ហ្វីលីពីន៖ រឿងរ៉ាវចម្រូងចម្រាស ទាក់ទងនឹងពាក្យសម្តីរបស់ កំពូលកីឡាករប្រដាល់ Manny Pacquiao កំពុងតែក្តៅគគុកនៅឡើយ រហូតធ្វើឲ្យក្រុមហ៊ុន Nike បានសម្រេចចិត្តបញ្ចប់ កុងត្រារបស់ខ្លួន ជាមួយនឹង កីឡាកររូបនេះ នាពេលថ្មីៗនេះ បើទោះជា Pacquiao បានចេញមុខ សុំទោសជាសាធារណៈ ហើយក្តី។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលកន្លងទៅ ថ្មីៗនេះ កីឡាករប្រដាល់ លោក Manny Pacquiao បាននិយាយក្នុងន័យ ប្រមាថទៅដល់ ក្រុមមនុស្សដែល ស្រឡាញ់ភេទដូចគ្នា នៅអំឡុងពេលធ្វើបទសម្ភាសន៍ ក្នុងប៉ុស្ត៍ទូរទស្សន៍មួយ របស់ប្រទេសហ្វីលីពីន ដែលបានបង្កឲ្យមាន ការផ្ទុះកំហឹង យ៉ាងខ្លាំងពីសំណាក់ មនុស្សជាច្រើន មិនថានៅក្នុងស្រុក ឬក្រៅស្រុកឡើយ។

ក្នុងនោះកំពូលកីឡាករប្រដាល់ វ័យ៣៧ឆ្នាំរូបនេះ បាននិយាយថា “វាជាការយល់ដឹងជាទូទៅមួយ តើអ្នកដែលឃើញ សត្វចែចូវជាមួយ (ពាក់គ្នា) នឹងភេទដូចគ្នាទេ? សត្វគឺល្អជាងពួកគេ ព្រោះថាសត្វអាច យល់ដឹងពីភាពខុសគ្នា រវាងប្រុស និងស្រី។ ប្រសិនបើមនុស្សប្រុស ស្រលាញ់ប្រុស ហើយមនុស្សស្រី ស្រលាញ់ស្រី ដូច្នេះពួកគេគឺ អាក្រក់ជាងសត្វទៅទៀត”។


Manny Pacquiao ជួបបញ្ហាធ្ងន់ ក្រោយពីលោកបាន ប្រើពាក្យប្រមាថមើលងាយ ក្រុមមនុស្សស្រលាញ់ ភេទដូចគ្នា

ដោយសារតែ មានភាពចម្រូងចម្រាស ជុំវិញពាក្យសម្តី ទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុន ផលិតសម្ភារៈកីឡា ដ៏ធំមួយរបស់ពិភពលោក បានចេញសេចក្តីថ្លែងការណ៍ មួយកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ ដោយបានបញ្ជាក់ថា “ពួកយើងយល់ថា ការលើកឡើងរបស់ Pacquiao ពិតជាមិនអាច ទទួលយកបាន។ Nike ប្រឆាំងជាដាច់ខាត ចំពោះការប្រកាន់ពូជសាសន៍នានា ហើយយើងក៏ធ្លាប់ ធ្វើការគាំទ្រ និងលើកទឹកចិត្ត ចំពោះសហគមន៍ មនុស្សស្រលាញ់ភេទដូចគ្នា ជាយូរមកហើយដែរ។ ដូច្នេះចាប់ពីពេលនេះទៅ ពួកយើងនឹងលែងមាន ទំនាក់ទំនងជាមួយ កីឡាករប្រដាល់ Manny Pacquiao ទៀតហើយ”។

គូសបញ្ជាក់ផងដែរថា ការលើកឡើងទាំងនេះ របស់ក្រុមហ៊ុន Nike គឺមានន័យថាក្រុមហ៊ុនមួយនេះ នឹងបញ្ចប់នូវរាល់កិច្ចសន្យា របស់ខ្លួនដែលមាន ជាមួយនឹងកីឡាករ Pacquiao ចាប់ពីពេលនេះតទៅ។ យ៉ាងណាមិញ កីឡាករ Pacquiao ក៏បានចេញមុខ សុំទោសជាសាធារណៈ កាលពីយប់ថ្ងៃអង្គារ នេះរួចហើយដែរ ជុំវិញការប្រើពាក្យសម្តី មិនសមរម្យរបស់ខ្លួន ក៏ប៉ុន្តែរងើកនៃភ្លើងកំហឹង ពីសំណាក់មនុស្សជាច្រើន ជុំវិញពិភពលោក ហាក់មិនចុះថមថយឡើយ៕


រូបភាពពេលដែល Pacquiao ប្រកួតជាមួយ Floyd នាពេលកន្លងទៅ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]