំនួបកំពូល​នៅ​លើ​ទឹក​ដីអាមេរិកនេះ​​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដា​ក់ពន្ធនាគារដោ​យសារកា​រ​​បញ្ចេ​ញមតិរបស់​ពួកគេនោះទេ។​ ប្រភព៖ VOD

"លោក ហ៊ុន សែន មិន​ឃើញ​ថា​មាន​បាតុកម្ម​ប្រឆាំង​ លោក​នៅ​អាមេរិក​ទេ"

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ឃើញ មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​សហរដ្ឋអាមេរិក​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ដឹង​ថា មាន​បាតុករ​ថៃ​គាំទ្រ​លោក។ ថ្លែង​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​យប់​ទី១៨ ខែ​កុម្ភៈ បន្ទាប់​ពី លោក ហ៊ុន សែន និង​មន្ត្រី​មួយ​ចំនួន បាន​វិល​ដល់​ប្រទេស​កម្ពុជា លោក កៅ គឹមហួន ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​៣​ទាំង​លើក ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី១៥ និង​ទី​១៦ ខែ​កុម្ភៈ លោក ហ៊ុន សែន មិន​បាន​ឃើញ​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ទេ។ លោក​អះអាង​បន្ត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ឃើញ​មាន​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន លោក នឹង​ចុះ​ចាប់​ដៃ ជាមួយ​ក្រុម​បាតុករ។ ប្រភព៖ RFA

បក្ស​ជំទាស់​ថា សហភាពអន្តរសភា IPU មក​កម្ពុជា​ស៊ើបអង្កេតករណី ប្រើហិង្សាលើតំណាងរាស្ត្រ

គណបក្ស​ជំទាស់​អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។ អ្នកនាំពាក្យ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រដ្ឋសភា លោក ញ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ថា៖”គណៈប្រតិភូខាងសភាIPUដែលគាត់មក​នេះគឺក្នុង​បំណង​រក​ព័ត៌មានបន្ថែម​​ ហើយ​និង​ខិតខំរកដំណោះស្រាយ​ សម្រាប់សមាជិកសភា ក៏ដូចជាសមាជិកព្រឹទ្ធសភា[គណបក្សប្រឆាំង]ដែរ​បាទ”។ អ្នកនាំពាក្យតំណាងរាស្ត្រគណបក្ស​ប្រជាជនកម្ពុជានៅក្នុង​រដ្ឋសភា​​ លោក ឈាង វុន សុំមិនអត្ថាធិប្បាយ​លើករណីនេះ ដោយលោកអះអាងថាសភាIPUហាមមិនឲ្យ​ផ្សព្វផ្សាយ​រឿង​នេះជា​សាធារណៈនោះទេ។ លោក​មានប្រសាសន៍ថា៖”ខាង​IPUគេអត់ឲ្យយើងនិយាយទេក្មួយ (អញ្ចឹងមានន័យថាIPUមិនបានជជែក អត់ឲ្យបើកជាសាធារណៈទេ) បើឆ្លើយប៉ុណ្នឹង​ក្មួយឯងចេះស្តាប់ខ្មែរទេ។ ខ្ញុំថាIPUគេស្នើយើង​កុំអាលឲ្យ​យើងផ្សព្វផ្សាយ”។​ ប្រភព៖ VOD

ឯកឧត្តម សម រង្ស៊ី ថា រដ្ឋាភិបាល​បង្កើត​បញ្ហា ហើយ​ដោះស្រាយ​បំភ័ន្ត​ភ្នែក​រាស្ត្រ​ 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស បាន​លើកយក​វិធី​បំភ័ន្ត​ភ្នែក​និង​បន្ទន់ចិត្ត​ប្រជារាស្ត្រ​របស់​រដ្ឋាភិបាល មក​សម្រាយ​រិះគន់​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​ បង្ហោះ​នៅលើទំព័រហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​កាសែត Cambodia daily ជា​ភាសា​អង់គ្លេស ដែលមាន​ចំណងជើង​ថា «Hun Sen Defend Value New Electronic Government» នោះ ឯកឧត្តម សម រង្ស៊ី បាន​ចំអក​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​ថា បាន​បង្កើត​បញ្ហា​១០០​ជំពូក ​តាម​អំណាច​ផ្ដាច់​ការខ្លួន ហើយ​យូៗ​ម្ដង​ ដោះស្រាយបាន​បញ្ហា​ណាមួយ​នោះ រដ្ឋាភិបាល​ក៏​យក​សង្គម​ហ្វេ​ស​ប៊ុ​កមក​ប្រកាស​យ៉ាង​អធិកអធម ដើម្បី​បំភ័ន្ត​ភ្នែក​និង​បន្ទន់ចិត្ត​ប្រជារាស្ត្រ​ប៉ុណ្ណោះ​។​ ការរិះគន់​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី នេះ គឺធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​របស់លោក​នៅពេលនេះ គឺជា​រដ្ឋាភិបាល​អេឡិចត្រូនិក ​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា E-government​។ ប្រភព៖ ThmeyThmey

សកម្មជន​CNRP ៣០ នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ឯ​គម្រោង​បាតុកម្ម​រំលាយ​

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ៣០ នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅផ្ទះ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទូល​គោក ដើម្បី​ការពារ​ឯកឧត្តម កឹម សុខា ខ្លាចក្រែង​មាន​បាតុកម្ម​​ហិង្សា​ដូច​កាលពី​ចុងឆ្នាំ​មុន​។  សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ពួកគេ​មក​ផ្ទះ​ឯកឧត្តម កឹម សុខា នេះ គឺ​គ្រាន់​តែមាន​គោលបំណង​ជួយ​ការ​ពារសន្តិសុខ និង​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ខ្លួន បើសិន​មាន​បាតុកម្ម​កើតឡើង ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បាតុកម្ម​ដោយ​ហិង្សា​គប់​ដុំថ្ម ចូល​ផ្ទះ​ឯកឧត្តម កឹម សុខា ដូច​លើក​មុន​ទៀត​ប៉ុណ្ណោះ។ ប្រភព៖ ThmeyThmey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]