-ជនបង្កជា មន្ដ្រីយោធា ស័ក្ដិ៤កន្លះ នៅ នាយកដ្ឋាន បុគ្គលិក ក្រសួងការពារជាតិ
ភ្នំពេញ ៖ គ្រាន់តែជម្លោះភ្នាល់បុកប៊ីយ៉ែ ត្រឹម២០០០រៀល បានធ្វើឱ្យមានការផ្ទុះ អាវុធមួយគ្រាប់ បណ្ដាលឱ្យបុរសម្នាក់រង របួសត្រូវស្មាខាងឆ្វេង បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្សី រីឯជនបង្ក ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន បញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដទៀត ។

ជនបង្ករូបនេះ ត្រូវបានមន្ដ្រីអាវុធហត្ថ អះអាងថា ជាមន្ដ្រីយោធាថ្នាក់វរសេនីយ៍ទោ នៅនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ឈ្មោះមាស ពៅ អាយុ៤៥ឆ្នាំ ។

មន្ដ្រីអាវុធហត្ថបានឱ្យដឹងថា ករណី ភ្នាក់បុកប៊ីយ៉ែ ត្រឹម២០០០រៀល ហើយឈានទៅដល់ការផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើយោងតាមមន្ដ្រីអាវុធហត្ថបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគ្រាប់ចំស្មាខាងឆ្វេង មានឈ្មោះអាត់ សំ អាយុ៣៣ឆ្នាំ ជាកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្បែរផ្ទះជនបង្ក ។

មន្ដ្រីអាវុធហត្ថបានរៀបរាប់ថា នៅ វេលាម៉ោងកើតហេតុខាងលើ កូនប្រុសរបស់ជនបង្កបានលេងបុកប៊ីយ៉ែជាមួយមិត្ដភក្ដិរបស់ខ្លួននៅមុខផ្ទះ ដោយភ្នាល់ ២០០០រៀលក្នុងមួយឈើ ។ លុះពេលកំពុងបុកនោះ ស្រាប់តែមានកូនប៊ីយ៉ែមួយ នៅជិតឡូ ពេលនោះមិត្ដភក្ដិរបស់ខ្លួនបានភ្នាល់ថា បើសិនបុកចូលឱ្យ២០០០រៀល តែបុកមិន ចូលត្រូវសង២០០០រៀលវិញ ។ គាប់ជួនពេលនោះជនរងគ្រោះ ដែលកំពុងឈរមើល បានចូលរួមភ្នាល់ ដោយឱ្យ២០០០រៀល បើសិនបុកចូល។ ពេលនោះ កូនប្រុសរបស់ជនបង្ក បុកមិនចូល ស្រាប់តែជនបង្កទារ២០០០រៀល តែកូនប្រុសជនបង្កមិនឱ្យ ហើយនិយាយថា មិនបានលេងជាមួយនោះទេ គឺលេងតែជាមួយមិត្ដភក្ដិតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយជនរងគ្រោះនៅតែ តាមទារលុយ២០០០រៀល ដែលភ្នាល់ឈ្នះ រួចហើយកូនប្រុសជនបង្កក៏ឈប់លេង ហើយដើរចេញ រួចដើរទៅទិញបង្អែមនៅក្បែរនោះ ។ ពេលកំពុងទិញបង្អែម ស្រាប់តែក្រឡេកឃើញ ជនរងគ្រោះកាន់ដាវសាម៉ូរ៉ៃ ដើរសំដៅមករកខ្លួន ភ្លាមៗនោះ ដោយសង្ស័យថា ជនរងគ្រោះនឹងកាប់ ក៏កូនប្រុសជនបង្ករត់ទៅផ្ទះ ប្រាប់ឪពុករបស់ខ្លួនដែលជាមន្ដ្រីយោធា ។ ដោយឃើញហេតុការណ៍បែបនេះ លោកមាស ពៅ បានទាញកាំភ្លើងបាញ់ភ្ជុចដី ដើម្បីគំរាមជនរងគ្រោះ ប៉ុន្ដែស្រាប់តែគ្រាប់កាំភ្លើងផ្លាតក៏ត្រូវចំស្មាខាងឆ្វេង រួចបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យរុស្សី តែម្ដង ។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំដោយលោកសៀង ឆាយ មេបញ្ជាការអាវុធហត្ថខណ្ឌ បានចុះទៅឃាត់ខ្លួនជនបង្កជាមន្ដ្រីយោធា ស័ក្ដិកន្លះរូបនេះ បញ្ជូនទៅអាវុធហត្ថក្រុង ដើម្បីចាត់ការបន្ដទៀត ។

ចំពោះករណីនេះ ប្រជាពលរដ្ឋមួយចំនួន បាននិយាយថា ជនរងគ្រោះក៏មានកំហុសផង ដែរ ដែលផ្ដើមឱ្យមានរឿងហេតុនេះកើតឡើង ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]