ខេត្តកំពង់ស្ពឺ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ រយៈពេល៣-៤ថ្ងៃមកហើយ​នៅតាមតុកាហ្វេ ​និងស្ថាប័នអង្គភាពរដ្ឋក៍ ដូចជា​មជ្ឈដ្ឋានប្រជាពលរដ្ឋ​មួយ​ ចំនួន​នៅក្នុងខេត្តកំពង់ស្ពឺ ​បាននិយាយរិះគន់​ស្ថាប័ន តុលាការថាគ្មានភាព​យុត្តិធ៌ម ​និងប្រព្រឹត្តអំពើពុករលួយ ។

ការរិះគន់ខាងលើនេះ ​បានធ្វើឡើងបន្ទាប់ពីអនុប្រធាន​​សាលាដំបូងខេត្តកំពង់ស្ពឺ ​និងជាចៅក្រមលោក ម៉ែន វណ្ណៈ ​បានដោះលែង បុរសម្នាក់​ដែលក្លែង​ជាមេធាវីដើរ​ បោក​ប្រាស់ប្រជាពលរដ្ឋ ដែល​មានសំណុំរឿងនៅ តុលាការកាលពីថ្ងៃទី០៥ ​កុម្ភៈ ២០១៦ ​ក្រោយពេលសមត្ថកិច្ចចាប់ជនឈ្មោះ ​ជា ម៉ន ​រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ

សូមបញ្ជាក់ថា ​បុរស​ខាងលើដែល​តាំងខ្លួន​​ជា​មេធាវី​ដើរ​បោកប្រាស់​លុយកាក់​ពី​ប្រជាពលរដ្ឋ ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជា​អ្នក​ ដែល​មាន​បញ្ហា​ក្តីក្តាំ​ នៅ​តុលាការ​ ត្រូវ​បាន​នគរ​បាល​​ស្រុក​ឧដុង្គ ​ធ្វើការ​ឃាត់ខ្លួនតាមដីកានៅ​វេលា​ម៉ោង ​១០​និង​១៥​នាទី ​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៦ ​នៅ​ចំណុច​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ។ ​ការចាប់ខ្លួននោះ​តាមដីកា លេខ​២៣៤ ចុះ​ថ្ងៃ​ទី​២៥ កក្កដា​ ២០១១ ពី​បទ​ឆបោក (​ប្រាក់​) ​​ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​​ខេត្តកំពង់ស្ពឺ ​យ៉ា​ន សុភាព​។

លោក​វរសេនីយ៍ត្រី ពីង ពៅ ​អធិការរង​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ បាន​តាំង​ខ្លួនឯង​ជា​មេធាវី ​ហើយ ​ដើរ​ទំនាក់ទំនង​​ ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ ខេត្ត​មួយ​ចំនួន​ដែល​មាន​បញ្ហា​ក្តីក្តាំ​ នៅ​តុលាការ​ ដូច​ជា​ខេត្តតាកែវ កំពត កំពង់ស្ពឺ និង​​កណ្តាល​ជាដើម ។ សេចក្តីរាយ​ការណ៍បានបន្តថា ​នៅ​ពេល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ ក្រុម​អ្នក​រង​គ្រោះ​​ ដោយ​ការ​ឆបោក​នេះ​ ហើយ​តុលាការខេត្ត​កំពង់ស្ពឺ ​បាន​កោះ​ជនសង្ស័យ ​រូប​នេះ ​​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ ​តែ​ជន​នេះ​បាន​គេចវេស ​មិន​ចូលខ្លួន​មក​ឡើយ​ ។

ប្រភព​បន្ត​ថា​ ដោយសារ​តែ​គេ​គេចវេស​មិន​ចូលខ្លួន ​ទើប​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ ខ្លួន​ជនសង្ស័យ​រូប​នេះ​ យក​មក​ផ្តន្ទាទោស​ តាម​ច្បាប់​ ប៉ុន្តែ​ការឃាត់ខ្លួនមិន បានប៉ុន្មានម៉ោងផង​​ ពោលគឺនៅល្ងាចថ្ងៃទី០៥ ​កុម្ភៈ២០១៦ដដែល​​​ ​លោកចៅក្រម ម៉ែន វណ្ណៈ​ ​ដែលមានតួនាទីជាអនុប្រធាន​សាលាដំបូង ខេត្តកំពង់ស្ពឺ​ផងនោះ​ ដោះលែងឲ្យនៅ​ក្រៅឃុំ ។

នៅពេលសួរ​តាមទូរស័ព្ទពីមូលហេតុនៃការដោះលែងបុរសឈ្មោះ​ ជា ម៉ន អាយុ៤៣ឆ្នាំ ​រស់នៅភូមិ​ខ្វិត ឃុំ​ពាំង​ល្វា​ ស្រុក​ឧដុង្គ​ លោកចៅក្រម ម៉ែន វណ្ណៈ ​មិនពន្យល់​បកស្រាយពីមូលហេតុ​រួចក៍បិទទូរស័ព្ទ ។

មជ្ឈដ្ឋានខាងលើបានធ្វើការរិះគន់​បុគ្គលមួយចំនួននៅក្នុងស្ថាប័នតុលការដែលជាអ្នកច្បាប់ ​ប៉ុន្តែបែរជាធ្វើឲ្យប្រជា ពលរដ្ឋអស់ជំនឿ​ មិនត្រឹមតែប៉ុណ្ណោះ​ នឹងអាចធ្វើឲ្យ​ប៉ះ​ពាល់ដល់ការ ខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលអាណត្តិទី៥ដឹកនំាដោយសម្តេចតេជោ​ ហ៊ុន សែន​ ក្នុងការកែទម្រង់ប្រព័ន្ឋយុត្តាធិការ​ នៅកម្ពុជា​និងលុបបំបាត់អំពើ ពុក​រលួយ​នោះថែមទៀត ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]