ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ជំនាញ​ ព្រហ្មទណ្ឌ​ខេត្ត​-​ស្រុក​ កំពុង​ដុតដៃដុតជើង លើ​វិធាន​ការណ៍ ​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ប្រ​តិ​បត្ត​ការ​ ស្រាវជ្រាវ​ លើ​មុខសញ្ញា​ ក្រុម​ចោរ​ប្រដាប់​អាវុធ​ ៤​ នាក់ ដែល​ធ្វើ​សកម្មភាព​ បាញ់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ មួយ​គ្រួសារ តែ​មិន​បាន​សម្រេច និង​បាន​បាញ់​តដៃ​គ្នា​ ជាមួយ​នគរបាល បណ្តាល​ឱ្យ​ រង​របួស​ដៃជើង​២​នាក់ ។

អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ កើតឡើង​ កាលពី​យប់ ​ថ្ងៃ​ទី​១២ កុម្ភៈ លើ​គ្រួសារ​អ្នក​រកស៊ី​ ចងការ​ប្រាក់​មួយ នៅ​ក្នុងភូមិ​អូ​តា​ញាន ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បង្ក​ឡើង​ដោយ ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ មាន​គ្នា​៤​នាក់ មាន​កាំភ្លើង​វែង​-​ខ្លី ។

ស្ត្រី​រង​គ្រោះ​ ២​នាក់​ម្តាយ​-​កូន ដែល​រង​គ្រោះ​ មានឈ្មោះ ​ប៉ិ ភៀន អាយុ​៦៥​ឆ្នាំ (​ម្តាយ​) រង​របួស​បែកក្បាល និង​វាយ​ភ្ជង់​ស្ត្រី​ជា​កូន ​ឈ្មោះ ង៉ូ​វ ស្រី​ពៅ អាយុ​៣៥​ឆ្នាំ ត្រូវ​រង​របួស​ លើ​ដងខ្លួន ។ ចំណែក​នគរបាល​២​រូប ដែល​រង​នូវ​ការ​បាញ់​របួស​ មានឈ្មោះ​ អ៊ុ​ច សុ​ផា​ណា ជា​អនុសេនីយ៍ទោ មាន​តួនាទី​ជា ​នាយ​ផ្នែក​បច្ចេកទេស​ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល ​ស្រុក​ស្នួល (​របួស​ភ្លៅ​ឆ្វេង​) និង​ម្នាក់​ទៀត​ ឈ្មោះ​ ឆៃ លាង ជា​មន្ត្រី​ផ្នែក​សន្តិសុខ ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្នួល របួស​កំ​ផួ​ន​ដៃ​ឆ្វេង ។

លោក​អធិការ​ បាន​បញ្ជាក់​ថា ពេលដែល​ក្រុម​ចោរ កំពុង​វាយ​កម្ទេច​ទូដែក​ នៅ​ក្នុងផ្ទះ ​ខណៈនោះ​​ប្តី​ របស់​ស្ត្រី​រង​គ្រោះ​ បាន​មក​ដល់​​ផ្ទះ ក៏​ឃើញសភាព​មិន​ស្រួល បាន​រាយការណ៍​ មក​កម្លាំង​នគរបាល ហើយ​កម្លាំងបាន​​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ក៏​ត្រូវ​ក្រុម​ចោរ​​ បាញ់​រះ​ មក​លើ​នគរបាល ​ដើម្បី​រំដោះខ្លួន​ ។

ទោះជា​យ៉ាងណា ក្នុង​សកម្មភាព​ ចូល​ប្លន់ ​របស់​ក្រុម​ចោរ គឺ​ធ្វើ​ឡើង​ មិន​បាន​សម្រេច​ទេ ខណៈ​ដែល​កងកម្លាំង​ល្បាត ​របស់​អធិ​ការ​ដ្ឋាន​ នគរបាល​ស្រុក​ស្នួល និង​កម្លាំង​នគរបាល ​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​អន្តរាគមន៍​ ទាន់​ពេល ទើប​ឈាន​ដល់ ​ការ​បាញ់​តដៃ​គ្នា ដើម្បី រំដោះខ្លួន​ របស់​ក្រុម​ចោរ ក៏​បណ្តាល​ឱ្យ​ កម្លាំង​នគរបាល ​២​នាក់ រង​របួស​ធ្ងន់ធ្ងរ និង​គ្រួសារ​ម្ចាស់ផ្ទះ​ម្តាយ និង​កូន ក៏​រង​របួស ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង ​ពី​មន្ត្រី​នគរបាល​ជំនាញ ​ព្រហ្មទណ្ឌ​ខេត្ត ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ ស្ថាន​ការ​ដល់ទី​តាំង​ ផ្ទះ​កើតហេតុ​៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]