ខេត្តព្រះ​វិហារ​ ៖ ​ជន​ជាប់ចោទ​ឈ្មោះ​គួន ខឿត​ អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​ស្ទឹង​ ឃុំ​រអាង ​ស្រុក​សង្គម​ថ្មី​​ ​ត្រូវ​បាន​​សាលា​ដំបូង​ចេញ​​ដីកា​​ឃុំ​ខ្លួន​ ក្នុង​​ករណី​មនុស្ស​ឃាត ​ដោយ​អចេតនា ​ដោយ​​ប្រើ​ប្រាស់​កាំ​ភ្លើង​នៅចំណុច​ព្រៃ​បន្ទាយ​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ស្តៅ​ ស្រុក​សង្គម​ថ្មី​ ខណៈ​​ដេញ​​បាញ់​សត្វ​ស្វា​ បណ្តាល​ឱ្យ​ត្រូវ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ផន​​ សុភី​ ​​អាយុ​១៤​ឆ្នាំ​​ ដែល​កំពុង​​បេះ​ផ្លែ​ឈើ​​បណ្តាល​ឱ្យ​ស្លាប់​ ។

លោក​វរសេនីយ​៍​ឯក​ កែ​ ចំរើន​ ​ស្នង​ការ​រង​នគរ​បាល​​ខេត្ត ​ទទួល​បន្ទុក​កណ្តាល​យុត្តិ​ធម៌​ បាន​​ឱ្យ​ដឹង​​ថា ចំពោះ​មន្ត្រី​​នគរបាល​​​ម្នាក់​ឈ្មោះ​វណ្ណា​ ​រ៉េត ​ហៅក្តាម​​​ដែល​​ពាក់​ព័ន្ធ​​នឹងការ​ចោទ​ប្រកាន់​​ពី​​​ក្រុមគ្រួសារ​ជន​រងគ្រោះ​ថា ​​​បាន​ផ្តល់​​អាវុធ​ដល់​ឈ្មោះ​គួន​ ​ខឿតនោះ​​ ពេល​នេះ​ស្នង​ការ​​ដ្ឋាន​ខេត្ត ​បាន​នាំ​ខ្លួន​​មក​ធ្វើ​ការដាក់​វិន័យ​នៅ ក្នុង​ស្នង​ការ​ដ្ឋាន​ខេត្ត ​ហើយ​និង​​រង់ចាំ​នីតិវិធី​របស់​តុលា​ការ​​ផងដែរ ​។

​សូម​រំឮក​​ថា កាលពី​​ថ្ងៃ​ទី​៧ សីហា ​​ក្មេង​​ប្រុស​​ជំទង់​អាយុ​១៤​ឆ្នាំ​​ម្នាក់​ឈ្មោះ​ផន​​ សុភី ​រស់នៅ​ភូមិ​ខ្នារ ​ឃុំ​រអាង ​ស្រុក​សង្គម​ថ្មី​ ​បាន​​ត្រូវ​ជន​ម្នាក់បាញ់​ប្រហារ​​ស្លាប់​ក្នុង​ថ្លុកឈាម​​ ​នៅ​ក្នុង​ចម្ការ​​ចម្ងាយ​ពីភូមិ​ខាងលើ​​ប្រហែល​​​២០​គីឡូ​ម៉ែត្រ​ ។ ​បើ​តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​សៀម ​ពេត ​អាយុ​៤៨​ឆ្នាំ​ និយាយ​ថា ​នៅ​ថ្ងៃ​ទី​៧ សីហា ​នោះ​​វេលា​​​​ម៉ោង​ប្រហែល​១១​ព្រឹក​​រូបគាត់​រួម​ជា​មួយ​ប្តី​ ​និង​កូន​​បាន​​ទៅធ្វើ​ចម្ការ​នៅ​ចម្ងាយ​​​ពីភូមិ​ខ្នារ ​ប្រហែល​​២០​គីឡូ​ម៉ែត្រ ​។ នៅ​​ព្រឹក​នោះ​ដែរ​​ឈ្មោះ​​គួន​ ខឿត​​ ​បាន​លី​កាំ​ភ្លើង​អាកា​ស្វ័យ​បត់​១ដើម ​ដើរ​​ចូល​ទៅក្នុងខ្ទម​ចម្ការ​របស់គាត់ ​រួច​​​សួរ​គាត​់ជា​ម្តាយ​ថា ​នៅទីនេះ​មាន​សត្វ​ដែរ​ឬទេ​ ? ​ឯគាត់​​​ឆ្លើយ​ថា ​គ្មាន​ទេ ​។

ពេល​នោះ​ឈ្មោះ​គួន​​​ ខឿត ​​​បាន​​​ដើរ​ទៅ​ទិសខាង​ត្បូង​​ខ្ទម ​ហើយ​​ដោយ​ខ្លាច​មាន​ការភាន​់​ច្រឡំ​​បរបាញ់​សត្វ​ព្រៃ​អាច​បាញ់​ត្រូវ​​មនុស្ស​ គាត់​​ក៏​​បាន​ប្រាប់​ជន​នេះថា ​កុំ​ទៅ​ចំណុច​នោះអី ​ព្រោះ​កូន​គាត់​ពីរ​នាក់​កំពុង​​បេះ​ផ្លែ​សាវ​​ម៉ាវ​ព្រៃ​នៅចម្ងាយ​ពី​ខ្ទម ​ប្រហែល​១០០​ម៉ែត្រ ​នាំ​តែកូន​គាត់​ភ័យ​​​ តែ​ជន​នោះ​នៅ​តែ​​ដើរ​តម្រង់ទៅ​ ។ ស្រាប់​តែ​ប្រហែល​១០​នាទី​ក្រោយ​មក​ ​គាត់ជា​ម្តាយ​បាន​ឮសូរ​កាំ​ភ្លើង​​​ផ្ទុះ​ឡើង​១​គ្រាប់​​​ហើយ​ប្រហែល​​៥​នាទី​​​ក្រោយ​មក​ទៀត​​ក៏​ឃើញ​កូន​ប្អូន​រត់​មក​ប្រាប់​ថា ​បង​ត្រូវ​គេ​បាញ់​ស្លាប់​ហើយ។ ​​

ប្រភព​ដដែល​បន្ត​ទៀតថា ​ខណៈ​ឮ​បែប​នេះ​​ពួកគាត់​ជា​ឪពុក​ម្តាយ​​រត់​ទៅ​មើល​ក៏​​​ឃើញ​កូន​​ស្លាប់​បាត់​​ទៅ​​ហើយ​ ​និង​​បាន​សួរ​​​​ជន​នោះ​ថា ​ហេតុ​​​អី​បាន​ជា​បាញ់​សម្លាប់​កូន​គាត់ ​តែ​ឈ្មោះ​គួន ​ខឿ​ត​ ​មិន​និយាយ​ហើយ​​ទាញ​កាំ​ភ្លើង​ស្ពាយ​​រត់​​ចេញទៅ​បាត់​ទៅ​ ​។ ​​
ទាក់​ទិន​នឹង​កាំ​ភ្លើង​អាកា​ដែល​ឈ្មោះ​គួន​ ​ខឿត ​​យក​ទៅ​បាញ់​សត្វ​​ តែ​បែ​រជា​​ត្រូវ​មនុស្ស​​ស្លាប់​ នេះ​ត្រូវ​បាន​​ឱ្យដឹងថា ​​​​កាំភ្លើង​នោះ​ពាក់​ព័ន្ធ​​នឹ​ង​​មន្ត្រី​នគរ​បាល​​​ឈ្មោះ​​​វណ្ណា​ រ៉េត​​ ​ហៅ​ក្តាម​​ដែ​ល​​ផ្តល់​​ឱ្យ​សម្រាប់​ប្រមាញ់​ស្វា​ក្នុង​ព្រៃ​​ ​៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]