ចិន៖ ក្មេងប្រុសអាយុ ១២ឆ្នាំ ដែលមានរហស្សនាម "Little Psy"  បានស្លាប់កាលពីថ្ងៃអង្គារមុននេះ ដោយសារដុះ ដុំសាច់ ក្នុងខួរក្បាល។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុស Jun Min Woo ឬ "Little Psy"  ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងតំបន់ ខេត្ដជីលីន បន្ទាប់ពីពិបាកដកដង្ហើម កាលពីថ្ងៃច័ន្ទ មុននឹងស្លាប់ នៅថ្ងៃបន្ទាប់ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៦។ មូលហេតុដែលធ្វើ Jun Min Woo ស្លាប់ ដោយសារតែដុះដុំសាច់ក្នុងខួរក្បាល ដែលជំងឺនេះត្រូវបានពិនិត្យឃើញ កាលពីខែសីហា ឆ្នាំ ២០១៤ និង Jun Min Woo ធ្លាប់បានធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង ដើម្បីធ្វើការព្យាបាលបែបគីមី។ យ៉ាងណាមិញ អាការៈរបស់ Jun Min Woo បានប្រែក្លាយទៅជាអាក្រក់ កាលពីខែមីថុនា ឆ្នាំ២០១៥ មុននេះ ខណៈដែលក្រុមគ្រួសាររបស់ក្មេងប្រុសនេះ សម្រេចចិត្ដត្រលប់មក ស្រុកកំណើតកាលពីខែកក្កដា ដើម្បីបន្ដការព្យាបាលនៅឯផ្ទះ រហូតដល់ថ្ងៃដែល Jun Min Woo លាចាកលោកតែម្ដង។

គួរបញ្ជាក់ថា Jun Min Woo មានកេរ្ដិ៍ឈ្មោះល្បី នៅក្នុងកូរ៉េខាងត្បូង ជាង៤ឆ្នាំមកហើយ តាមរយៈកម្មវិធី ទូរទស្សន៍ Chinese Dream Show ដែល Jun Min Woo បានសម្ដែងកាយវិការតាមបទចម្រៀង Gangnam Style។ មួយវិញទៀត Jun Min Woo ក៏មានអ្នកគាំទ្រកូរ៉េកាន់តែច្រើនជាងមុន បន្ទាប់ពីមានវត្ដមានក្នុងកម្មវិធី Curious Story Y  នៃទូរទស្សន៍ SBS  ដែលបង្ហាញជាសាធារណៈពី ជំងឺរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ ខណៈដែល Jun Min Woo ធ្លាប់ត្រូវបានអញ្ជើញចូលរួម ដោយផ្ទាល់ពីតារាដ៏ល្បី Psy ក្នុងការប្រគុំតន្ដ្រីរបស់គាត់ សម្រាប់បំណាច់ឆ្នាំ ២០១៤ ៕




រូបភាពរបស់ Jun Min Woo ឬ "Little Psy"  

ប្រភពពី បរទេស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]