អង់គ្លេស៖ មនុស្សភាគច្រើនសុទ្ធតែបានស្គាល់ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក “The Voice” ដែលកម្មវិធីនេះ​ ធ្វើការជម្រុះយ៉ាងសម្រិតសម្រាង យកតែអ្នកមានសំលេងល្អប៉ុណ្ណោះ។ រីឯប្រទេសកម្ពុជា ក៏ធ្លាប់បានទិញសិទ្ធិកម្មវិធី The Voice ផងដែរ ហើយក៏បាននិងកំពុងចាប់ផ្តើមរដូវកាល ទី២ក្នុងពេលឆាប់ៗ ខាងមុខនេះទៀតផង។

ទន្ទឹមនឹងនេះ ខ្មែរឡូតសូមបង្វែរអារម្មណ៍ទស្សនិកជន​ មកតាមដាននូវព័ត៌មានអាស្រូវរបស់បេក្ខជន The Voice ចក្រភពអង់គ្លេសម្នាក់ ដែលត្រូវបានជាប់ទោសពីបទល្មើស រំលោភបំពានផ្លូវភេទ។ លោក Jeff Anderson អាយុ ២៥ឆ្នាំ បានទៅបង្ហាញខ្លួននៅតុលាការ Downpatrick Magistrate ដើម្បីព្យាយាមធានាខ្លួន ឲ្យនៅក្រៅឃុំ។ លោកប្រឈមនឹងការចោទប្រកាន់ ពីបទបំពានផ្លូវភេទសរុបចំនួន ១៥ករណី ដោយក្នុងនោះរួមបញ្ចូល ទាំងការរំលោភបំពានលើកុមារ ២ករណី កាលពីឆ្នាំ ២០០៥ និង ឆ្នាំ២០១៣ផងដែរ។

យោងតាមប្រភពបានឲ្យដឹងថា លោក Paul Dougan ជាមេធាវីផ្ទាល់ខ្លួន របស់បេក្ខជន The Voice UK ម្នាក់នេះបាននិយាយប្រាប់ទៅកាន់តុលាការថា លោកនឹងគោរពតាមលក្ខខណ្ឌរបស់តុលាការយ៉ាងពេញលេញ ដោយឲ្យលោក Jeff Anderson នៅក្រៅឃុំ និងមិនឲ្យរត់ទៅណាឡើយ។ ប៉ុន្តែលោក Jeff Anderson ត្រូវតែរាយការណ៍ទៅកាន់ស្ថានីយ៍ប៉ូលិសជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជាក់ពីវត្តមានរបស់លោកថា មិនបានរត់ទៅណា៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]