រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រចំណីសត្វម្នាក់បានអះអាងថា នាងត្រូវជនមិនស្គាល់មុខ៣នាក់ជិះ រថយន្តប្រភេទទួរីសមួយគ្រឿងមិនដាក់ក្នុងរថយន្ត ហើយបើកគេចចូលរាជធានីភ្នំពេញមាន ប្រមាណជិតមួយគីឡូម៉ែត្រ តែនាងរើបម្រះរួចក៏បើកទ្វាររថយន្តលោតចុះ គេចផុតពីក្រញាំដៃជនទាំង៣នាក់នោះ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ សីហា នៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ចម្ងាយប្រមាណ៥០ម៉ែត្រពីរោងចក្រដែលនាងធ្វើការ ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៣រសៀល គឺប្រមាណ២ម៉ោងក្រោយមក ។

ស្ត្រីដែលជនមិនស្គាល់មុខ ចាប់នោះឈ្មោះវណ្ណ ស៊ីណា អាយុ១៤ឆ្នាំ ជាកម្មការិនីរោងចក្រដឺហ៊្វេរមេនូហ៊្វែកឈ័ររីង ទើបចូលធ្វើការបានពីរថ្ងៃ ដោយដាក់ឈ្មោះ ផាខឹម ណែនី ដែលជាឈ្មោះខ្ចីសៀវភៅគេ មានទីលំនៅផ្ទះលេខ៨៦ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ បានរងរបួសត្រគៀក ។ ទាក់ទិននឹងការចាប់ខ្លួននេះ គេពុំដឹងពីមូលហេតុទេ ហើយក៏មិនមែនជាករណីចាប់ជំរិតដែរ ព្រោះស្ត្រីរូបនេះជាគ្រួសារក្រីក្រដែលម្តាយលក់គុយទាវតូចតាច និងឪពុកជាកម្មករសំណង់ ។

តាមព័ត៌មានឱ្យដឹងថា ជនដៃដល់មានគ្នា៣នាក់ជិះរថយន្តប្រភេទទួរីសមួយគ្រឿង ពណ៌ខៀវចាស់មិនស្គាល់ម៉ាក បានចុះមកចាប់ស្ត្រីរូបនេះច្រកបាវនៅពេលនាងកំពុងឈរចាំជិះរ៉ឺម៉កម៉ូតូត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់ពីចាប់ដាក់រថយន្ត នាងបានរើបម្រះរួចហើយ ក៏លោតចុះ និងជិះម៉ូតូឌុបទៅតាមបងប្អូនធ្វើដំណើរទៅផ្ទះ លុះក្រោយមកទើបមកប្តឹងសមត្ថកិច្ច ។

តាមនារីរងគ្រោះឈ្មោះវណ្ណ ស៊ីណា ឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានចេញពីធ្វើការ ហើយហូបបាយរួចក៏ឈរចាំរ៉ឺម៉កម៉ូតូនៅចម្ងាយប្រមាណ៥០ម៉ែត្រពីរោងចក្រ ។ ពេលនោះស្រាប់តែមានរថយន្តប្រភេទទួរីស ពណ៌ខៀវចាស់មួយគ្រឿងមកឈប់ក្បែរ ហើយជនពីរនាក់និយាយភាសាវៀតណាមបានចុះមកចាប់នាងច្រកបាវរួចបើកទ្វាររថយន្តក្រោយសែងនាងដាក់រថយន្ត ហើយបើកចូលរាជធានីភ្នំពេញ ។

ស្ត្រីរូបនោះបន្តទៀតថា ខណៈនាងបានរើបម្រះរួចព្រោះបាវមិនចងម៉ាត់ ហើយបើកទ្វាររថយន្តលោកតចុះគេចខ្លួនពេលរថយន្តបើកយឺតបត់ត្រឡប់ក្រោយវិញ ។ នៅពេលលោតចុះនោះរថយន្តត្រឡប់មកវិញប្រុងចាប់ម្តងទៀត តែមានរថយន្តមកច្រើនរថយន្តជននោះបានគេចចូលរាជធានីភ្នំពេញបាត់ទៅ ។ បន្ទាប់មកនាបានទៅរកបងប្អូននៅរោងចក្រ នៅសង្កាត់ទួលសង្កែ ហើយនាំនាងទៅផ្ទះ ។

តាមព័ត៌មានបន្តទៀតថា បន្ទាប់ពីមានករណីចាប់មនុស្សភ្លាមពុំមានការភ្ញាក់ផ្អើលនោះទេ ប្រមាណ២ម៉ោងក្រោយមកនៅពេលមានគេទូរស័ព្ទទៅវិទ្យុអេប៊ីស៊ី ក៏មានការភ្ញាក់ផ្អើល និងឮតៗគ្នាមានគេយកមនុស្សទៅទម្លាក់ចោលទើបផ្អើលដល់សមត្ថកិច្ចនាំគ្នាដើរកនិងនាំនាងមកសាកសួរ ។ ទន្ទឹមនោះមានស្ត្រីពីរនាក់ប្តីប្រពន្ធដែលបានបាត់កូនក្រមុំរយៈពេល២ថ្ងៃបានតាមរកដែរបន្ទាប់ឮតាមវិទ្យុ ព្រមទាំងកាន់រូបថតមកតាមដែរ តែមិនមែន ។

ស្ត្រីដែលត្រូវគេចាប់ពុំបានសម្រេចបានឱ្យដឹងថា កន្លងមកនាងធ្លាប់មានទំនាស់គ្នាជាមួយអ្នកភូមិបន្តិចបន្តួចប៉ុណ្ណោះ ។ ចំណែកជនដែលធ្វើសកម្មភាពចាប់នាងនោះពុំស្គាល់ឡើយ សង្ស័យជាជនជាតិវៀតណាម ព្រោះនិយាយវៀតណាម ។  តាមសមត្ថកិច្ចឱ្យដឹងថា នេះមិនមែនជាករណីចាប់ជម្រិតនោះទេ សង្ស័យគេចាប់នាងយកទៅធ្វើបាបឬជារឿងគំនុំអ្វីមួយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]