ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់​ មិនត្រូវបានបង្ហើបឲ្យដឹងអត្តសញ្ញាណ អាចនឹងជាមនុស្សទី១ ដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានសម្លាប់ ដោយសារអាចម៍ផ្កាយធ្លាក់បុកចំ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រភពក្នុងស្រុក បានអះអាង និងដកស្រង់ដោយសារព័ត៌មានដេលីម៉េលអង់គ្លេស កាលពីពេលថ្មីៗនេះ។

ប្រភពបានឲ្យដឹងថា ដុំអាចម៍ផ្កាយមួយ ដែលបែកចេញពីបន្ទុះនៅលំហអាវកាស បានសាយភាយហោះចូលមកក្នុងភពផែនដី និងធ្លាក់ទៅបុកចំបុរសរងគ្រោះម្នាក់ វ័យ៤០ឆ្នាំ មុខរបរជាអ្នកបើកឡានក្រុង ក្នុងបរិវេណមហាវិទ្យាល័យទីក្រុង Vellore រដ្ឋ​​​ Tamil Nadu ប្រទេសឥណ្ឌា បណ្តាលឲ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីប្រចាំតំបន់ លោក ចាយ៉ាឡា ចាយ៉ារ៉ាម បានថ្លែងថា៖ «អាចម៍ផ្កាយមួយដុំ វាបានធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ និងបុកចំបុរសរងគ្រោះ ពេលគាត់កំពុងតែឈរនៅទីនោះ។ គាត់ត្រូវរបួសធ្ងន់ណាស់ និងបានដាច់ខ្យល់ស្លាប់ ពេលគេកំពុងដឹកគាត់តាមផ្លូវទៅមន្ទីរពេទ្យ»។ ក្នុងនោះមន្ត្រីដដែលខាងលើ បានផ្តល់ប្រាក់សំណងចំនួន ១សែនរូពី (១,៤៧០ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារនៃសពផងដែរ។

យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាល ក៏បានចូលរួមក្នុងការស៊ើបអង្កេតនេះដែរ និងជាជំហានដំបូង ពួកគេបានដាក់ការសង្ស័យទៅលើករណីគ្រោះថ្នាក់នេះ ថាអាចបង្កឡើងដោយសារតែគ្រឿងផ្ទុះ នៅក្នុងបរិវេណកន្លែងកើតហេតុប៉ុណ្ណោះ ព្រោះតែនៅទីនោះ មិនមានការរកឃើញភស្តុតាងបន្សល់ពីបន្ទុះថ្មអាចម៍ផ្កាយ អ្វីមួយឡើយ។

មន្ត្រីក្នុងតំបន់ថា៖ «នៅពេលដែល គ្មានភស្តុតាងដូចនេះ យើងបានបង្វែរវា ទៅជារឿងហេតុអាចម៍ផ្កាយ»។

បើតាមសម្តីរបស់សាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា៖ «វាដូចជាសម្លេងម្យ៉ាង ដែលខ្ញុំមិនធ្លាប់ដែលបានលឺពីមុនមកសោះ។ វាដូចជាគ្មានក្លិន គ្មានអណ្តាតភ្លើងអ្វីទេ អ្វីក៏គ្មានដែរ»។

ទោះយ៉ាងណា ករណីកម្រមាននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ និងមិនទាន់ដឹងថាមូលហេតុ បង្កឡើងមកពីអ្វីឲ្យប្រាកដនៅឡើយទេ តែតាមការសន្និដ្ឋានជំហានដំបូង អាចមានភាគរយ ដែលបណ្តាលមកពីអាចម៍ផ្កាយធ្លាក់៕



មន្ត្រីឥណ្ឌាកំពុងចុះពិនិត្យកន្លែងកើតហេតុ


រូបតំណាងដុំអាចម៍ផ្កាយ

ប្រិយមិត្តគិតថា អាចទៅរួចដែរទេ?

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]