ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន៥​នាក់​ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈ៤នាក់រងរបួស​កំពុងដេកពេទ្យ ឯមួយចំនួនទៀតបានរត់ចោល​ស្រុកក្រោយពីពួកគេប្រើដំបងនិងដុំថ្មប្រយុទ្ធគ្នា​យ៉ាងឃោរឃៅក្នុងរោងការមួយ តែមិន​ឈ្នះ​មិន​ចាញ់ពួកគេបានស្ទាក់វាយគ្នាតាមដងផ្លូវ​ទៀត កាល​ពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី​១៩ កុម្ភៈ នៅក្នុងភូមិសួស្ដី ឃុំតាលាស់ ស្រុក​មោង​ឫស្សី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរ​បាល​ស្រុកមោងឫស្សីបានឲ្យដឹងថា ក្មេង​ទំនើង​ទាំង២ក្រុមនេះ មួយក្រុមៗមានបក្ស​ពួក​ជិត​១០​នាក់ បានប៉ះប្រយុទ្ធគ្នាលើកទី១​នៅ​យប់ថ្ងៃទី​១៨ កុម្ភៈ ប៉ុន្តែមិនឈ្នះមិនចាញ់ លុះនៅ​ល្ងាច​ថ្ងៃ​ទី១៩ កុម្ភៈ ពួកគេស្ទាក់វាយគ្នា​ទៀត រហូតត្រូវ​ចាប់​ខ្លួន៥នាក់ ឯ៤នាក់រងរបួស និងមួយចំនួន​រត់​ចោលស្រុកបាត់អស់។ ជនទាំង​៥នាក់ដែលត្រូវ​ចាប់​ខ្លួនរួមមាន ១-ឈ្មោះថេង ធឿន ហៅជីប អាយុ២៤ឆ្នាំ ២-ឈ្មោះរិន គ្រី អាយុ​២៥ឆ្នាំ ៣-ឈ្មោះកាក់ សារ៉ាត់ ហៅរឿប អាយុ​៣៣ឆ្នាំ ៤-ឈ្មោះយើន យ៉ត អាយុ១៨ឆ្នាំ និង​៥-ឈ្មោះធួម កាក់ អាយុ២៣ឆ្នាំ។ ភាគីនេះ​រងរបួស២នាក់ គឺ​ឈ្មោះឈឿន រ័ត្ន អាយុ២៦ឆ្នាំ និងឈ្មោះរិន រឹត អាយុ៣០ឆ្នាំ ក្រុមនេះនៅភូមិ​ស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី។ រីឯភាគី​ម្ខាង​ទៀតមានរបួស២​នាក់​ដែរគឺឈ្មោះស៊ន សេត អាយុ២៥ឆ្នាំ និង​ឈ្មោះ​រ៉ន តុលា អាយុ​១៨​ឆ្នាំ ជនទាំង២នាក់នេះ​កំពុង​ដេកពេទ្យ​ក្រៅពី​នេះ​បានរត់គេចខ្លួន​អស់​ហើយ។ ក្រុមនេះនៅ​ភូមិសួស្ដី​កន្លែងកើតហេតុ។ សមត្ថកិច្ចនិយាយថា ភាគីភូមិសួស្ដីជាអ្នកស្ទាក់​វាយ​ភាគីភូមិស្រែអូរ​ ក្រោយ​ពីប្រយុទ្ធគ្នាមិន​ឈ្នះ​​មិនចាញ់ក្នុងរោងការ​ដំបូង។

នៅក្នុងកំណត់ហេតុសាកសួរជនដែលត្រូវ​ចាប់ខ្លួនទាំង៥នាក់បាននិយាយថា ពួកខ្លួនទាំង៧​នាក់បានទៅចូលរួមរាំលេងក្នុងពិធីមង្គលការមិត្ត​ភក្ដិនៅភូមិសួស្ដី ។ ពេលកំពុងរាំស្រាប់តែភាគី​ភូមិ​សួស្ដីស្ទុះមកវាយបក្សពួកខ្លួនមុន បណ្ដាល​ឲ្យ​ផ្អើលពេញវង់រាំ តែបានស្ងប់ស្ងាត់វិញក្រោយ​ពី​មាន​អ្នកភូមិជួយសម្រួល។ ក្រុមនេះបន្តថា លុះ​នៅ​ល្ងាចថ្ងៃទី១៩ កុម្ភៈ ពេលចេញពីរោង​ការ​ត្រឡប់​ទៅផ្ទះវិញស្រាប់តែក្រុមនេះស្ទាក់វាយ​ពួក​ខ្លួនទៀត បណ្ដាលឲ្យមានរបួសទាំងសង​ខាង ហើយសមត្ថកិច្ចបានឃាត់ពួកខ្លួន៥នាក់ ឯ​ភាគី​ម្ខាងទៀតក្រៅពីអ្នករបួសពួកគេបានរត់​គេច​ខ្លួន​អស់។

សាក្សីក្នុងមូលដ្ឋានបាននិយាយដែរថា តាម​ពិត​ក្រុមទាំង២ គឺសុទ្ធតែជើងខ្លាំងដូចគ្នា គ្មាន​ក្រុម​ណាមួយអន់ទេ។ ពួកគេ​កន្លង​មកសុទ្ធតែ​ធ្លាប់​ប៉ះទង្គិចគ្នា ដូច្នេះពេល​មាន​ឱកាស​ជួបគ្នាជា​ថ្មី ពួកគេក៏ខាំធ្មេញដាក់គ្នារហូត​ឈានដល់ការ​ប្រយុទ្ធគ្នាយ៉ាងឃោរឃៅតែម្ដង។

លោកគិត ហៀង អធិការនគរបាលស្រុក​មោង​ឫស្សីបាននិយាយថា លោកស្នងការបាន​បញ្ជាឲ្យឃាត់ខ្លួនពួកគេទាំងអស់បញ្ជូនទៅតុលា​ការ រីឯអ្នករបួសទាំង២ភាគី និងអ្នករត់គេចខ្លួន ទុកឲ្យលោកព្រះរាជអាជ្ញាចាត់វិធានការតាម​ក្រោយ បន្ទាប់ពីរបួសពួកគេធូរស្រាល។ បច្ចុ​ប្បន្ន​ជន​ពាលទាំង៥នាក់ដែលត្រូវចាប់ខ្លួនត្រូវ​បាន​បញ្ជូនទៅកាន់តុលាការហើយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]