ភ្នំពេញ៖ អ្នកភូមិឫស្សីស្រស់ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីឆាបឆេះផ្ទះប្រជាពលរដ្ឋ ប្រមាណ១០ខ្នង នេះ គឺបណ្តាលមកពីការឆាបភ្លើង ពីចង្ក្រាន ខណៈក្មេងកំពុងដំាបាយ នៅម៉ោងប្រមាណ ១០៖៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អ្នកភូមិឫស្សីស្រស់ បានបញ្ជាក់ថា មុនពេលកើតហេតុ ម្តាយបានឲ្យកូនដំាបាយ ពេលនោះពពុះបាយហ៊ាចេញ រួចក៏ផ្ទុះចង្ក្រានហ្គាស ហើយភ្លើងក៏ឆាបឆេះផ្ទះតែម្តង។
អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានឲ្យដឹងថា ពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងគ្រប់គ្រងស្ថានការណ៍នេះ បានហើយ លោកក៏នៅមិនទាន់បញ្ជាក់អំលិតចំនួននៃការឆាបឆេះនោះដែរ គ្រាន់តែសន្និដ្ឋានជំហានដំបូងប្រមាណ១០ខ្នងផ្ទះ ដែលជាប្រភេទឈើលើថ្មក្រោម។

លោក អ៊ាង ស៊ីផាន បានបញ្ជាក់ទៀតថា បើតាមការសាកសួរពីសាក្សីនៅកន្លែងកើតហេតុ អ្នកខ្លះថាមូលហេតុមកពីផ្ទុះហ្គាស ឯអ្នកខ្លះទៀតថា ឆាបឆេះមកពីការដុតគំនរសំរាម ប៉ុន្តែករណីយ៉ាងណានោះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ពោលរង់ចំាកម្លាំងជំនាញធ្វើការពិនិត្យ។

ដោយឡែកលោក ព្រហ្ម យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា លោកបានបញ្ជូនរថយន្តពន្លត់ប្រមាណ៦គ្រឿង ដើម្បីជួយអន្តរាគមន៍ ហើយនៅពេលនេះ កំពុងតែធ្វើការគ្រប់គ្រងស្ថានការណ៍នេះ ធ្វើយ៉ាងពន្លត់ឲ្យបានទំាងស្រុង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]