ភ្នំពេញ៖ ទាក់ទងនឹងអបិយជំនឿមួយចំនួន ដែលប្រជាជនខ្មែរ ជាពិសេសយុវវ័យ លឺតៗគ្នាកន្លងមក ថាវត្តភ្នំដែលស្ថិតលើភ្នំដូនពេញ ក្នុងរមណីយដ្ឋានទេសចរណ៍ និងប្រវត្តិសាស្រ្តវត្តភ្នំ គឺជាកន្លែងមិនសមប្រកប សំរាប់គូស្នេហ៍នោះទេ រហូតដល់មានគូស្នេហ៍ខ្លះ ខ្លាចរួញខ្លួន មិនទាំងហ៊ានជិះកាត់ទីនោះ ព្រោះខ្លាចបែកគ្នា។

បើតាមការសួរនាំកន្លងមក យុវវ័យជាច្រើន ដែលរស់នៅក្នុងក្រុងភ្នំពេញ រឺតាមបណ្តាខេត្តមួយចំនួន ដែលនៅជាប់ក្រុងភ្នំពេញ សុទ្ធសឹងតែធ្លាប់បានដឹងលឺ ល្បីតៗគ្នាថា វត្តភ្នំជាកន្លែងមិនសមប្រកបឡើយ សម្រាប់គូស្នេហ៍ សម្រាប់ធ្វើកាទស្សនា រឺបន់ស្រន់ រហូតដល់មានអ្នកខ្លះទៀតថា ជិះកាត់ទីនោះក៏មិនបានដែរ ព្រោះអាចធ្វើឲ្យបែកបាក់ ព្រាត់ប្រាសគ្នា។

ដើម្បីជាការស្រាយចម្ងល់ ចំពោះរឿងរ៉ាវខាងលើ ខ្មែរឡូតក៏បានចុះទៅសាកសួរនាំ ពីចាស់ទុំ ក៏ដូចជាមនុស្សមួយចំនួន នៅឯទីតាំងវត្តភ្នំផ្ទាល់ ថាតើពួកគេបកស្រាយយ៉ាងណា ចំពោះជំនឿទាំងអស់នោះ?

បើតាមលោកអ៊ុំម្នាក់ ជាចាស់ទុំនៅទីនោះបានប្រាប់​ «ខ្មែរឡូត» ឲ្យដឹងថា គាត់ពិតជាធ្លាប់បានលឺគេនិយាយច្រើន ពីរឿងនេះពីមុនមកពិតមែន ប៉ុន្តែវាអាចគ្រាន់តែពាក្យចចាមរ៉ាមប៉ុណ្ណោះ ព្រោះថាខាងក្រសួងទាក់ទង ក៏ដូចជាខាងស្រាវជ្រាវប្រវត្តិសាស្ត្រ ក៏មិនដែលមានការណែនាំប្រាប់ ពីរឿងនេះដែរ ភាគច្រើនគឺលឺចេញមកពីខាងក្រៅវិញ។ លោក អ៊ុំបាននិយាយថា៖ "មានអ្នកខ្លះគាត់និយាយថា ពីមុនធ្លាប់មានគូស្នេហ៍មួយគូ មកធ្វើអត្តឃាតនៅទីនេះ ហើយមុននឹងស្លាប់ ខាងស្រីសច្ចាថា សូមឲ្យគូស្នេហ៍ទាំងអស់ដែលមកបួងសួងនៅទីនោះ ត្រូវព្រាត់ប្រាសវិនាសទាំងអស់។ ប៉ុន្តែតាមពិតទៅ រឿងនេះលឺពីក្រៅមកវិញនោះទេ អ្នកនៅហ្នឹងអត់ដឹងអីទេក្មួយ អត់ដឹងថាវាកើតឡើងពីជំនាន់ណានោះទេ!"។


រូបសំណាក លោកយាយពេញ នៅក្រោយព្រះវិហារ

មិនខុសពីអ៊ុំប្រុសខាងលើ បងប្រុសម្នាក់ដែលជាអ្នកលក់ភេសជ្ជៈនៅទីនោះ បានប្រាប់ខ្មែរឡូតឲ្យដឹងដែរថា តាមពិតទៅការបែកបាក់គ្នា សម្រាប់យុវវ័យបច្ចុប្បន្ន វាជារឿងធម្មតាទៅហើយ។ រឿងនេះវាអាស្រ័យទៅលើមនុស្សនោះទេ យើងមិនអាចទំលាក់កំហុស មកលើបារមីវត្តភ្នំបានឡើយ ព្រោះពួកគាត់មានតែជួយថែរក្សាកូនចៅ ចង់ឲ្យកូនចៅល្អ មិនដែលអ្នកណាចង់បំបែកបំបាក់កូនចៅនោះទេ។ បងប្រុសរូបនេះបន្តថា គាត់ក៏ធ្លាប់បានលឺរឿងគេនិយាយដូចនេះជាច្រើនលើកមកហើយដែរ ប៉ុន្តែមិត្តភក្តិគាត់ ដែលមានគូស្នេហ៍ជាច្រើនគូ ឧស្សាហ៍មកលេងគាត់នៅទីនេះ មិនទាន់មានឃើញ មានគូណាព្រាត់ប្រាសគ្នាអី្វនោះទេ។ 


ទិដ្ឋភាពខាងក្នុងព្រះវិហារ

ចំនែកឯបងស្រីម្នាក់ ដែលជាអ្នកលក់ទៀនធូប ជាយូរមកហើយនៅទីនោះ ក៏បានប្រាប់ខ្មែរឡូតឲ្យដឹងដែរថា តាមពិតទៅអាគមផ្សំអាយុះ អ្នកណាជឿគេក៏ជឿទៅ អ្នកមិនជឿក៏គេមិនជឿ។ បើតាមភាគច្រើនរឿងដែលលេចលឺឡើង គេថា លោកយាយពេញ ដែលជាអ្នកផ្តួ​ចផ្តើមគំនិតកសាងវត្តភ្នំនេះ គាត់ជាមនុស្សអត់គូ ហើយតែកាលណាមានគូស្នេហ៍មកបួងសួង ផ្សងសច្ចាអ្វី គាត់មិនជួយនោះទេ។ ហើយអ្នកខ្លះទៀត គាត់ថាមានគូស្នេហ៍ មកធ្វើអត្តឃាត ហើយដាក់ទំនាយគេឯងជាដើម។ តែរឿងនេះអាចគ្រាន់តែជាការគិត រឺការចៃដន្យណាមួយដែលកើតឡើងចំពោះគូស្នេហ៍ណាមួយ ដែលបែកបាក់គ្នាហើយ ក៏ត្រិះរិះរកកំហុសទំលាក់លើរឿងនេះ រឿងនោះជាដើម។

គាត់បាននិយាយថា៖ "តាមពិតទៅអូន អ្នកនៅលើភ្នំមិនដែលបាននិយាយថា មានរឿងចឹងមែននោះទេ តែភាគច្រើនលឺពីអ្នកខាងក្រៅមកវិញ។ តែគេជឿថាវាកើតឡើងតែលើគូស្នេហ៍ មិនទាន់រៀបការប៉ុណ្ណោះ ព្រោះពួកម៉ាកបងម្នាក់ គេធ្លាប់ព្រាត់ប្រាសគ្នាជាមួយសង្សារគេ ក្រោយមកលេងវត្តភ្នំចឹងមែន តែក្រោយមកគេរៀបការជាមួយអ្នកផ្សេង ទៅដូចអត់ឃើញមានរឿង ព្រាត់ប្រាសអីទៀតផង។ និយាយទៅវាអាចជាការចៃដន្យអីចឹង ក៏ថាបាន!"។ បងស្រីក៏បានប្រាប់ឲ្យដឹងទៀតថា អាចមកពីអ្នកខ្លះធ្លាប់ស្តាប់ចម្រៀង ច្រៀងដោយបងស្រីទូចស៊ុននិច ដែលក្នុងន័យចម្រៀង គូស្នេហ៍ពួកគេ ផ្សងសច្ចានៅវត្តភ្នំ ហើយក៏បែកបាក់គ្នា ហើយក៏ជឿថាជារឿងពិត ក៏ថាបាន។


រូបសំណាក លោកយាយពេញ នៅក្នុងព្រះវិហារ

ចំពោះរឿងនេះ យើងក៏បានសាកសួរទៅកាន់យុវវ័យមួយចំនួន ចង់ដឹងថាពួកគេមានទស្សនៈយ៉ាងណាដែរនោះ? ក្នុងនោះ កញ្ញាភាព ជានិស្សិតម្នាក់បានប្រាប់ខ្មែរឡូតឲ្យដឹងថា ពីមុនគាត់ធ្លាប់លឺគេនិយាយចឹងដែរ តែដល់ពេលជួបផ្ទាល់បានដឹងថា ពិតមែន។ គាត់រួមទាំងពួកម៉ាកពីរនាក់ទៀត មានគូស្នេហ៍មួយគូៗម្នាក់ ដល់ពេលមកពីលេងបាក់ខែង ហើយជិះកាត់វត្តភ្នំ មានរឿងឈ្លោះគ្នាបែកគ្នាទាំងបីគូតែម្តង។ ភាពបាននិយាយថា៖ "ពេលខ្លះទៅដូចមិនជឿ តែដល់ពេលគិតឡើងវិញដូចទំនងដែរ!"។

ចំណែកឯ លោក សុភ័ក្ត្រ ជានិស្សិតនៅសកលវិទ្យាល័យ NUM វិញបានឲ្យដឹងថា គាត់បានឌុបសង្សារគាត់ ទៅមកទៅមក សឹងរាល់ថ្ងៃកាត់វត្តភ្នំ ជិតមួយឆ្នាំហើយ ដូចអត់ទាន់ឃើញបែកបាក់គ្នាអ្វីនោះទេ។ សុភ័ក្រ្ត បាននិយាយមកកាន់ខ្មែរឡូតថា៖ "សំខាន់លើចិត្តមនុស្សទេបង តែអ្នកខ្លះចង់បែកគ្នា ហើយចេះតែលើក រឿងនេះនោះមកនិយាយ ព្រោះថាគូស្នេហ៍ខ្លះ អត់បានជិះកាត់វត្តភ្នំផងបែកគ្នាដែរ។ ខ្ញុំឌុបសង្សារខ្ញុំកាត់ទៅមក ទៅនោះរាល់ង៉ៃ អត់ទាន់ឃើញបែកគ្នាផង!"។

គួរបញ្ជាក់ផងដែរថា វត្តភ្នំជាវត្តពិសេសមួយដែលមានតែព្រះវិហារ ដែលមិនមានព្រះសង្ឃគង់អាស្រ័យនោះទេ។ មិនតែប៉ុណ្ណោះវត្តនេះ ក៏មិនមានកុដិ រឺសាលាឆាន់ដូចវត្តដ៏ទៃទៀតនោះដែរ។ វត្តភ្នំគឺជាទីសម្គាល់រាជធានីភ្នំពេញ ដែលជាបេះដូងព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះវាក៏ជាទីកន្លែង ទេសចរណ៍ ប្រវត្តិសាស្រ្តមួយដ៏ពេញនិយម សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ធ្វើការទស្សនាកម្សាន្ត ក៏ដូចជាបន់ស្រន់ ចាក់គម្ពីរជាដើម៕

ចុះចំណែកប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?







ទិដ្ឋភាពនានា នៅលើភ្នំដូនពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]