យុវជន​ញៀន​ថ្នាំ​​​​​ម្នាក់​ បាន​​​លប​ឡើង​ផ្ទះ​ ដែល​ម្ចាស់​មិននៅព្រោះ​រវល់​​ទៅ​រក​ស៊ី​​​នៅឯខេត្ត​​​សៀមរាប ហើយ​​​ក៏​​ដុត​​ឆេះ​ហ្មត់​​ និងបង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ជិត​​ខាង​ទាំង​យប់ ។​ អំពើ​​បង្ក​​ឱ្យ​ខូច​ខាត​​លំនៅ​ឋាន​​របស់​​អ្នក​ដទៃនេះ​ បានកើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​​១១​និង​៣០​នាទីយប់​ថ្ងៃទី៩ ​​​​សីហា នៅ​ភូមិព្រហូត​ សង្កាត់​អូរ​អំបិល​ ​ក្រុង​​​សិរី​សោភ័ណ។

លោក​​វរសេនីយ៍​ត្រី​ រ៉ែម​ វីរៈ​​ អធិការ​​​នគរ​បាល​ក្រុង​សិរី​សោភ័ណ​ បាន​ឱ្យ​ដឹងថា ​ជន​បង្ក​ល្មើស​​​ឈ្មោះ ហឿន ហាវ អាយុ​២៧​ឆ្នាំ ​នៅភូមិ​ព្រហូត​ សង្កាត់​អូរអំបិល ។ ជន​​​នេះ​ជាមនុស្ស​​ជាប់​សារធាតុ​​ញៀន ដែល​តែ​ង​តែ​​​ធ្វើសកម្មភាព​​​​បង្កឱ្យអ្នកជិត​​ខាង​មានការ​ភ័យ​ខ្លាច​ ។ នៅ​​យប់​កើតហេតុ​​ ជន​នេះ​បាន​លប​ឡើង​​​ទៅ​ដុត​ផ្ទះ​របស់​ឈ្មោះ ហួន សារ៉ាត់ អាយុ​​៥៥​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ ឈូ កយ​ អាយុ​៥៥​ឆ្នាំ នៅភូមិកើតហេតុ​​​ខាងលើ​ ខណៈ​​ម្ចាស់​​រវល់​ទៅ​រក​ស៊ី​​​នៅឯ​ខេត្ត​សៀម​រាប​​​ដែល​ផ្ទះ​មាន​​​ទំហំ​​៨ម៉ែត្រx៩ម៉ែត្រ​ធ្វើពីឈើ ប្រក់​ស័ង្កសី​ រហូត​ដល់​ឆេះ​ ។ ពេលនោះ​ប្រជាពលរដ្ឋ​​​ជា​អ្នកជិត​ខាង​​​​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ដែរ តែដោយ​​អំណាច​​​ភ្លើង​​​​ឆេះ​ឡើង​សន្ធោ​សន្ធៅ​ទៅ​ហើយ​ មិនអាច​ទប់​ទល់​​​បាន ផ្ទះ​​នោះ​ក៏​ក្លាយ​ជា​ចំណី​​​ព្រះ​អគ្គី​​អស់​​ទាំង​ស្រុង​ រួម​ទាំង​​អីវ៉ាន់​នៅក្នុង​ផ្ទះ​ផង​ ។

លោក​អធិការ​​​នគរ​បាល​​​ក្រុង​​​បាន​បន្ត​ថា ​បន្ទាប់​ពី​ធ្វើសកម្មភាព​​រួច​ជន​ឈ្មោះ ហឿន​ ហាវ​ ក៏​បាន​​រត់​គេច​ខ្លួនបាត់​ទាំង​យប់ ប៉ុន្តែ​អគ្គិភ័យ​​នេះ​មិន​បណ្តាល​ឱ្យ​ឆេះ​រាល​ដាល​​ដល់​លំនៅ​​ឋាន​អ្នក​ជិត​ខាង​​នោះ​ទេ ។ ផល​វិបាក​នៃថ្នាំ​ញៀន​ កំពុង​​តែ​បង្កឱ្យមាន​វិបត្តិ​ក្នុងសង្គម​​​បណ្តើរៗហើយ​ ដែ​ល​មុន​នេះ​​អ្នក​ញៀន​​ថ្នាំ​តែង​បង្កបញ្ហា​​​តែ​ក្នុង​គ្រួសារ​​របស់​គេ​​​ប៉ុណ្ណោះ ​​តែ​ពេល​នេះ​ក្រុម​ញៀន​ថ្នាំ​​​បាន​បង្ក​​ឱ្យ​ប៉ះពាល់​​​ដល់​សង្គម​​​ដូចជា​​ ឆក់​ ប្លន់​ និង​បទល្មើស​​ផ្សេង​ៗ​ទៀត​ ដូចជា​ពេល​នេះ​បែរ​​ជាដុត​ផ្ទះគេ​ឱ្យ​ឆេះ​លេង​ទៅ​វិញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]