រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី តែ​មាន​ប្រជាប្រិយភាព​ឆាប់រហ័ស​នាង សោ​ភ័​ណ្ឌ លី​ន​ដា បាន​ប្រកាស​បើក​បេះដូង​ជា​ថ្មី បន្ទាប់​ពី​បរាជ័យ​ស្នេហ៍​ដំបូង​យ៉ាង​ឈឺចាប់​ស្ទើរ​មិន​នឹក​ស្មាន​ដល់ ។

តារា​សម្តែង​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ចេញពី​តំបន់​អ្នក​លឿង​រូប​នេះ​សុខចិត្ត​ទទួលយក​ស្នេហ៍​ថ្មី​ម្តងទៀត បើ​ទោះបីជា​ស្នាក​ស្នាម​ស្នេហ៍​ចាស់​ក្លាយជា​ស្រមោល​ខ្មៅ​អន្ទង​តាម​ប្រាណ​បន្លាច​រូប​នាង ស្ទើរតែ​ធ្វើ​ឲ្យ​នាង​រាងចាល​ក៏​ដោយ ។

សោ​ភ័​ណ្ឌ លី​ន​ដា បាន​អះអាង​ថា ស្នេហ៍​ថ្មី​ដែល​នាង​ទទួលយក​នេះ​គឺ​ស្ថិត​នៅ​លើ​ផ្លូវ​មើលចិត្ត​គ្នា​នៅឡើយ ហើយ អ្វី​ៗ​ទាំងអស់​នាង​ប្រគល់​ឲ្យ​ម្តាយ​ជាស​ម្រេច​ជំនួស​វិញ ។
ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក សោ​ភ័​ណ្ឌ លី​ន​ដា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​នាង​មាន​អ្នក​តាម​ស្រឡាញ់​ជា​បន្តបន្ទាប់ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​បាន​សម្រេចចិត្ត​យក​អ្នក​ណា​ម្នាក់​ឡើយ ។ លី​ន​ដា មិន​ទាន់​ហ៊ាន​សម្រេច​នា​ពេល​នេះ ដោយសារ​តែ​មេរៀន​ស្នេហា​ដ៏​ឈឺចាប់​បាន​ធ្វើ​ឲ្យ​នាង​ហាក់​ខ្លាចរអា​ក្នុង​ការ​ទទួលយក​ស្នេហ៍​ថ្មី ។

សោ​ភ័​ណ្ឌ លី​ន​ដា កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​មើលចិត្ត​បុរស​ទាំងនោះ​ដោយ​មិន​ហ៊ាន​សម្រេច​ភ្លាម​ៗ​ឡើយ ហើយ​ចំពោះ​បុរស​ដែល​នាង​នឹង​យក​មក​ធ្វើ​ជា​គូ​អនាគត គឺ​នាង​ប្រគល់​ទៅ​ឲ្យ​ម្តាយ​ជា​អ្នក​ជ្រើសរើស​ជំនួស​វិញ ។ បើ​តាម​សោ​ភ័​ណ្ឌ លី​ន​ដា បុរស​ដែល​ម្តាយ​នាង​សម្រេចចិត្ត​ជ្រើសរើស​គឺ​អាច​ជា​បុរស​នៅ​ក្រៅ​ស្រុក ព្រោះ​ម្តាយ​របស់​នាង​ចង់​ឲ្យ​នាង​ចេញ​ទៅ​ក្រៅ ជា​ជាង​នៅ​ក្នុងស្រុក ព្រោះ​មិន​ចង់​ឲ្យ​ឈឺចាប់​ជា​លើក​ទី​ពីរ ។ សោ​ភ័​ណ្ឌ លី​ន ដា បន្ថែម​ថា ប្រសិនបើ​ម្តាយ​របស់​នាង​ពេញចិត្ត​នឹង​អ្នក​ណា​ម្នាក់​ហើយ នោះ នាង​នឹង​តាម​ភ្លាម ព្រោះ​ខុស​ម្ដង​ហើយ​ជីវិត​នេះ​មិន​ចង់​ខុស​ច្រើន​ដង​ឡើយ ហើយ​នាង​ជឿ​ថា ម្តាយ​របស់​ខ្លួន​មិន​ដែល​រើស​មនុស្ស​មិនល្អ​សម្រាប់​កូន​ខ្លួនឯង​ទេ។

ទោះជា​យ៉ាងណា​ក្តី គូស្នេហ៍​ថ្មី​របស់ សោ​ភ័​ណ្ឌ លី​ន​ដា នា​ពេល​នេះ​មិន​ត្រូវ​បាន​នាង​បង្ហើប​ឱ្យ​ដឹង​អត្តសញ្ញាណ​ទេ ព្រោះ​នាង​ខ្លាច​ដូច​រឿង​ចាស់​ដែល​នាង​បង្ហាញ​ជា​សាធារណៈ ហើយ​នៅ​ទីបំផុត​វា​បាន​ក្លាយជា​ស្រមោល​ទៅ​វិញ ។

តារា​សម្តែង សោ​ភ័​ណ្ឌ លី​ន​ដា បន្ទាប់​ពី​ល្បីឈ្មោះ​លឿន​ជាង​តារា​សម្ដែង​ដទៃ​នោះ នាង​បាន​ប្រកាស​ពី​ចំណង​ស្នេហ៍​យ៉ាង​បើកចំហ​ជាមួយ​លោក​មក​រា ដែល​ជា​អ្នកដឹកនាំ​សម្ដែង​បទ​ចម្រៀង​កាយវិការ​ក្នុង​ផលិតកម្ម​សាន់​ដេ ។

ចំណង​ស្នេហ៍​នោះ​បាន​ឈាន​ដល់​ផ្លូវបំបែក​មិន​អាច​ឈាន​ដល់​មង្គលការ​ដោយ​មិន​នឹក​ស្មាន​ដល់ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ដូច​ស្រមោច​នឹង​ស្ករ​ក៏​ដោយ​៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]