បរទេស៖ នាពេលថ្មីៗនេះ មានរបាយការណ៍មួយចំនួន បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក Apple បានគ្រោងនឹងធ្វើការ​ចេញ iPad Air ស៊េរីថ្មីរបស់ខ្លួន នាពាក់កណ្តាលខែមិនា ខាងមុខនេះហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា អាចនឹងរៀបចំព្រឹត្តិការណ៍ ដាក់បង្ហាញនូវឧបករណ៍ប្រភេទ iPad Air 3 នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានធ្វើការបង្ហាញ និងដាក់លក់ iPad Air 2 កាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក។

ជាមួយគ្នានេះដែរ បើទោះជាមិនមានការបញ្ជាក់ច្រើន នូវព័ត៌មានលម្អិត ទាក់ទងទៅនឹងលក្ខណៈពិសេស ក៏ដូចជារូបរាង របស់ឧបករណ៍ថ្មីនេះក៏ដោយ តែក៏មានការ លើកឡើងមួយចំនួនថា iPad Air 3 នេះអាចនឹងផលិតឡើង ដោយភ្ជាប់ជាមួយនឹង បាសអូប៉ល័រ (speakers) ច្រើនថែមទៀត រួមនឹង Flash សម្រាប់បន្ថែមអម ជាមួយកាមេរ៉ាខាងក្រោយ។

លើសពីនេះទៀត ក៏មានការលេចឮមកថា Apple អាចសាកល្បងនូវការកែច្នៃថ្មីមួយ ជាមួយនឹង iPad Air 3 នោះគឺការបង្កើតនូវ Apple Pencil ដែលនេះជាលក្ខណៈពិសេស ដ៏ថ្មីស្រឡាងមួយ របស់ក្រុមហ៊ុន Apple។

យើងនឹងរង់ចាំមើលថាតើ នាខែមិនានេះ Apple អាចនឹងរៀបចំ ព្រឹត្តិការណ៍ក្នុងការ បង្ហាញនូវផលិតផលថ្មី របស់ខ្លួនឬយ៉ាងណា ហើយពេលនោះយើង នឹងបានដឹងអំពី បច្ចេកវិទ្យាដែលថ្មីៗ អមជាមួយនឹង ឧបករណ៍ស៊េរីថ្មី ផងដែរ៕


iPad Air 3 អាចនឹងត្រូវបាន ដាក់បង្ហាញនាពេល ឆាប់ៗខាងមុខនេះ

ប្រភព៖ Yahoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]