ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​ជូន​ដំណឹង​ទុក​រយៈពេល​១​ខែ​ ដើម្បី​រុះរើ​សំណង់អាជីវកម្មគ្រប់​ប្រភេទចេញពី​ដី​ចំណី​ឆ្នេរ​ចំនួន​៣ រួម​មាន ​ឆ្នេរ​អូ​ត្រេះ ឆ្នេរ​អូ​រ​ឈើទាល​ (​ទល់មុខ​ដី​ក្រុមហ៊ុនសុខា​អូ​តែ​ល អតីតៈ​ដី​អា​រី​ស្តុ​ន​) និងឆ្នេរ​មុខ​ព្រះរាជ​ដំណាក់​ចាស់​កំពង់​សោម ​​ដើម្បី​រៀបចំ​សោ​ភ័​ណភាព​ឆ្នេរសមុទ្រ​កម្ពុជា ​។

យោង​តាម​សេចក្តីជូន​ដំណឹង​របស់​គ​ណៈបញ្ជាការ​ឯកភាពខេត្ត​ព្រះ​សីហ​នុ​ លេខ​០៦៤/១៦ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១២ ​កុម្ភៈ ​​២០១៦ មាន​ខ្លឹមសារ​ថា គ​ណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​​អាជីវករ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ លក់ដូរ​លើ​ឆ្នេរ​អូ​រត្រេះ ឆ្នេរ​អូ​ឈើទាល​ (​ទល់មុខ​ដី​ក្រុមហ៊ុន សុខា​អូ​តែ​ល អតីតៈ​​ដី​អា​រី​ស្តុ​ន​) និងឆ្នេរ​មុខ​ព្រះរាជ​ដំណាក់​ចាស់​កំពង់​សោម ជ្រាប​ថា ​គ​ណៈក​ម្មា​ធិ​ការ​ជាតិគ្រប់គ្រង​ និងអភិ​វ​ឌ្ឍតំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​គ​ណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​កែ​លម្អ​ និងអភិ​វ​ឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ធានា​​​ការ​គ្រប់គ្រង និងរក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាពស្រប​ទៅ​តាម​ខ្លឹមសារ នៃ​សារាចរ​ណ៏​ណែនាំ​លេខ០១ សរណ​ន ចុះ​ថ្ងៃ​ទី​៣ ​ខែកុម្ភៈ ឆ្នាំ​២០១២ ស្តី​ពី​ការ​អភិ​វ​ឌ្ឍតំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ដូច្នោះ​គ​ណៈបញ្ជាការ​ឯកភាពរ​ដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នើ​បងប្អូន​អាជីវករ ដែល​លក់ដូ​នៅ​ទីតាំង​ទាំង​៣កន្លែង​ដូច​បាន​​ជម្រាប​ជូន​ខាងលើ​នេះ ត្រូវ​រុះរើ​សំណង់​អាជីវកម្ម ទាំងនោះ​ចេញ​ពីលើ​ដី​ចំណី​ឆ្នេរ ​ដោយ​​ទុក​រយៈ​ពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​១៣ ​ខែ​​កុម្ភៈ ​ដល់​ថ្ងៃ​ទី​១៣​ ខែ​មី​នា​ ឆ្នាំ​២០១៦ ​ជា​កំហិត ​។ ផុតកំណត់​ការ​បរិ​ច្ឆេ​ទ​​នេះ​ គ​ណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ទេ​ ។

ស្រប​ពេល​ដែលអាជ្ញាធរ​ខេត្ត​បាន​ចេញ​​​សេចក្តីជូន​ដំណឹង ក្នុង​កា​រុះរើ​សំណង់នៃ​ទីតាំង​ត្រង់​ចំណុច​​ឆ្នេរ​ទាំង​៣​ខាង​លើ​​នេះ ​ក្រុមអា​ជីរ​ករ​មួយ​ចំនួន​បាន​​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ពួក​គេអាច​ត្រៀម​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ទី​១៥​ ​កុម្ភៈ ​នៅ​មុខ​សាលាខេត្ត ដើម្បី​ទាមទា​រតម្លាភាព ក្នុង​មុខរបរ​អាជីវកម្ម តាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ព្រោះតែ​ឆ្នេរ​ជា​ច្រើន​កន្លែង​ទៀត ​ដែល​មានការ​ពាក់​ព័​ន្ឋ​ទៅ​នឹង​អ្នកមាន​អំណាច អាជ្ញាធរ​ហាក់​ពុំ​មានការ​អើរ​ពើ ដូច​ជា​ ឆ្នេរ​ឯករាជ្យ ឆ្នេរ​លំហែកាយ ឆ្នេរ​សុខា និង​ឆ្នេ​អូរ​ឈើទាល​ ផ្នែក​ខាងលិច​​ ​ទីតាំង​កងរាជអាវុធហត្ថ​ចាស់​ ជាដើម... ​៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]