បរទេស៖ នារីម្នាក់ ហ៊ានចំណាយលុយ ទៅដល់ខ្ទង់ម៉ឺនដុល្លារ ដើម្បីឲ្យដូចនឹងតួអង្គព្រះនាងទាំងអស់ ក្នុងរឿងតុក្តតាគំនូរជីវចល។

នាង Sarah Ingle វ័យ ២៥ឆ្នាំ ជាអ្នកគ្រប់គ្រងទីផ្សារមួយរូប ដែលមានចំណូលចិត្តស្លៀកឈុតព្រះនាងក្នុងម៉ោងទំនេរ និងបានចំណាយលុយដល់ទៅ ១៤,០០០ដុល្លារអាមេរិក ដើម្បីធ្វើឲ្យខ្លួននាង មើលទៅហាក់បីដូចជាតួអង្គព្រះនាងក្នុងគំនូរជីវចល ដ៏រស់រវើកម្នាក់យ៉ាងដូច្នោះដែរ។

ជាមួយនឹងសម្លៀកបំពាក់ ១៧ឈុត សក់ពាក់ចំនួន ១៦មុខ បូកនឹងការផាត់មុខ​ទៀតនោះ នាងអាចប្រែក្លាយខ្លួន​ទៅជាព្រះនាងក្នុងរឿងនិទានបាន ដោយក្នុងនោះមានដូចជា ព្រះនាង Belle ព្រះនាង Cinderella ព្រះនាង Snow White ព្រះនាង Ariel ព្រះនាង Aurora ព្រះនាង​ Rapunzel ព្រះនាង Merida ព្រះនាង Elsa និងព្រះនាង Anna ជាដើម។

នាង Sarah បានពន្យល់ថា រ៉ូបនីមួយៗត្រូវចំណាយពេល ៦ខែឯណោះ ហើយរូបនាងព្យាយាមរកប្រភពសម្ភារៈខុសៗគ្នា​ពីជុំវិញពិភពលោក រួមទាំងសូត្រ និងក្រណាត់ ម្យ៉ាងឈ្មោះថា Organza ផងដែរ ទំរាំអាចប្រមូលផ្តុំគ្នាឲ្យចេញជាម៉ូតបាន។​ នាងបាននិយាយទៀតថា "ខ្ញុំពិតជាមានសំណាងណាស់ ដែលមានចំណូលពីការងារពេញម៉ោង សំរាប់ទប់ទល់នឹងការចំណាយ លើសម្លៀកបំពាក់ និងសំភារៈស្អាតៗ ដែលខ្ញុំស្រលាញ់ចូលចិត្ត ដើម្បីឲ្យខ្លួនខ្ញុំអាចមើលទៅល្អឥតខ្ចោះ សំរាប់រាល់ការសំដែងម្តងៗ" 

នេះជាមុខរបរមួយដែលនាង Sarah បានចាប់ផ្តើម ជាមួយមិត្តប្រុសនាង។ ជាទូទៅ នាងអាចរកចំណូលបាន ១៤៥ដុល្លារអាមេរិកក្នុងមួយពេល បានពីការស្លៀកពាក់ជាព្រះនាង សម្តែងនៅក្នុងកម្មវិធីផ្សេងៗរបស់កុមារ។ យ៉ាងណាមិញ មានពេលខ្លះ ក៏នាងចំណាយពេល ទៅមើលក្មេងៗដែលមានជម្ងឺនៅមន្ទីរពេទ្យ និងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ផ្សេងៗដោយស្ម័គ្រចិត្តផងដែរ។

នាង Sarah បានឲ្យដឹងថា "ខ្ញុំមិនដែលភ្លេចទេ នៅថ្ងៃមួយដែលខ្ញុំ ធ្លាប់ត្រូវបានស្នើសុំ ឲ្យមកសម្តែងជូនក្មេងស្រីតូចម្នាក់ ដែលនាងទើបតែទទួលបានការសម្រាក ពីការព្យាបាលជម្ងឺមហារីករបស់នាង។ ទឹកមុខដ៏ស្រស់ស្រាយរបស់នាងច្រៀងជាមួយខ្ញុំ វាពិតជាមិនគួរឲ្យជឿនោះទេ ហើយជាថ្ងៃមួយដ៏អស្ចារ្យបំផុត។ សម្រាប់រូបខ្ញុំផ្ទាល់ គឺកើតមកមានភ្នែកធំស្រាប់ ហើយមនុស្សភាគច្រើន តែងប្រាប់ខ្ញុំថា ខ្ញុំពិតជាដូចតុក្តតាណាស់"។​

នាងបន្តថា នាងតែងសង្ឃឹមថាថ្ងៃណាមួយ នាងអាចមានឱកាសឈប់ពីការងារពេញម៉ោងរបស់នាង ហើយងាកមកចាប់អាជីពក្នុងក្តីសុបិន្តមួយនេះ។ នាងចូលចិត្តតែងជាព្រះនាង Ariel ខ្លាំងបំផុត៕













នាង Sarah Ingle អាចប្រែក្លាយខ្លួន ជាតួអង្គព្រះនាងទាំងអស់ ក្នុងរឿងតុក្តតា

ប្រភព៖ Lollipop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]