អង់គ្លេស៖ បុរសជាអ្នក ជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន យកទៅដាក់គុក បន្ទាប់ពីបុរស រូបនេះ រត់គេចខ្លួន អស់រយៈពេល ២ឆ្នាំ ទៅប្រទេសអេស្ប៉ាញ ហើយបានបង្ហោះសារ ឌឺដងដាក់ប៉ូលិសថា «ចាប់ខ្ញុំមក ប្រសិនបើអ្នក អាចធ្វើបាន»។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នក ជួញដូរគ្រឿងញៀន រូបនោះ មានឈ្មោះថា Steven Johnson អាយុ៤០ឆ្នាំ បានប្រើប្រាស់ គណនីហ្វេសប៊ុក ក្រោមឈ្មោះ ក្លែងក្លាយ ថា Simon Woods និង Jj Green បានចំអកឡកឡឺយ និងឌឺដង ដាក់ប៉ូលិស បន្ទាប់ពីរត់គេចខ្លួន ក្រោយពេលប៉ូលិស ដោះលែង កាលពីខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ។

ប្រភពដដែល បានឲ្យដឹងថា ក្រោយពេល រត់គេចខ្លួន បុរសឈ្មោះ Johnson នេះ បានបង្ហោះ រូបភាព ពីភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ ដោយបង្ហាញឲ្យឃើញថា គាត់កំពុងរស់នៅ ក្នុងជីវភាព ដ៏សុខស្រួល ហើយមានទាំង រថយន្តសេរ៊ីទំនើបៗ ថែមទៀតផង។

ជាមួយគ្នានេះដែរ លោក Johnson ដែលធ្លាប់ជាប់គុក អស់រយៈពេល ជិត៧ឆ្នាំ ពីបទជួញដូរ គ្រឿងញៀន និងត្រូវប្រកាស តាមចាប់ខ្លួន តាំងពីខែមករា ឆ្នាំ២០១៤ បន្ទាប់ពី រត់គេចខ្លួន បានបង្ហោះសារថា «អ្នកនឹងមិនអាច រកខ្ញុំឃើញឡើយ! ហាហា...» ទៀតផង ប៉ុន្តែនៅទីបញ្ចប់ ប៉ូលិសនៅតែអាច ស្រាវជ្រាវ និងវែកមុខ បុរសរូបនេះ យកមកផ្តន្ទាទោស បានដដែល។

យ៉ាងណាមិញ លោក Johnson ដែលធ្លាប់រស់នៅ ក្នុងទីក្រុង Prescot នៃចក្រភពអង់គ្លេស ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងស្រុក Whiston នៃចក្រភពអង់គ្លេស។

លោក Mark Worrall ពលបាលត្រីមួយរូប ក្នុងរាជធានី Merseyside នៃចក្រភពអង់គ្លេស បាននិយាយថា ការឃាត់ខ្លួន Johnson បង្ហាញថា ពួកយើងមិនដែល បោះបង់ឡើយ។ «Johnson ត្រូវបានប្រកាស តាមចាប់ខ្លួន អស់រយៈពេល ២ឆ្នាំ មកហើយ ហើយគាត់បានរស់នៅ យ៉ាងសុខស្រួល ប៉ុន្តែឥឡូវនេះ គាត់បានត្រលប់ ចូលមកក្នុងគុក វិញហើយ»។ លោក Mark Worrall បានឲ្យដឹង យ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា Johnson ត្រូវផ្តន្ទាទោស ឲ្យជាប់គុក ពី ៦ ទៅ ១១ឆ្នាំ ពីបទកាន់កាប់ និងមានចេតនា ផ្គត់ផ្គង់ គ្រឿងញៀន ទៅឲ្យអ្នកដទៃ៕

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]