កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្នាក់​ការ​ឧទ្យា​ន​ជាតិគិរី​រម្យ​​បាន​​ឃាត់​​ខ្លួន​​យុវជន​​ម្នាក់​​កាលពី​​វេលា​​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​៩ សីហា ខណៈ​ជន​​នេះ​​​បាន​គាស់​ដំបូល​ស័ង្ក​សី​​ចូល​ក្នុង​​ផ្ទះ​​​​បម្រុង​​លួច​ទ្រព្យ​សម្បត្តិ​​អ្នក​លក់​ដូរ​ម្នាក់​​​​នៅ​ក្នុង​ភូមិ​​ទី​​៤ ឃុំ​ត្រែង​​ត្រយឹង ​ស្រុក​ភ្នំស្រួច​ ។​

​ប្រធាន​ស្នាក់​ការ​កង​រាជ​អាវុធ​ហត្ថ​​ឧទ្យាន​ជាតិ​​គិរី​រម្យ​​ លោក​អនុសេនីយ៍​​ទោ ​ទិត្យ ​វណ្ណៈ​​ បាន​ឱ្យ​ដឹង​​ថា ​ម្ចាស់​​ផ្ទះ​​ដែល​​ជន​​នេះ​​គាស់​​ដំបូល​​ចូល​​ ប្តី​​ឈ្មោះ​​សឹង ​ឡុង អាយុ​​៥១​​ឆ្នាំ​ ។ ពេល​គាស់​ដំបូល​​ចូល​នោះ​ ជា​សំណាង​ល្អ​​ប្រពន្ធ​​ម្ចាស់​​ផ្ទះ​ដឹង​​ក៏​ស្រែក​​​​ឆោ​ឡោ​​​ឡើង​​ផ្អើល​​​ដល់​​​ផ្ទះ​អ្នក​ជិត​ខាង​​ និង​ផ្តល់​​ដំណឹង​​​ដល់​សមត្ថ​កិច្ច​​កង​រាជ​អាវុធ​ហត្ថ​​ភ្លាម​ៗ​​ ​ទើប​ជន​​​សង្ស័យ​​​ត្រូវ​បាន​​ចាប់​ខ្លួន​ ។​

​លោក​អនុ​សេនីយ៍​​ទោ ទិត្យ ​វណ្ណៈ ​បន្ត​ថា ​​​ជន​សង្ស័យ​​​ឈ្មោះ​កែវ គង្គា អាយុ​​១៩​ឆ្នាំ ​មាន​ទី​លំនៅ​​​ភូមិ​​ទី​​៥ ឃុំ​​ត្រែង​ត្រយឹង ​​ស្រុក​ភ្នំ​ស្រួច ​ពុំ​មាន​​មុខ​របរ​​ពិត​ប្រាកដ​​ទេ ​។​​ជន​នេះ​ត្រូវ​​បាន​កំណត់​​ជា​​មុខ​សញ្ញា​​លួច​ទ្រព្យ​សម្បត្តិ​​អ្នក​ភូមិ​​ និង​​តាម​​ផ្សារ​​ ព្រម​ទាំង​​​ជា​មុខ​​​សញ្ញា​​សេពគ្រឿង​ញៀន​​​ផង​ដែរ​ ។ ក្រោយ​​ពី​​ចាប់​ខ្លួន​​ ជន​ឈ្មោះ​កែវ ​គង្គា​​ ត្រូវ​បាន​​​​​បញ្ជូន​ទៅ​​​បញ្ជា​ការ​​​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ ដើម្បី​​បំពេញ​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​​ខេត្ត​​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]