ភ្នំពេញ ៖  ក្រោយពីមាន ការចុះបង្រ្កាប និងចាប់បាន ជនសង្ស័យចំនួន៥នាក់ នៅក្នុងហាងកាហ្វេ គ្មានយីហោ ដែលមានទីតាំង នៅតាមផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះ រួមមាន ម្ចាស់ហាងផងដែរនោះ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នេះ អាជ្ញាធរខណ្ឌ សែនសុខ ដឹកនាំលោក អភិបាលខណ្ឌ លី សាវ៉េត បានចុះទៅបិទ អាជីវកម្មហាងកាហ្វេ មួយនេះ។

សូមបញ្ជាក់ថា មានភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី១១ ខែសីហា នេះ ស្ថិតនៅក្នុងហាងកាហ្វេ គ្មានយីហោមួយកន្លែង ទល់មុខអេម៉ាត ក្បែរសាកលវិទ្យាល័យអន្តរជាតិ (IU) តាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលកម្លាំងនគរបាលជាច្រើននាក់ បានចុះទៅច្បាម និងចាប់ខ្លួនបុរស៥នាក់ ក្នុងនោះរួមទាំងម្ចាស់ហាង ដែលជាជនជាតិវៀតណាម ដោយជាប់សង្ស័យនឹងសកម្មភាព លួចចែកចាយគ្រឿងញៀន។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានទាំង បុរសជាម្ចាស់ហាងកាហ្វេ ជនជាតិវៀតណាម ផងដែរ យកទៅសួរនាំ បន្ទាប់ពីសមត្ថកិច្ចរបស់លោក បានរកឃើញគ្រឿងញៀន ជាប្រភេទក្រាមពណ៌ស ឬហៅថា ម៉ាទឹកកក ចំនួន ១៣កញ្ចប់។

បើយោងតាមលោក ម៉ក់ ហុង ជនសង្ស័យដែលជាប់ពាក់ព័ន្ធខាងលើនេះ គឺជាជនចែកចាយគ្រឿងញឿន យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។

អធិការនគរបាលរូបនេះ បានបន្តថា ជនសង្ស័យដែលពីមុនបានធ្វើសកម្មភាពចែកចាយ និងលក់គ្រឿងញៀន តាមរយៈបង្កប់នៅក្នុងទូរស័ព្ទ ប៉ុន្តែលើកនេះ ពួកគេបានប្រើក្រដាសលុយថ្មីៗ សន្លឹកមួយ១០០រៀល ដោយបង្កប់ គ្រឿងញៀននៅក្នុងនោះ។ ជាក់ស្តែងសមត្ថកិច្ច បានរកឃើញគ្រឿងញៀន នៅក្នុងក្រដាសលុយ ចំនួន ១៣សន្លឹក ដែលពួកគេបានធ្វើសកម្មភាព។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចខណ្ឌសែន សុខ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]