បាត់ដំបងៈ រថយន្តកាមរី១គ្រឿង បើកបរពីស្រុកកំរៀង សំដៅទៅខេត្តតាកែវ ពេលមកដល់ចំណុចកើតហេតុ រថយន្តនោះបើកបុកស្ពានដោយខ្លួនឯង បណ្តាលឲ្យ គ្រោះថ្នាក់ស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៧នាក់ កាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ នៅចំណុចក្បាលស្ពាន តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ឃុំកំពង់ព្រះ ស្រុកសង្កែ។ ក្រោយពីហេតុការណ៍ បានកើតឡើងហើយ រថយន្តសង្រ្គោះនគរបាលចរាចរណ៍ ខេត្តបានចេញ អន្តរាគមន៍ ជួយដឹកជនរងគ្រោះ យកទៅសង្រ្គោះនៅគ្លីនិកឯកជន សុវណ្ណ។ ចំណែកអ្នកស្លាប់ បានយកទៅបូជា នៅវត្តនរាតាមប្រពៃណី។

មន្រ្តីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ មានចំនួន ៨នាក់ៈ ទី១ ឈ្មោះ វង្ស វឿន ភេទប្រុស អាយុ ៣៥ឆ្នាំ (អ្នកបើកបរ), ទី២ ឈ្មោះសួន ឃួង (ផង់) ភេទស្រី អាយុ ៣៤ឆ្នាំ, ទី៣ ឈ្មោះ ឌុល រចនា ភេទស្រី អាយុ ១៩ឆ្នាំ, ទី៤ ឈ្មោះ ឌុលស្រីមុំ ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៥ ឈ្មោះ វឿន វីន ភេទប្រុស អាយុ ៨ឆ្នាំ (ទាំង៥នាក់នេះ រងរបួសធ្ងន់), ទី៦ ឈ្មោះ សួន ភាព ភេទប្រុស អាយុ ២៩ឆ្នាំ, ទី៧ ឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ ២៩ឆ្នាំ (២នាក់នេះរង របួសស្រាល), ទី៨ ឈ្មោះ សួន គន្ធា ភេទស្រី អាយុ ៣ឆ្នាំ (ស្លាប់)។ ពួកគេទាំងអស់គ្នា មានទីលំនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមក ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើការនិងរកស៊ី។ ចំណែករថយន្តម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I4211 បានខូចខាតទាំងស្រុង ត្រូវបានសមត្ថកិច្ច អូសយកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ខេត្ត។

ប្រភពបានបន្តថា បើតាមជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ អ្នកបើករថយន្តកំពុងបើកបរ ពីទិសបាត់ដំបងទៅភ្នំពេញ លុះពេលទៅជិត ដល់កន្លែងកើតហេតុ ស្រាប់តែឃើញមានមនុស្ស ដើរកាត់ពីមុខរថយន្តម្តងហើយម្តងទៀត ធ្វើឲ្យអ្នកបើករថយន្ត បានបើកគេចរ៉េចង្កូតបណ្តាល ឲ្យទៅបុកក្បាលស្ពាន ធ្វើឲ្យរថយន្តកំពិត និងរួញមួយចំហៀង បណ្តាលឲ្យអ្នកធ្វើដំណើរស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។

សូមបញ្ជាក់ថា កន្លែងគ្រោះថ្នាក់នេះ គឺជាកន្លែងជើងកប ធ្លាប់យកអាយុជីវិតមនុស្ស និងរថយន្តអស់ជាច្រើននាក់មកហើយ រហូតដល់ប្រជាពលរដ្ឋដាក់ស្លាក សញ្ញា គ្រោះថ្នាក់ធំៗ ឲ្យអ្នកបើកបរមើលតាមផ្លូវទៀត ដូច្នេះសូមអ្នកបើកបរ មេត្តាប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោងនេះផង៕

ដោយៈ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]