ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ជាថ្ងៃដែលមនុស្សរាល់គ្នាជុំវិញពិភពលោក តែងចូលរួមបង្ហាញសេចក្ដីស្រលាញ់ចំពោះមនុស្សសំខាន់ៗក្នុងជីវិតរបស់ពួកគេ ដោយក្នុងនោះមានដូចជា ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់ជាដើម។

យ៉ាងណាមិញ សម្រាប់យុវវ័យវិញ ពួកគេតែងតែមានត្រៀមជាកាដូ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ សំរាប់ជូនមនុស្សជាទីស្រលាញ់ ឬគូស្នេហ៍ ខណៈអ្នកខ្លះវិញដែលមិនមានគូស្នេហ៍ ក៏មានអារម្មណ៍ថាឯកាផងដែរ នៅក្នុងទិវានៃក្ដីស្រលាញ់នេះ។ ហេតុនេះហើយ ទើបក្រុមការងាររបស់ Rayuth HD បានផលិតចម្រៀងមួយបទ មានចំណងជើងថា «ប្រាថ្នាថ្ងៃនៃក្ដីស្រលាញ់» ទុកជាកាដូដល់អ្នកដែលឯកា និងអ្នកមានគូទាំងអស់ ស្តាប់កម្សាន្តនាឱកាសទិវានៃក្តីស្រលាញ់ឆ្នាំ ២០១៦នេះ។

គួរបញ្ជាក់ថា បទនេះត្រូវបាននិពន្ធឡើងជាមួយបទភ្លេងថ្មី ដែលមានទំនុកច្រៀង និងច្រៀងដោយលោក ភី វិសាល ហើយគ្រប់គ្រងការផលិតថត និងដឹកនាំដោយ អន មុនីរឹទ្ធ ហៅ Rayuth HD ក្រោមការឧបត្ថម្ភការផលិតដោយគេហទំព័រព័ត៌មានខ្មែរឡូត (Khmerload) ហាងលក់សម្លៀកបំពាក់លីថល (Little Fashion) និងលីថល ភីកឈ័រ (Little Pictures)។

សំរាប់បទនេះ លោក ភី វិសាល ដែលជាអ្នកចម្រៀង ជាអ្នកនិពន្ធបទភ្លេងថ្មី និងនិពន្ធទំនុកច្រៀងផងនោះ បាននិយាយថា៖ “បទនេះចង់និយាយអំពីបុរសម្នាក់ ដែលគាត់បែកពីសង្សារទាំងឈឺផ្សាខ្លាំងបំផុត ហើយមួយរយៈក្រោយទៀត ជិតដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ភាពឯការបស់គាត់បានបំភ័យគាត់ ធ្វើឲ្យគាត់ចង់មានគូស្នេហ៍ម្នាក់ទៀត ហើយជាមនុស្សដែលមានចិត្តស្មោះដូចគាត់។ គាត់ចង់មានបន្តិច អត់បន្តិច ខ្លាចដូចអ្នកចាស់ ទើបគាត់បានទាក់ទងខ្ញុំឲ្យខ្ញុំសរសេរបទនេះឡើង។ ខ្ញុំមុនដំបូងគ្រាន់តែធ្វើលេងប៉ុណ្ណោះ ទៅតាមសំណូមពរ មិននឹកស្មានថាក្រុមការងារ Rayuth HD បានមកទាក់ទងខ្ញុំ ធ្វើវីដេអូនេះឡើងទាល់តែសោះ ខ្ញុំពិតជាសប្បាយចិត្តមែនទែន”។ លោក ភី វិសាល បានបន្តទៀតថា៖ “បទនេះខ្ញុំបានចំណាយពេលធ្វើបទភ្លេងនិពន្ធថ្មីមិនចម្លងពីបរទេសរយៈពេល៣ថ្ងៃ និងសរសេរទំនុកច្រៀងត្រឹមតែរយៈពេល ២ម៉ោងប៉ុណ្ណោះ ហើយក៏ថតសំឡេងបទនេះឡើង”។

ចំណែកឯលោក អន មុនីរឹទ្ធ ហៅ Rayuth HD បាននិយាយថា “បទនេះត្រូវបានថតឡើង នៅថ្ងៃទី៦ ខែកុម្ភៈ មុនពិធីសែនចូលឆ្នាំចិនមួយថ្ងៃ។ មុននឹងថតខ្ញុំបានសរសេរសាច់រឿងនេះឡើង ដោយស្វែងរកគំនិតថ្មីខ្លួនឯង ដោយមិនចម្លងប្លង់ និងសាច់រឿងពីបរទេសឡើយ ហើយចំណាយរយៈពេល ៣ថ្ងៃ សម្រាប់គិត និងសរសេររឿងនេះឡើង។ ក្រោយពីផលិតចប់ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ហើយអ្វីជាឧបសគ្គសម្រាប់ខ្ញុំ គឺទីតាំងមួយចំនួនគេមិនអនុញ្ញាតឲ្យថត បានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរប្លង់ថតចុះឡើងៗ និងប្លង់មួយចំនួនទៀត ថតហើយតែលុបចោលវិញព្រោះអត់ល្អ ហើយថតជួសឡើងវិញ​ នៅថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ការផលិតចម្រៀងមួយបទៗមិនងាយស្រួលនោះទេ”។ នេះជាការលើកឡើងរបស់ក្រុមការងារផលិត ក្នុងគោលបំណងចែករំលែក នូវបទពិសោធន៍ជូនដល់ប្រិយមិត្តឲ្យបានជ្រាប៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ អំពីបទចម្រៀងនេះផ្ទាល់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]