ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដែលមិនគួរឲ្យកើតមួយ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ និង៤នាក់ ទៀតរបួសធ្ងន់ស្រាលត្រូវបានដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយសារម៉ូតូ ២គ្រឿង ជិះលឿនពេកជ្រុលចង្កូតបុកគ្នាយ៉ាងពេញទំហឹង ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ ថ្ងៃទី១២ខែសីហា ឆ្នាំ២១២ ស្ថិតនៅតាមបណ្តោយផ្លូវអូរឌឹមទំនប់កប់ស្រូវ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ អ៊ឺន នឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកម្មករសំណង់រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសសេរី០៥ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល ១សេ ១៣៦៣ ជិះក្នុងទិសដៅពីត្បូងទៅជើងរងរបួសបែកក្បាល និងបែកមុខ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកឯភាគីម្ខាងទៀតមានគ្នា៤នាក់ ទី១ ឈ្មោះ រុន ជ័យ ភេទប្រុស អាយុប្រហែលជា៤០ឆ្នាំរងរបួសរយះ  ក្បែរភ្នែកខាងឆ្វេងដល់ឆ្អឹង និងបែកក្បាលផងដែរសន្លប់ឈឹង ទី២ ឈ្មោះ អួង ភេទប្រុស អាយុ ប្រហាក់ប្រហែលគ្នាពុំមានរងរបួស តែសន្លប់ និងទី៣  ឈ្មោះ នួន ខា ភេទប្រុស អាយុ ៥០ឆ្នាំជាងរងរបួសរយះស្មា និងពកក្បាលប៉ុនកដៃ និងទី៤ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ អ្នកទាំង ៤មានមុខរបរជាកម្មករសំណង់ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើត នៅជាមួយ គ្នាភូមិពេជ្រជានា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ អ្នកទាំងអស់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ព្រៃវែង ១អា ៦៤២១ ជិះក្នុងទិសដៅច្រាសទិសគ្នា។

ប្រភពព័ត៍មានពីជនរងគ្រោះ ដែលជិះជាមួយជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងដឹកម៉ាស៊ីនយកទៅឲ្យម្តាយ លុះពេលត្រឡប់មកវិញ ស្រាប់តែជួបឧប្បតិ្តហេតុ គ្រោះថ្នាក់ចរាចរ រហូតដល់ ស្លាប់ តែម្តងទៅ ។ ចំណែកឯ ភាគីម្ខាងទៀតជនរងគ្រោះម្នាក់បាននិយាយថា មុនពេលកើតហេតុ រូបគេរួមនឹង បងប្អូន ទាំងអស់បានឌុបគ្នាចេញមកពីកន្លែងធ្វើការ សំណង់នៅម្តុំព្រែកព្នៅដើម្បីវិលត្រឡប់ទៅផ្ទះជួលវិញ ប៉ុន្តែដោយ ស្ថានភាពងងឹតស្រវាំងភ្លើងក៏ជ្រុលចង្កូតទៅបុកគ្នាតែម្តងទៅ។

នគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរបើក ច្រាសទិសគ្នា ក្នុងល្បឿនលឿន ដូចគ្នាដូច្នោះ ហើយទើបយកចង្កូតមិនទាន់ជ្រុលទៅបុកយ៉ាងពេញទំហឹង រហូតដល់ភាគីម្ខាងបាត់បង់ អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯ ភាគីម្ខាងទៀតមានគ្នា៤នាក់នោះ ត្រូវរងរបួសយ៉ាងដំណំត្រូវបាននគរបាល ហៅរថយន្ត ពេទ្យរាជធានីឲ្យមកដឹកយកទៅសង្រ្គោះ ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវប្រគល់ ទៅឲ្យនគរបាលចរាចរ ជើងគោក រាជធានីយកទៅរក្សាទុក ដើម្បីរង់ចាំភាគីទាំងសង្ខាងចូល ខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]