រាជ​ធានីភ្នំពេញ ៖ រថយន្ត​កាមរី​ហាយ​ប្រ៊ីត ​ពណ៌​​ទឹក​ប្រាក់ ​​​បត់​ឆ្វេង​​ទៅបុក​ម៉ូតូ​​​ធុនធំ​​​​ស៊េរី​​ទំនើប​មួយគ្រឿង បណ្តាល​ឱ្យ​បែក​​​កា​ទែរ​ម៉ាស៊ីន  ​តែ​សំណាង​​ល្អ​​ អ្នក​​​​បើក​​​ខ្ទាត​​​ចេញពីម៉ូតូ​​ផុត​​មិន​មាន​រង​របួស​​​ ចំណែក​រថយន្ត​​​​បាន​បន្ថែមល្បឿន​បើក​រត់​​បាត់​ ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​​​១០និង​​១០នាទី​​​យប់ ថ្ងៃទី​​១០ សីហា ​ចំណុច​ស្តុប​​ទួល​ទំពូង ​តាម​មហា​វិថី​​​​ម៉ៅ​សេទុង​ ក្នុង​សង្កាត់​ទួល​ទំពូងទី២ ខណ្ឌ​ចំការមន ។​

ប្រភព​ព័ត៌មាន​​​ពីមន្ត្រីកង​​រាជ​អាវុធ​ហត្ថ​​​​ប្រចាំ​​​គោល​ដៅ​​​​នៅ​កន្លែង​កើតហេតុ ​​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ រថយន្ត​​​កាមរី​ហា​ប្រ៊ីត ​ពណ៌​ទឹក​ប្រាក់ ​មួយគ្រឿង  ​​បើក​បរ​ដោយ​​​បុរស​ម្នាក់​​​តាម​មហាវិថី​ម៉ៅ​សេទុង ​ពី​ត្បូង​ទៅជើង ​ចំណែក​ម៉ូតូ​​​ធុនធំ​​ស៊េរី​​ទំ​​​នើប ​​​​​ពណ៌ខៀវ ​​បើក​បរ​ដោយ​​​បុរស​​ម្នាក់​​​ពីជើង​ទៅត្បូង ​​ក្នុង​ទិស​ដៅ​​បញ្រ្ចាស​​គ្នា ​ ​​ខណៈ​មក​ដល់​​​​​ចំណុច​​​កើត​ហេតុ​​ស្រាប់​តែ​រថយន្ត​​បត់​ឆ្វេង​លឿន​​ស្លេវ​​​ទៅ​បុក​​​ចំពាក់​កណ្តាល​​ត្រូវ​​ម៉ាស៊ីន​​​​ម៉ូតូ​​​​បណ្តាល​​ឱ្យ​​​ដួល​​​ខ្ទាត​​​ទៅបោក​នឹង​​បង្គោល​​ទូរស័ព្ទ​​​​សាធារណៈ​​នៅ​មុខ​​​ផ្ទះ​​លក់​​​គ្រឿង​ទេស​​ ធ្វើ​ឱ្យ​​​​ម៉ូតូ​បែក​កាទែរ​​ហូរ​​ប្រេង​​ ​តែ​សំណាង​ល្អ​អ្នក​​​​​​​បើក​​​ម៉ូតូ​​​ផ្លោង​​​ចេញពី​​​​ម៉ូតូ​​មិន​មាន​​រង​របួស​​​ទេ ​​ដោយឡែក​​​​រថយន្ត​​​​បាន​បន្ថែម​ល្បឿន​​​គេច​បាត់​​ស្រមោល ។​

ក្រោយ​ពេល​​កើត​ហេតុ ​កម្លាំង​កង​​​រាជ​អាវុធ​​ហត្ថ​​​​ែដល​ឈរ​ជើង​​​នៅ​ជិត​​​កន្លែង​កើត​​ហេតុ​​ និង​ម្ចាស់​ម៉ូតូ​​រង​គ្រោះ​​​បាន​ជិះ​ដេញ​តាម​​​​រថយន្ត​​ តែ​តាម​​​មិន​ទាន់​​​ក៏​ត្រឡប់​​​មក​កន្លែង​ដើម​វិញ ​ស្រាប់​​តែ​​អ្នកនៅកន្លែង​​​កើតហេតុ​​​រើស​បាន​​​ស្លាក​លេខ​​​​រថយន្ត​​​ជ្រុះ​​នៅ​កន្លែង​កើត​ហេតុ ​​ក៏​យក​មក​ប្រគល់​​​​ឱ្យ​ម្ចាស់ម៉ូតូ​​​ដើម្បីយក​ទៅ​​ដាក់​ពាក្យ​បណ្តឹង​​​​នៅ​ខណ្ឌ​​​​ចំការមន​​ តាម​ស្រាវជ្រាវ​​​​ចាប់​រថយន្ត​​​​នោះ​​​ ។​ ចំណែក​​​ម្ចាស់​ម៉ូតូ​​​ធុនធំ​​នោះ​បាន​​​​​​បង្ហើប​​​ថា ម៉ូតូ​​​របស់គាត់​​ទើប​នឹង​​ទិញ​តម្លៃ​​​ជិត​មួយ​​ម៉ឺន​​ដុល្លារ ​​ហើយ​​ការ​​​ខូច​ខាត​នេះ​មិន​តិច​​​ជាង​​​​រាប់ពាន់​​ដុល្លារ​​ទេ ។

ការខូ​ច​ខាត​បង្គោល​ស្លាក​លេខ​​​​​​​ទូរស័ព្ទ​សា​ធា​រណៈ​​​នោះ​​ម្ចាស់​​​គេ​ក៏មិន​​​បានទាម​ទារ​​​ឱ្យ​ម្ចាស់​​​ម៉ូតូ​​​សង​ដែរ​ ដោយ​​​សារ​តែ​​មិន​មាន​​ចេតនា​​​​​​បុក​គឺ​រថយន្ត​​​ជា​​អ្នក​​​បង្ក​​​ ហើយ​​រត់​គេច​បាត់​ ។ ​ស្លាក​លេខ​​​​រថយន្ត​​​ដែលជ្រុះក្រោយ​​ពេល​បុក​​​នោះ​គឺ​ម្ចាស់​ផ្ទះ​រើស​​បាន​នៅកន្លែ​ង​​​កើត​ហេតុ​​​​​យក​ទៅ​ប្រគល់​​​​​ឱ្យម្ចាស់​​​​​ម៉ូតូ​​​​​ ដើម្បី​​ជា​ស្តុតា​ងសម្រាប់​​ដាក់​ពាក្យ​ប្តឹង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]