ចិន៖ ការជូនកាដូ និងជូនអំណោយគ្នាទៅវិញទៅមក សម្រាប់បង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់រវាង ដៃគូស្នេហា មិត្តភក្តិ បងប្អូន ឪពុកម្តាយ ជារឿងដែលមនុស្សភាគច្រើនជុំវិញពិភពលោក មិនភ្លេចធ្វើឡើយ ក្នុងទិវានៃក្តីស្រលាញ់។ ក្នុងនោះផ្កាកូលាប ក៏ត្រូវបានចាត់ទុកជានិមិត្តសញ្ញានៃទិវាក្តី​ស្រលាញ់ និងជាអំណោយដ៏ពេញនិយម សំរាប់ជូនទៅកាន់ដៃគូស្នេហា ក្នុងចំណោមមនុស្សភាគច្រើនផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្កាកូលាបមាស ត្រូវបានដាក់លក់នៅតាមបណ្តាហាងលក់មាសមួយចំនួន ដែលជាកាដូកំពុងមានប្រជាប្រិយបំផុតនៅក្នុងប្រទេសចិន នាឱកាសទិវានៃក្តីស្រលាញ់។ ក្នុងនោះយើងអាចឃើញរូបភាពបុគ្គលិកក្នុងហាងមាស​មួយកន្លែង ក្នុងទីក្រុង Yantai ខេត្តស៊ាងដុង កាន់កូលាបមាសដ៏ស្រស់ស្អាត ជាទីចាប់អារម្មណ៍​និងពេញនិយមបំផុត ដែលកំពុងដាក់តាំងលក់ក្នុងហាង។

បើយោងតាមគេហទំព័រ ដែលលក់កូលាបមាសតាមអនឡាញមួយនៅប្រទេសចិន បានបញ្ជាក់ថា កូលាបមាស នេះត្រូវបានធ្វើឡើងដោយដៃមនុស្សផ្ទាល់ ហើយដើម្បីអាចចេញជារូបរាងកូលាបមាសមួយៗ ត្រូវចំណាយពេល​៥ថ្ងៃ ដោយឆ្លងកាត់អ្នកជំនាញយ៉ាងប្រុងប្រយ័ត្ន និងជាច្រើនជំហាន ទំរាំអាចឲ្យកូលាបមាស មានសភាពមើលទៅដូចជា ផ្កាកូលាបមែនទែន។

ចំពោះតម្លៃកូលាបមាសវិញ គេហទំព័រអនឡាញដដែល បានដាក់បង្ហាញតម្លៃមានចាប់ពី ១០០ដុល្លារ ដល់ ១,០០០ ដុល្លារ ទៅតាមលក្ខណៈ រូបរាង និងគុណភាពទឹកមាស របស់កូលាបមាសទាំងនោះ៕

 

កូលាបមាសដាក់លក់នៅប្រទេសចិន

ប្រភព Chinadaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]