រាជធានីភ្នំពេញ ៖ ​បុគ្គ​លិក​ហាង​២​​នៅ​ជិត​គ្នា​ឈ្លោះ​​ប្រកែក​គ្នា​​​វាយ​ទាត់​ធាក់​បែក​បាក់​របស់​របរ​រាយ​ប៉ាយ​ពេញ​ក្នុង​ហាង និង​ម៉ូតូ​សង់​កូរ៉េ​ពណ៌​​ក្រហម​មួយ​គ្រឿង​នៅ​ក្នុង​ហាង​ចេលី​ម៉ាត លក់​​បាយ កាហ្វេ និង​គ្រឿង​ក្លែម​គ្រប់​មុខ ដែល​មាន​ទីតាំង​នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​២ ក្រុម​ទី​៣៣ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ សីហា ។

​បើ​តាម​សម្តី​ម្ចាស់​​ហាង​ចេលី​ម៉ាត ឈ្មោះ​ហ៊ីង ចាន់​ថាណា ភេទស្រី អាយុ​៣៣​ឆ្នាំ ​ឱ្យ​ដឹង​ថា កាល​​ពី​ថ្ងៃ​ទី​៨ សីហា​ កន្លង​ទៅ ​នៅ​ហាង​របស់​គាត់​មាន​បុគ្គ​លិក​​២​នាក់​ប្តី​ប្រពន្ធ​​ ​ ប្តី មាន​ឈ្មោះ​ម៉ៅ សុគា អាយុ​២៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​តេង ស្រីនឿន អាយុ​២៧​ឆ្នាំ ​ស្នាក់​នៅ​​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ បាន​ឈ្លោះ​​ប្រកែក​គ្នា​​​នៅ​ក្នុង​ហាង​របស់​គាត់​ហើយ​​គោះ​ទ្វារ​ស្រែក​ជេរ​គ្នា​​ផ្អើល​ទាំង​យប់ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា ​ចាប់​ពី​ថ្ងៃ​នោះ​មក​គាត់​ក៏​បាន​​ហៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះមក​បើក​ប្រាក់​ខែ​​ឱ្យ​ ហើយ​បាន​បញ្ឈប់​ពី​ការ​ងារ​ទាំង​ពី​រ​នាក់​ប្តី​ប្រពន្ធ​ ។ បន្ទាប់​មក​​បុរស​ជា​ប្តី​បាន​មក​សុំ​ធ្វើ​ការ​វិញ ចំណែក​ស្ត្រីជា​ប្រពន្ធ​បាន​​ទៅធ្វើការ​នៅ​ហាង​ផាឡេស​បាសាក់ ​នៅ​ជិត​កន្លែង​ស្នាក់​នៅ​។ លុះ​យប់​ឡើង​ស្ត្រី​ជា​ប្រពន្ធ​​បាន​មក​អុក​ឡុក​​បុគ្គ​លិក​នៅ​ក្នុង​ហាង​​អូដាលីន ដែល​​មាន​ចម្ងាយ​ពី​ហាង​ចេលីម៉ាត​ប្រមាណ​​៣០​ម៉ែត្រ​ ​២-៣យប់​​មក​ហើយ ។

ដោយឡែក​​​បុរស​ជា​ប្តី​ឈ្មោះ​ម៉ៅ ​សុគា បាន​ឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​​​ពេល​ដែល​រូប​គេ​​ឈរ​នៅ​ខាង​មុខ​ហាង ស្រាប់តែ​​មានបុគ្គ​លិក​​ហាង​អូដាលីន បាន​ជិះ​ម៉ូតូ​​មក​ដល់​យក​ដុំ​ថ្ម​គប់​ទៅ​លើ​​រូបគេ ​តែ​សំណាងល្អគេ​​បាន​រត់​គេច​​ចូល​ទៅ​ក្នុង​ហាង​ទាន់​មិន​មាន​រង​របួស​ទេ ខណៈ​នោះ​​រូបគេ​បាន​​ជេរ​​ទៅ​ក្រុម​បង្ក​នោះ​វិញ។ បន្ទាប់​មក​ស្រាប់​តែ​​ជនដៃ​ដល់​ខាង​ក្រុម​ហាង​បង្ក​នាំ​គ្នា​​​យក​ថូដាក់​ស្រា​​ទៅ​បោក​នៅ​ជិត​ហាង​របស់​គាត់​បង្ក​ទៅជា​ជម្លោះ​​កាន់តែ​​ធំតែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]