ស្រ្តីមេម៉ាយ​ម្នាក់ជា​អ្នក​បើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​ទន្លេ​នៅ​មុខ​ព្រះ​បរមរាជ​​វាំង បាន​ជួប​បញ្ហា​ខណៈពេល​បើក​កាណូត​ចេញ​ទៅ​ដឹក​ភ្ញៀវ​ស្រាប់​តែ​ដាច់​ខ្សែ​ចង្កូត​ធ្វើ​ឲ្យម៉ាស៊ីនរលត់ហើយកាណូត​ក៏រសាត់ អណែ្តត​​ទៅទើរ​នៅ​ក្រោម​ស្ពាន​ជ្រោយ​ចង្វា​ទីពីរ ​ដែល​កំពុង​​សាង​សង់កាល​​ពីវេលា​ម៉ោង​៧យប់​ថ្ងៃទី១១ សីហា ។

ស្រ្តី​មេម៉ាយ​ជា​អ្នក​បើក​កាណូត​នោះ​​ឈ្មោះ​ បា​ ផល​ អាយុ៤២ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​២៦១​ សង្កាត់វត្តភ្នំ​ ខណ្ឌដូន​ពេញ បាន​រៀប​រាប់​ថា ប្តី​គាត់​​បានស្លាប់​ចោល​ជាង​៤ខែមក​ហើយ ​ទុកឲ្យគាត់នៅចិញ្ចើមកូន៤នាក់ (ស្រី២​នាក់​ ប្រុស២នាក់​) តែម្នាក់ឯង​ទាំង​លំបាក​​ដោយ​បណែ្តត​ខ្លួននៅលើផ្ទៃទឹកទន្លេសាប។

គាត់​ប្រកប​របរ​បើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​តាម​មាត់​ទន្លេ​នៅ​មុខព្រះបរមរាជវាំងតាំងពីប្តីគាត់នៅរស់ រហូត​ប្តី​ស្លាប់​ទៅ​ គឺគាត់​ជា​អ្នក​បើក​កាណូត​ដោយ​​ខ្លួន​ឯងផ្ទាល់តែម្តង​ មិន​តែ​ប៉ុណ្ណោះ​​គាត់​មាន​លិខិត​អនុញ្ញាត​ធ្វើអា​ជីវ​កម្ម​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ត្រឹម​ត្រូវ ​និង​បាន​ចូល​ជា​សមាគម​កាណូត​ដឹក​ភ្ញៀវ​ផងដែរ​ ។​ គាត់បានបន្តទៀតថា​ នៅល្ងាច​ថ្ងៃកើតហេតុខាង​សមាគម​បាន​ទូរ​ស័ព្ទ​ហៅ​គាត់ឲ្យទៅដឹកភ្ញៀវ​ លុះពេល​គាត់​បើក​កា​ណូត​​ចេញ​ទៅ​​ ស្រាប់​តែកា​ណូត​ដាច់​​ខ្សែ​ចង្កូត​មិន​អាច​បើក​ទៅ​ទៀត​​ក៏​ទូរ​ស័ព្ទ​ទៅ​ប្រាប់​សមាគម​ឲ្យ​យក​កាណូត​ទៅជួយ​សណ្តោងផង​ តែ​សមា​គម​​មិន​ត្រឹម​តែ​មិន​យក​កាណូតទៅជួយទេ​ ថែម​ទាំង​ស្តី​បន្ទោស​គាត់​ទៀតផង ។

ដោយសារតែកាណូត​ដាច់​ខ្សែ​ចង្កូត​មិន​អាច​បើក​ទៅ​មុខ​ទៀត​បាន ​កាណូត​ក៏​ចេះ​តែ​រសាត់​អណ្តែត​តាម​ខ្យល់​ទៅ​ទើរ​ជាប់​នៅក្រោម​ស្ពាន​ជ្រោយ​ចង្វា​ទី​ពីរ​ដែល​កំពុង​សាង​សង់​ដោយ​ទើរ​ជាប់នឹងសសរស្ពាន រហូត​ទាល់​តែ​ជន​ជាតិចិន​​ជា​អ្នក​សាង​សង់​ស្ពាន​នោះ​ឃើញ​ក៏​ចុះ​ទៅ​សួរ​នាំ​ហើយ​ប្រាប់​ឲ្យ​ជួល​កាណូត​មក​ជួយ​ទាញ​ចេញ​ តែស្រ្តីអ្នកបើកកាណូតប្រាប់ថា​ គាត់​អត់​មាន​លុយ​​ជួល​គេទេ​ ។​ ជនជាតិចិននោះឮ​បែប​នេះ​ក៏​បាន​ចេញ​លុយ​ហៅ​កាណូត​ឲ្យ​ជួយ​សណ្តោង​ចេញ​ទៅចំណតវិញ ។

ស្រ្តីអ្នក​បើក​កាណូត​នោះ​មិន​អស់​ចិត្ត​នឹង​សមាគម​ដែល​បង្កើត​ឡើង​មាន​ច្បាប់​ត្រឹម​ត្រូវ ហេតុអី​្វពេល​សមាជិក​មាន​គ្រោះ​អាសន្ន​មិន​ព្រម​មក​ជួយបែបនេះទៅវិញ ។ មិន​អាច​ទាក់ទង​​សុំ​ការ​បំភ្លឺ​​​​បានពីសមាគម​​នោះបានទេ ​ក្រោ​យ​ពេល​កើត​ហេតុ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]