កូឡុំប៊ី៖ វាជារឿងមួយដែលស្មានមិនដល់ បន្ទាប់ពីតារាម៉ូដែលស្រីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពេលនាងបានចាប់ជំរិត និងធ្វើទារុណកម្ម ទៅលើនារីរងគ្រោះម្នាក់​ គ្រាន់តែមូលហេតុជម្លោះនៅលើបណ្តាញសង្គមសោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលស្រី សញ្ជាតិកូឡុំប៊ី មានឈ្មោះ Yeimi Rey អាយុ២១ឆ្នាំ បានសមគំនិតគ្នាជាមួយនឹងបងស្រីរបស់នាង ឈ្មោះ Claudia ពាក់ព័ន្ធនឹងករណីចាប់ជំរិត និងធ្វើទារុណកម្ម ក្នុងគោលបំណងដើម្បីធ្វើបាប មិត្តរួមការងារម្នាក់ជាតារាម៉ូដែលដូចគ្នា មានឈ្មោះ Carolina Munoz ដែលជាជនរងគ្រោះ។


តារាម៉ូដែល Yeimi Rey ត្រូវប៉ូលីសចាប់ខ្លួន ក្រោយពីបង្កហឹង្សា ទៅលើមិត្តរួមការងារ

យ៉ាងណាមិញ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួច ប៉ូលិសបានធ្វើការឃាត់ខ្លួន នាង Yeimi នៅឯព្រលានយន្តហោះទីក្រុងបូកូតា ប្រទេសកូឡុំប៊ី ខណៈពេលដែលនាង ប្រុងហោះទៅកាន់ ទីក្រុង Miami សហរដ្ឋអាមេរិក។

បើតាមការរៀបរាប់របស់នារីរងគ្រោះ នាង Carolina បានឲ្យដឹងថា បងប្អូនស្រីទាំង២នាក់នោះ បានវាយប្រហារមកលើនាងក្នុងបំណងសងសឹក ក្រោយពីខ្លួនបានបង្កើតគណនីក្លែងក្លាយមួយ នៅលើបណ្តាញសង្គម និងបានបង្ហោះរូបរាង និងមុខមាត់មិនស្អាតរបស់ពួកគេ មុនពេលធ្វើការវះកាត់កែសម្ផស្ស។

នាង Carolina បាននិយាយទៀតថា “សកម្មភាពសងសឹក របស់ពួកគេនោះ ពិតជាគួរឲ្យតក់ស្លុតណាស់ ដោយពួកគេបានចាប់ខ្ញុំញាត់បញ្ចូលឡាន រួចនាំគ្នាធ្វើទារុណកម្មមកលើខ្ញុំ យ៉ាងកម្រោលដូចជា ខាំ បោចសក់ ចាប់ហែកខោអាវ ចាប់កោរសក់ និងយកឧបករណ៍ឆក់ មកឆក់ខ្ញុំជាដើម”។


Yeimi ពេលដែលប៉ូលីស ធ្វើការឃាត់ខ្លួន

នារីរងគ្រោះដដែលបានបន្ថែមថា “ជាមួយគ្នានោះ ពួកគេបានប្រាប់ខ្ញុំថា ពួកគេស្គាល់មនុស្ស មានអំណាចជាច្រើន ដូច្នេះពួកគេហ៊ានសម្លាប់ខ្ញុំ ដោយមិនខ្លាចជាប់គុក ហើយបើសិនជាខ្ញុំហ៊ាន ធ្វើអ្វីផ្សេងទៀត ប៉ះពាល់ពួកគេ នៅពេលក្រោយ ពួកគេនឹងជះទឹកអាស៊ីត និងបំផ្លាញជីវិតរបស់ខ្ញុំជាក់ជាមិនខាន”។

ទោះយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវមួយនេះ ប៉ូលិសទើបតែ ធ្វើការឃាត់ខ្លួនបាន តារាម៉ូដែល Yeimi ម្នាក់តែប៉ុណ្ណោះ ដោយឡែកបងស្រីរបស់នាងម្នាក់ទៀតគឺ Claudia នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ តែប៉ូលិសក៏កំពុងតែតាមស្វែងរកផងដែរ។

គូសបញ្ជាក់ផងដែរថា នាង Carolina បានសារភាពថា នាងពិតជាបង្កើតគណនីក្លែងក្លាយ ដើម្បីធ្វើឲ្យបងប្អូនស្រី ២នាក់នោះអាម៉ាសមុខមែន តែនេះក៏ដើម្បីការពារខ្លួន និងធ្វើដាក់ពួកគេវិញ បន្ទាប់ពីពួកគេ បាននិយាយអាក្រក់ៗ និងបង្ហោះរូបស្រាតរបស់ខ្លួននៅលើបណ្តាញអ៊ិនធឺណេតដែរ៕


ជនរងគ្រោះនាង Carolina (កណ្តាល), Yeimi (ឆ្វេង) និងបងស្រី Claudia (ស្តាំ)


វីដេអូពេលដែលនាង Yeimi ត្រូវប៉ូលីសឃាត់ខ្លួន នៅឯព្រលានយន្តហោះ

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]