រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​អ​ល្លឺ​ម៉​ង់​ម្នាក់ បាន​ដេក​ស្លាប់​គ្មាន​អ្នកដឹង​រហូត​ដល់​ធំ​ក្លិនស្អុយ ទើបត្រូវ​បាន គេ​ប្រទះ​ឃើញ ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៨ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​ ពហុបច្ចេកទេស​កម្ពុជា ហៅ​សាលា​កូរ៉េ ដែល​មាន​ទីតាំង​ស្ថិត​នៅ តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​រា​ជ្ជៈ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ NORBERT FREDE ជនជាតិ​អា​ល្លឺ​ម៉​ង់​អាយុ​៦២​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់​នៅ​ក្នុង​វិទ្យាស្ថាន​ខាងលើ ហើយ​តាម​ការ​សន្និដ្ឋាន បុរស​បាន​ស្លាប់​រយៈពេល​ ៣​ថ្ងៃ​កន្លង​មក​ហើយ ព្រោះ​សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​។​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មិន​មាន​នរណា​ម្នាក់​ បានដឹង​ថា​បុរស​នោះ​ស្លាប់​ដោយសារ​អ្វី​នោះ​ទេ ព្រោះ​គាត់​ស្នាក់​នៅ​ក្នុង​ បន្ទប់​នោះ​ម្នាក់ឯង​គ្មាន​អ្នក​នៅ​ ជាមួយ​នោះ​ឡើយ ប៉ុន្តែ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក ថ្ងៃ​ទី​០៥​ខែកុម្ភ​: ឆ្នាំ​២០១៦ ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​បានឃើញ​គាត់​ ដើរ​ចូល​ទៅ​ក្នុង​សាលា​ខាងលើ ។​

ខណៈនោះ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​ដោយ​មិនដឹង​ថា​គាត់​មិន​ស្រួលខ្លួន​ឬ​ក៏​ស្រវឹងស្រា​នោះ​ឡើយ ព្រោះ​គាត់​មិន​បាន​ប្រាប់​ នរណា​ម្នាក់​ទេ​បន្ទាប់​មក​ គាត់​បាន​ដើរ​ចូល​ទៅ​បន្ទប់ ដែល​គាត់​ស្នាក់​នៅ​ បាត់​រ​ហូត ហើយ​ក៏​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍ នោះ​គាត់​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​ពេល​នោះ​មក​ មិន​ដែល​ឃើញ​គាត់​ចេញ​ទៅ​ហូប​បាយ​សោះ ហើយ​ក៏​គ្មាន​នរណា​ម្នាក់ បាន​ទៅ​មើល​ឬ​ហៅ​គាត់​ឡើយ​ ព្រោះ​ស្មានថា​គាត់​មានការ​ចេញ​ទៅ​ក្រៅ​លុះ​៣​ថ្ងៃ​ក្រោយមក  រហូត​ដល់​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៨ ខែមករា ទើប​គេ​ប្រទះ​ឃើញ​ ដេក​ស្លាប់​ផ្កាប់មុខ ។

ដែល​ខណៈនោះ​ដឹង​តាម​រយៈ​ការ​ធំ​ក្លិនស្អុយ ចម្លែក​ខុសធម្មតា​ចេញពី​បន្ទប់ដេក ក៏​បាន​ទៅ​បើកទ្វារ​ មើល​ទើប​ឃើញ​សាកសព​នោះ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូ​លី​ស​ការិយាល័យ​ បច្ចេកទេស​នៃ​ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ភ្លាម​ៗ ប៉ុន្តែ​មិន​ទាន់​បាន​បង្ហើប​ ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ឡើយ បន្ទាប់​មក​បាន​នាំ​យក​ សាកសព​ទៅ​តម្កល់​នៅ​ វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]