អង់គ្លេស៖ វីដេអូមួយ កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានអ្នកជំនាញ ស្រាវជ្រាវទាក់ទងនឹង រឿងរ៉ាវព្រលឹងខ្មោចម្នាក់ បានថតវីដេអូ អំពីសកម្មភាពរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យដែល ត្រូវបោះបង់ចោល និងល្បីថាមានខ្មោចលង យ៉ាងសាហាវៗ ពេញមួយយប់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាលោក Gary Johnston អាយុ៤៧ឆ្នាំ ដែលជាអ្នកស៊ើបអង្កេត ទាក់ទងនឹងរឿងរ៉ាវ ព្រលឹងខ្មោច បានថតទុកនូវបទពិសោធន៍ ក៏ដូចជាសកម្មភាពរបស់ខ្លួន នៅពេលដែលលោក បានដើរចូលទៅក្នុងអគារដែលត្រូវ បានគេបោះបង់ចោល និងជាអតីតមន្ទីរពេទ្យ Cheadle Royal ក្នុងទីក្រុង​ Greater Manchester របស់ប្រទេសអង់គ្លេស​ រួចបានចំណាយពេល ពេញ១យប់នៅទីនោះ។

បើយើងមើលតាម វីដេអូនោះយើងនឹងបានឃើញថា Gary ដើរចូលក្នុងមន្ទីរពេទ្យនោះ តែម្នាក់ឯងដោយមាន តែពិលមួយ និងម៉ាស៊ីនថត ជាប់នឹងខ្លួនតែប៉ុណ្ណោះ ក្នុងគោលបំណងចង់ស្វែងរកភស្តុតាង ក៏ដូចជាទិដ្ឋភាពពិតជាក់ស្តែង ជុំវិញពាក្យចចាមអារ៉ាម ដែលល្បីថាទីតាំងនោះ មានព្រលឹងខ្មោច លងសាហាវៗបំផុត។


ទិដ្ឋភាពនៅក្នុង មន្ទីរពេទ្យដែលត្រូវ បានបោះបង់ចោល និងល្បីថាមានខ្មោចលង នាពេលពាក់កណ្តាលយប់

ជាមួយគ្នានេះដែរ Gary បាននិយាយថា “ព្រោះតែមានមនុស្សជាច្រើន និយាយតៗគ្នាថា អតីតមន្ទីរពេទ្យមួយនេះ មានខ្មោចលងខ្លាំងពេក ទើបខ្ញុំសម្រេចចិត្តមកទីនេះនិង ចំណាយពេលពេញ១យប់ តែម្នាក់ឯង។ ខ្ញុំមិនខ្លាចទេ តែជាការពិតណាស់ ថាយើងមិនអាចដឹងបានឡើយ ថាអ្វីដែលអាចនឹងកើតឡើងបន្ទាប់”។

លោក Gary Johnston បានបន្ថែមទៀតថា “ខ្ញុំមិនអាចនិយាយបាន ទេថាតើកន្លែងនេះ ពិតជាមានការលងបន្លាច ពីសំណាក់ព្រលឹងខ្មោច មែនឬអត់ តែអ្នកអាចទស្សនាវីដេអូ និងពិចារណាដោយខ្លួនឯងចុះ”។

គូសបញ្ជាក់ផងដែរថា អគារមួយនេះគឺជា អតីតមន្ទីរពេទ្យ Cheadle Royal ដែលបើកដំណើរការ កាលពីឆ្នាំ១៨៤៩ តែក្រោយមក​ វាក៏ត្រូវបានគេបោះបង់ចោល និងក្លាយជាទីតាំងមួយ ដែលមនុស្សជាច្រើន និយាយតៗគ្នាថា មានព្រលឹងខ្មោច និងបិសាចជាច្រើន វិលវល់នៅទីនោះ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖


លោក Gary Johnston អ្នកស៊ើបអង្កេត ពាក់ព័ន្ធនឹងរឿងរ៉ាវ ព្រលឹងខ្មោច

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]