​​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​


សម្ដេច ហ៊ុន សែន នៅតែ​តូច​ចិត្តនឹង​អាមេរិក​ ដែលថា​កម្ពុជា​ងាក​ទៅរក​ចិន

សម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នៅតែ​រក្សា​ជំហរ​នយោបាយ​ការបរទេស ដោយមាន​ភាព​អ​ព្យា​ក្រឹត្យ អធិបតេយ្យ និង​ឯករាជ្យ ដោយ​មិន​ងាក​ទៅ​ទោ​ទន់​រក​អាមេរិក ឬក៏​ចិន​ឡើយ​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រំឭក​ពី​ជំនួប​រវាង​លោក និង​លោក ច​ន ឃេ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក កាលពីពេល​ថ្មីៗ​នេះដែរ​ថា លោក​តូចចិត្ត​និង​អាមេរិក ដែល​ចោទប្រកាន់​កម្ពុជា​ថា មាន​ភាពលម្អៀង​ទៅរក​ចិន ទើប​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម ដែល​ពាក់ព័ន្ធ​នឹង COC (​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​) ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងឆ្នាំ​២០១២ ។ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រា​ប់លោក ច​ន ឃេ​រី ថា មិនមែន​មានតែ​កម្ពុជា​ទេ ដែល​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដែល​ពាក់ព័ន្ធ​នឹង COC នេះ ពោលគឺ​ពេល​ប្រជុំ​នៅ ឥណ្ឌូនេស៊ី វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ក៏​មិនអាច​សម្រេចបាន​នូវ COC ដូចគ្នា​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រា​ប់លោក ច​ន ឃេ​រី ទៀតថា ប្រទេស​ដែល​ចោទ​កម្ពុជា​ពី​ការបរាជ័យ​មិនអាច​សម្រេចបាន​នូវ COC នេះ គួរតែ​សុំទោស​កម្ពុជា​វិញ​។​ ប្រភព៖ ThmeyThmey

ឯកឧត្តម សម រង្ស៊ី​៖«​លោក ទេព នីថា ពីមុន និង​លោក ទេព នីថា ក្រោយនេះ ខុសគ្នា​»

គ្មាន​បញ្ហា​ទេ​សម្រាប់​ឯកឧត្តម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការបន្ត​តំណែង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ម្តងទៀត​របស់លោក ទេព នីថា​។ នៅក្នុង​វិធី Hello VOA កាលពី​យប់​ថ្ងៃ​ពុធ ឯកឧត្តម សម រង្ស៊ី បាន​ថ្លែង​ការពារ​ថា វត្តមាន​របស់លោក ទេព នីថា ពេលនេះ មិនអាចឲ្យ​លោក​ ទេព នីថា ​ធ្វើ​អ្វី​តាមចិត្ត​ដូច​កាលពី​អាណត្តិ​មុនៗ​ឡើយ​។ លោក​បញ្ជាក់ថា នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប បច្ចុប្បន្ន មិន​សំខាន់​លើ​បុគ្គល​ម្នាក់​ទេ តែ​សំខាន់​គឺ​យន្តការ និង​របៀប​ធ្វើការ​របស់​ស្ថាប័ន​នេះ​។ «​លោក ទេព នីថា មុន និង​លោក​ទេព នីថា ក្រោយ ខុសគ្នា ព្រោះ​(​លោក ទេព នីថា​) ត្រូវ​ធ្វើការ​ក្នុង​បរិបទ ក្នុង​ក្របខណ្ឌ របៀប​ធ្វើ​សេចក្តីសម្រេចចិត្ត របៀប​ចាត់ចែង​ខុសគ្នា​។ ពីមុន​បុគ្គល​តែមួយ​ធ្វើ​អ្វី​បាន​ស្រេច​ចិត្ត ព្រោះ​បក្ស​គេ​តែមួយ ឃុបឃិត​គ្នា តែ​ឥឡូវ​(​ស្ថាប័ន​នេះ​) មាន​វិន័យ មាន​យន្តការ មានការ​តាមដាន​គ្នា​ទៅវិញទៅមក​»​។ នេះ​ជាការ​បកស្រាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី​។ ប្រភព៖ ThmeyThmey

លោក សម រង្ស៊ី រំឭកគូប្រកួតឲ្យផ្ទេរអំណាច ដោយសន្តិវិធីដូចភូមាបើចាញ់ឆ្នោត​

មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនោះយល់ថាកម្ពុជាគួរយកគំរូនេះមកអនុវត្តដែលលោកថាដើ​​ម្បី​​ជំរុញការដឹកនាំមួយ ឆ្លើយតបតាមឆន្ទះ របស់ម្ចាស់ឆ្នោត។ លោកបន្តថា៖ “គំរូដែលល្អគឺគណបក្សទាំងពីរគេនិយាយគ្នាគណបក្សប្រឆាំងគណ​បក្ស​កាន់អំណាចគេនិយាយគ្នាមុនថ្ងៃបោះឆ្នោតគេនិយាយគ្នាថ្ងៃបោះឆ្នោតគេនិយាយគ្នាឥឡូវបោះឆ្នោតហើយគេនូវ​និយាយគ្នា។ គេនិយាយគ្នាថាធ្វើម៉េចកុំឲ្យបែកបាក់គ្នា ធ្វើម៉េចឲ្យរក្សាបាននូវឯកភាពជាតិ ធ្វើម៉េចឲ្យគណបក្សទាំងសងខាងហ្នឹងចេះ​គោរពគ្នាទៅវិញទៅមកជៀសវៀងអំពើហិង្សា ហើយល្អជាងនេះទៅទៀតចេះធ្វើការជាមួយគ្នា។ អញ្ចឹងហើយបាន​ជាប្រទេស​កម្ពុ​ជាយើងគួរតែយកគំរូតាមប្រទេសភូមាទោះជាគណបក្សណាឈ្នះមិនសំខាន់ប៉ុន្មានទេធ្វើម៉េចឲ្យរក្សាការឯកភាពគ្នា ហើយ​ធ្វើតាមបំណងប្រជារាស្ត្រ”។ ប្រភព៖ VOD

 

សម្តេចក្រុមព្រះរកកិច្ចការពារសន្តិសុខ ខណៈជម្លោះកាន់តែខ្លាំងជាមួយលោក ញឹក ប៊ុនឆៃ​

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ស្វែងរកកិច្ចអន្តរាគមន៍ការពារសន្តិសុខពីរដ្ឋាភិបាលបន្ទាប់ពីមានជម្លោះជាថ្មីទៀតជាមួយលោក ញឹក ប៊ុនឆៃ រហូតបែកបាក់គណបក្សហ្វ៊ុនស៊ិនប៉ិចជាពីរ។ ការរកអន្តរាគមន៍នេះគឺតាមរយៈលិខិតមួយច្បាប់របស់សម្តេចក្រុមព្រះដាក់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងចម្លងជូនខុទ្ទកាល័យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យជួយការពារសន្តិសុខ។ នៅក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង សម្ដេចក្រុមព្រះលើកឡើងថា “ក្នុងឋានៈទ្រង់ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់មិនបានអនុញ្ញាតឲ្យបុគ្គលណាឬក្រុមណារៀបចំសមាជបង្កើតគណបក្សមួយថ្មីជំនួសគណបក្សហ្វ៊ុនស៊ិនប៉ិចបច្ចុប្បន្នឡើយ”។ ប្រភព៖ VOD

លោក ហ៊ុន សែន ប្រកាស​បញ្ចុះ​តម្លៃ​ សេវា​សុំ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ពេទ្យ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ចុះ​តម្លៃ​សេវា​បំពេញ​បែបបទ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ពេទ្យ ពី ៥០​ម៉ឺន​រៀល មក​នៅ​ត្រឹម ១០​ម៉ឺន​រៀល ហើយ​មិន​ចាំ​បាច់​ឲ្យ​មាន​បេក្ខជន​បម្រុង។ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅ​ថ្ងៃ​ទី​៥ កុម្ភៈ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។ លោក ហ៊ុន សែន ថ្លែង​ថា ចំពោះ​អ្នក​ដែល​ជាប់​ជា​បេក្ខជន​បម្រុង​ក្នុង​ឆ្នាំ​នេះ ត្រូវ​ជាប់​ចូល​បម្រើ​ការងារ​ដោយ​ស្វ័យប្រវត្តិ ហើយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ នឹង​លែង​ឲ្យ​មាន​បេក្ខជន​បម្រុង​ទៀត​ហើយ។ ប្រភព៖ RFA

លោក សម រង្ស៊ី គ្រោង​ស្នើ​រដ្ឋសភា​ធ្វើ​ច្បាប់ ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ អាច​បោះ​ឆ្នោត​បាន

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​កាណាដា (Canada) ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ផ្ញើ​ទៅ​សភា ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​រស់នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដូច​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែរ។ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​រក្សា​វប្បធម៌​សន្ទនា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជជែក​គ្នា ដើម្បី​ធ្វើ​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​អាណត្តិ​ទី​៦ ខាង​មុខ៖ «បើ​មាន​តំណាង​រដ្ឋាភិបាល លោក ហ៊ុន សែន មក​កាណាដា មក​ចង់​ទំនាក់ទំនង បង​ប្អូន​សួរ​ទៅ ថា​ឥឡូវ​រៀបចំ​ឲ្យ​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត អា​ហ្នឹង​ចាំ​យើង​និយាយ​គ្នា ទទួល​ស្គាល់​តម្លៃ​ជា​ខ្មែរ​សិន តែ​បើ​មើលងាយ​យើង ចាត់​យើង​នៅ​ក្រៅ​ប្រទេស​គ្មាន​សិទ្ធិ​បោះ​ឆ្នោត ចឹង​ប្អូន​គាំទ្រ​ធ្វើ​អី? ចាំ​គេ​ឲ្យ​តម្លៃ​សិន ចាំ​និយាយ​គ្នា​ត​ទៅ​ទៀត»។ ប្រភព៖ RFA

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]