ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ នៅម៉ោងប្រមាណ ១០៖៤៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិង ករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពីបទបង្ករហិង្សា ដោយចេតនា ដោយប្រើដាវកាប់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ រួចមកកម្លាំង អាវុធហត្ថខណ្ឌច្បារអំពៅ បានចុះស្រោវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន នោះទី១.ឈ្មោះ លូន សុពេញរិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិតាងៅលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២.ឈ្មោះ ផា សុបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យ មានទីលំនៅ ផ្ទះលេខ២២៧ ផ្លូវ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី៣.ឈ្មោះ លី ចាន់សុភាក់ ហៅជឺ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្សសាលាឯកជន មានទីលំនៅ ផ្ទះលេខ២៩៤ ផ្លូវ៦៤៤ភូមិដើមម៉ាក់ក្លឿរ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ ដកហូតបាន វត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿង ជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ចំនួន ៣គ្រឿង ដោយឡែកជនរងគ្រោះ ក្នុងសកម្មភាពនេះ ឈ្មោះ ហ សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករជាងឈើ មានទីលំនៅ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានរងរបួសរងរបួសធ្ងន់ ត្រូវក្បាលដេរអស់១០ថ្នេរ។

បើតាមអ្នកភូមិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅនេះ ក្រុមជនជាតិវៀតណាម បាននាំគ្នាមកវាយ លើក្រុមជនសង្ស័យ បណ្តាលអោយខូចខាតម៉ូតូ ១គ្រឿង ហើយក៏នាំគេចខ្លួន បាត់អស់ទៅ បន្ទាប់មកក្រុមជនសង្ស័យដែលមានឈ្មោះ វេវ អាពន្លឺ អាសី អាយុទ្ធ អារិទ្ធ អារ៉េ ប្រដាប់ដោយដាវសាំម៉ូរៃ ១ដើម រណាអាទឹកកក នឹងដុំថ្ម បានជិះម៉ូតូ ៤គ្រឿង ទៅវាយក្រុម ជនជាតិវៀតណាមវិញ។

អ្នកភូមិបានបន្តទៀតថា ពេលជិះទៅដល់ចំនុចដីថ្មី ភូមិវៀតណាម ស្រាប់ប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូតែម្នាក់ឯង ឃើញដូច្នេះឈ្មោះ វេវ ឈ្មោះជឺ នឹងឈ្មោះ យុទ្ធ ដែលជិះម៉ូតូរួមគ្នា បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់តែម្តង ក្រោយបង្ករហេតុហើយ ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូទៅ ជួបជុំគ្នា នៅវត្តកំសាន្ត ហើយបំបែកគ្នាទៅផ្ទះរៀងខ្លួនតែម្តង។ ចំនែកជនរងគ្រោះ ត្រូវបានគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]